មានរូបថ្មីៗទៀតហើយ! នេះជារូបថតពន្លឺ Infrared នៃភពព្រហស្បតិ៍ (Jupiter) ថតដោយ James Webb

755

(អាមេរិក)៖ តេឡេស្កូបអវកាស James Webb ដែលគ្រប់គ្រងដោយអង្គការ NASA បានចាប់រូបភាពជាលើកដំបូងទៅលើភពព្រហស្បតិ៍ (Jupiter) និងបរិស្ថានជុំវិញភពឧស្ម័នយក្សលេខ ១ ប្រចាំនៅប្រព័ន្ធព្រះអាទិត្យយើងនេះ ដោយការសម្លឹងមើលពន្លឺក្រហមអាំងហ្វ្រា (Infrared Light) របស់វា ហេតុដូច្នេះទើបរូបភាពមានពណ៌រាងក្រហមៗបែបនេះ។

ការថតរូបនេះ គឺមានន័យថា មិនត្រឹមតែមានសមត្ថភាពក្នុងការឆ្លុះមើលបរិស្ថាន នៅក្នុងតំបន់ជ្រៅៗនៃចក្រវាលប៉ុណ្ណោះទេ តែសូម្បីនៅក្នុងប្រព័ន្ធព្រះអាទិត្យខ្លួនឯង ក៏ James Webb អាចអង្កេតយ៉ាងលម្អិតផងដែរ ហើយនេះជាគោលដៅដែលត្រូវបានរៀបចំ តាំងពីយូរណាស់មកហើយ ព្រោះក្រុមអ្នកវិទ្យាសាស្ត្រក៏កំពុងបន្តការស្វែងយល់ អំពីការចាប់កំណើតនៃប្រព័ន្ធព្រះអាទិត្យនេះដែរ។

មានរូបថ្មីៗទៀតហើយ! នេះជារូបថតពន្លឺ Infrared នៃភពព្រហស្បតិ៍ (Jupiter) ថតដោយ James Webb

រូបថតភពព្រហស្បតិ៍ទាំងនេះត្រូវបានផ្តិតយក អំលុងពេលឧបករណ៍គោលទាំង ៤ នៅក្នុងខ្លួន James Webb កំពុងទទួលការតម្រែតម្រង់នៅឡើយ ខណៈការប្រកាសអំពីបេសកកម្មជាផ្លូវការ និងរូបថតពណ៌ធម្មជាតិដំបូងៗ របស់តេឡេស្កូបតម្លៃជិត ១០ពាន់លានដុល្លារនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។

គួរបញ្ជាក់ថា សមត្ថភាពឆ្លុះមើល Infrared Light គឺជាគោលការណ៍ចម្បងរបស់ James Webb ដើម្បីសិក្សាអំពីវត្ថុអវកាស, ភពក្នុងប្រព័ន្ធព្រះអាទិត្យ, ភពក្រៅប្រព័ន្ធព្រះអាទិត្យ, ផ្កាយ, ប្រហោងខ្មៅ, កាឡាក់ស៊ី និងចក្រវាលទាំងមូល។ ហើយសម្រាប់រូបភពព្រហស្បតិ៍ទាំងនេះក៏ដូចគ្នាដែរ, ដោយ James Webb អាចឆ្លុះរក Infrared Light មិនត្រឹមតែទៅលើភពយក្សនោះទេ តែព្រះចន្ទ និងដុំអវកាស ឬខ្សែក្រវាត់ដ៏តូចរបស់វា ក៏គេចមិនផុតដែរ៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា
ប្រភព៖ NASA (Image credit: NASA, ESA, CSA, and B. Holler and J. Stansberry (STScI))

480×240 Banner