ភពព្រហស្បតិ៍រំលេចក្នុងរូបភាពថ្មី ថតដោយតេឡេស្កូបអវកាស James Webb

564

(អាមេរិក)៖ តេឡេស្កូបអវកាស James Webb មិនត្រឹមតែមានសមត្ថភាព ក្នុងការផ្តិតយករូបភាពកាឡាក់ស៊ីឆ្ងាយៗ, ផ្កាយច្រើនជំពូក និងបរិស្ថានអវកាសដទៃៗទៀតប៉ុណ្ណោះទេ តែវាក៏អាចងាកមកសិក្សា បរិស្ថាននៅក្នុងប្រព័ន្ធព្រះអាទិត្យយើងបានផងដែរ។ អ្វីដែលជាទីចាប់អារម្មណ៍ មិនអាចត្រូវបានមើលរំលង នោះគឺភពព្រហស្បតិ៍ (Jupiter) ដែលកំពុងបង្កប់អាថ៌កំបាំងជាច្រើន រង់ចាំការបកអក្រាត។

តេឡេស្កូបអវកាស James Webb (Image Credit: NASA)

តាមរយៈរូបភាពថ្មីដែលទើបត្រូវបានបញ្ចេញ កាលពីចុងខែកក្កដា កន្លងទៅថ្មីៗនេះ គេឃើញភពព្រហស្បតិ៍ ក្នុងទម្រង់ប្លែកមិនធ្លាប់មានពីមុនមក នោះគឺពណ៌ស-ខ្មៅ។ ប្រការនេះ គឺដោយសារតែ James Webb បានផ្តិតរូបភាពភពឧស្ម័នយក្សនេះ ជាមួយវត្តមានព្យុះយក្សក្រហម «Great Red Spot» ដែលមានអាយុកាលជាង ៣០០ឆ្នាំ និងស្រទាប់នានានៃបរិយាកាស-ឧស្ម័នភពនេះ ដោយប្រើប្រាស់កាមេរ៉ាចាប់រូបភាព ពន្លឺក្រហមអាំងហ្វ្រាជិត (NIRCam)

ការផ្តិតរូបមួយសន្លឹកនេះ ត្រូវបានចំណាយពេល ១១នាទី និងប្រើប្រាស់តម្រងពណ៌ (filter) ដែលក្រុមអ្នកវិទ្យាសាស្ត្រហៅកាត់ថា F212N។ អ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រ បានសិក្សាកន្លងពិតជាបង្ហាញថា ភពព្រហស្បតិ៍តែងតែបង្ហាញ លក្ខណៈលេចធ្លោជាងគេ ទោះបីជាត្រូវបានសម្លឹងមើលក្នុងទម្រង់បែបណាក៏ដោយ (ទាំងរូបភាពពណ៌ធម្មជាតិ និងរូបភាពជាទម្រង់ពន្លឺ Infrared)

ភពព្រហស្បតិ៍រំលេចក្នុងរូបភាពថ្មី ថតដោយតេឡេស្កូបអវកាស James Webb
រូបភាពភពព្រហស្បតិ៍ថតដោយ James Webb (Image credit: NASA/ESA/CSA/STScI)

គួរបញ្ជាក់ថា រូបភាពថ្មីរបស់ភពព្រហស្បតិ៍ ថតដោយ James Webb នេះ នឹងអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការសិក្សាស្វែងយល់បន្ថែមអំពី បរិយាកាស, បម្រែបម្រួលនៃស្រទាប់ឧស្ម័ន, បាតុភូតខ្យល់បោកបក់ និងពន្លឺ Aurora ដែលតែងកើតមានជារឿយៗ នៅតំបន់ប៉ូលភពព្រហស្បតិ៍នោះ។ មិនត្រឹមតែខ្លួនភពឧស្ម័នយក្សមួយនេះទេ James Webb ក៏នឹងសិក្សាអំពី បរិស្ថានដ៏អាថ៌កំបាំងដូចជា ខ្សែក្រវាត់ (rings) និងព្រះចន្ទតូច-ធំ នៅជុំវិញភពនេះផងដែរ។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រនៅឯវិទ្យាស្ថានតេឡេស្កូបអវកាស (STSI) ស្ថិតនៅក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក ដែលជាអ្នកគ្រប់គ្រងដំណើរការរបស់ James Webb នោះ តេឡេស្កូបអវកាសនេះ នឹងត្រូវបញ្ជាឲ្យអង្កេតព្រះចន្ទភ្នំភ្លើង អាយអូ (Io) របស់ភពព្រហស្បតិ៍ ក៏ដូចជាអាចម៍ផ្កាយដ៏ធំមួយឈ្មោះ Hygeia និងសំណល់នៃបន្ទុះសូពើណូវ៉ា Cassiopeia A សម្រាប់ដើមខែសីហា ឆ្នាំ ២០២២ នេះ៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២)

480×240 Banner