កែវយឺតអវកាស Hubble «ប្រទះឃើញភពពណ៌ខ្មៅងងឹត ដ៏គួរឲ្យព្រឺព្រួចមួយ កំពុងលេបត្របាក់ពន្លឺ ពីផ្កាយរបស់វា» ចម្ងាយ ១,៤០០ឆ្នាំពន្លឺពីផែនដីយើង!
(អាមេរិក)៖ ក្រុមតារាវិទូនៃអង្គការ NASA ដែលកាន់ការលើកែវយឺតអវកាស Hubble Space Telescope បានរកឃើញភពដ៏ខ្មៅងងឹតមួយ នៅប្រព័ន្ធព្រះអាទិត្យផ្សេងពីយើង ដែលភពអេលៀន (Exoplanet) នោះ ទំនងជាកំពុងតែលេបយកពន្លឺ ជាជាងជះពន្លឺទាំងនោះ ត្រឡប់ទៅកាន់លំហទីអវកាសវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Astronomy Now នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។
ការលេបយកពន្លឺខាងលើនេះពីផ្កាយរបស់វា គឺដោយសារតែសមត្ថភាពពិសេសរបស់ ភពមានឈ្មោះថា WASP-12b ក្នុងការបង្ខាំងពន្លឺយ៉ាងហោចណាស់ ៩៤ភាគរយ នៅក្នុងបរិយាកាសរបស់វា។ WASP-12b ស្ថិតក្នុងចំណោមប្រភេទភពឧស្ម័នយក្សដ៏ធំៗមហិមា និងសែនក្តៅ ដែលគោចរយ៉ាងកៀក នឹងផ្កាយមេរបស់វា ហើយទទួលកម្តៅឡើងដល់កម្រិតដ៏ខ្ពស់។
បរិយាកាសរបស់ភពអេលៀននេះ មានសភាពក្តៅខ្លាំង ដោយសីតុណ្ហភាពនៅផ្នែកពេលថ្ងៃរបស់វា អាចឡើងដល់ ២,៥៣៧អង្សាសេឯណោះ ហើយព្រោះតែប្រការនេះ សូម្បីតែម៉ូលេគុលភាគច្រើន មិនអាចមានវត្តមាននៅទីនោះឡើយ។ បន្ថែមពីនេះ ពពកក៏មិនអាចកកើតឡើងបាន ដើម្បីជះពន្លឺត្រឡប់ទៅកាន់អវកាសវិញ តែផ្ទុយទៅវិញពន្លឺទាំងនោះ បានមុជចូលយ៉ាងជ្រៅ ទៅក្នុងបរិយាកាសរបស់ភពនេះ ហើយបំឡែងទៅជាថាមពលកម្តៅ។
គួរបញ្ជាក់ថា ភព WSP-12b ស្ថិតនៅចម្ងាយប្រមាណ ១,៤០០ឆ្នាំ ពន្លឺពីព្រះអាទិត្យរបស់យើង ដែលគោចរជុំវិញផ្កាយ WSP-12 ក្នុងបណ្តុំផ្កាយ Auriga និងត្រូវបានគេប្រទះឃើញជាលើកដំបូងតាំងពីឆ្នាំ២០០៨ មកម្ល៉េះ៕


