ស្មានតែចម្លាក់នៅជញ្ជាំងប្រាសាទ តាមពិតគឺភពព្រហស្បតិ៍…

247

(អាមេរិក)៖ ទាំងអស់នេះ គឺជារូបថតថ្មីៗអំពីបរិយាកាសភពព្រហស្បតិ៍ ផ្តិតបានដោយគ្រឿងយន្តអវកាស Juno របស់អង្គការ NASA ដែលទើបតែត្រូវបានបង្ហាញចេញនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ (ពេលវេលានៅសហរដ្ឋអាមេរិក)។

កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២ Juno បានបន្ទាបខ្លួនទៅកាន់រយៈកម្ពស់ ២៥,១០០ គីឡូម៉ែត្រពីផ្ទៃពពកដ៏ខ្មួលខ្មាញ់នៃភពព្រហស្បតិ៍ និងជាការហោះឆ្វែល (flyby) លើកទី ៤៣ ហើយសម្រាប់គ្រឿងយន្តអវកាសនេះ គិតចាប់តាំងពីវាបានទៅដល់ប្រព័ន្ធ Jupiter កាលពីពាក់កណ្តាលឆ្នាំ ២០១៦។

រូបភាពថ្មីៗលើកនេះ គឺកាន់តែប្លែក និងអស្ចារ្យ ខណៈយើងអាចមើលឃើញទិដ្ឋភាព ផ្ទាំងពពកដ៏ខ្មួលខ្មាញ់ បូករួមទាំងព្យុះនានា ដែលខ្លះអាចកើនដល់រយៈកម្ពស់ ៥០គីឡូម៉ែត្រ និងមុខកាត់ដល់ទៅរាប់រយគីឡូម៉ែត្រឯណោះ។ Juno កំពុងតែបន្តការសិក្សាយ៉ាងសកម្ម ដើម្បីស្វែងយល់អំពីបុគ្គលិកលក្ខណៈ នៃបរិយាកាសភពព្រហស្បតិ៍។

គួរបញ្ជាក់ថា ភពព្រហស្បតិ៍មានរង្វិលខ្ញាញ់លឿន ដោយក្នុងមួយថ្ងៃរបស់វាស្មើតែ ១០ម៉ោងប៉ុណ្ណោះ បើធៀបនឹងភពផែនដី ដែលមួយថ្ងៃមានរហូតដល់ទៅ ២៤ម៉ោង។ ដោយហេតុនេះហើយទើបភពឧស្ម័នយក្សនេះ មានបរិយាកាសកញ្ជ្រោល ដោយគេអាចមើលឃើញ តាមរយៈវត្តមានព្យុះទាំងតូចទាំងធំ ស្ទើរគ្រប់ទីកន្លែងតែម្តង៕

ស្មានតែក្បាច់ចម្លាក់នៅជញ្ជាំងប្រាសាទ តាមពិតគឺភពព្រហស្បតិ៍…

(Image Credits: Kevin Gill/Flickr/CC BY 2.0, NASA/JPL-Caltech/SwRI/MSSS; Image processing by Brian Swift)
ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា
ប្រភព៖ Live Science

480×240 Banner