នេះជា «បាឡុងទេសចរណ៍អវកាស» ដែលមានតម្លៃសំបុត្រ «រាប់សែនដុល្លារ» (VIDEO)

314

(អាមេរិក)៖ ក្រុមហ៊ុនអវកាសឯកជន Space Perspective នៅសហរដ្ឋអាមេរិក ទើបតែបានបង្ហាញចេញនូវ គំរូផ្នែកខាងក្រៅបន្ថែមទៀត របស់បាឡុងទេសចរណ៍អវកាស ដែលមានឈ្មោះថា នាវាអវកាសណិបទូន (Spaceship Neptune) ដើម្បីបម្រើសេវាដឹកអ្នកទេសចរ ឡើងទៅកម្សាន្តនៅទីអវកាសជុំវិញភពផែនដី។

(Image: Spaceship Neptune, Space Perspective)

ក្រុមហ៊ុនមានមូលដ្ឋាននៅរដ្ឋ Florida ខាងលើនេះ បានធ្វើការបង្ហាញគំរូម៉ូដែលនៃ Spaceship Neptune កាលពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ ដោយពួកគេក៏បានបង្ហើបអំពីតម្លៃសេវាផងដែរ នោះគឺមួយកៅអីតម្លៃ ១២៥,០០០ ដុល្លារសហរដ្ឋអាមេរិក ខណៈមនុស្សចំនួនជិត ៩០០នាក់ហើយ ត្រូវបានគេអះអាងថា បានទិញសំបុត្ររួចរាល់។

(Image: Spaceship Neptune, Space Perspective)

គួរបញ្ជាក់ថា ក្រុមហ៊ុន Space Perspective បាននិងកំពុងធ្វើការកសាង បន្ទប់ (Capsule) របស់បាឡុងទេសចរណ៍អវកាស Spaceship Neptune នៅឯរោងចក្រ Shuttle Landing Facility ដែលមានមូលដ្ឋាននៅក្នុងមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ស្ថិតក្នុងរដ្ឋ Florida Spaceship Neptune នឹងអាចដឹកមនុស្សបាន ៩នាក់ ក្នុងនោះ ៨នាក់ជាអ្នកទេសចរ និងម្នាក់ទៀតជាពីឡុត។

(Image: Spaceship Neptune, Space Perspective)

សម្រាប់ពេលវេលាក្នុងការហោះហើរជាលើកដំបូងនោះ គឺនឹងអាចកើតឡើងនៅឆ្នាំ ២០២៤ ដោយយាន Spaceship Neptune នឹងត្រូវបញ្ជូនឡើងទៅកាន់ទីអវកាសជាមួយបាឡុង ទៅកាន់រយៈកម្ពស់ ៣០,០០០ម៉ែត្រ (៣០គីឡូម៉ែត្រ) ពីផ្ទៃផែនដី។ នៅក្នុងរយៈកម្ពស់នេះ ភ្ញៀវទេសចរអាចកម្សាន្តរីករាយទៅនឹង ស្រទាប់បរិយាកាសនៃភពផែនដី ព្រមទាំងអាចមើលឃើញភាពខ្មៅងងឹត នៃទីអវកាសបានផងដែរ ព្រោះប្រសិនបើជាយន្តហោះធម្មតានោះ គឺអាចឡើងដល់រយៈកម្ពស់ត្រឹម ១០ គីឡូម៉ែត្រប៉ុណ្ណោះ។

នេះជា «បាឡុងទេសចរណ៍អវកាស» ដែលមានតម្លៃសំបុត្រ «រាប់សែនដុល្លារ»…
(Image: Spaceship Neptune, Space Perspective)

យ៉ាងណាក៏ដោយ បើយើងគិតអំពីលក្ខខណ្ឌនៃទំនាញផែនដីនោះ រយៈកម្ពស់ ៣០គីឡូម៉ែត្រខាងលើនេះ មិនត្រូវបានចាត់ទុកជាទីអវកាសនោះឡើយ ព្រោះពួកគេនឹងមិនទទួលបទពិសោធន៍ នៃការថយចុះកម្លាំងទំនាញ ឬបាត់បង់ទម្ងន់នោះឡើយ។ ជាទូទៅ យ៉ាងហោចណាស់ចាប់ពីរយៈកម្ពស់ ១០០គីឡូម៉ែត្រពីផ្ទៃផែនដីឡើងទៅ ទើបមនុស្សអាចត្រូវបានចាត់ទុកថា ឡើងទៅដល់ទីអវកាស និងទទួលអារម្មណ៍នៃការបាត់បង់ទំនាញ៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២)

480×240 Banner