រកឃើញ «រន្ធអាថ៌កំបាំង» នៅបាតសមុទ្រអាត្លង់ទិក ដែលមិនទាន់មានការបកស្រាយ

676

(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញ «រន្ធអាថ៌កំបាំង» ដែលតម្រៀបគ្នាជាជួរយ៉ាងលំដាប់លំដោយបំផុត ស្ថិតនៅបាតសមុទ្រដែលមានជម្រៅ ២.៦ គីឡូម៉ែត្រ ហើយទិដ្ឋភាពមួយនោះ ក៏មិនទាន់មានការបកស្រាយថា ជាអ្វី ឬបណ្តាលមកអ្វីឲ្យប្រាកដនោះដែរ។

(Image Credit: NOAA)

បាតុភូតនៅបាតសមុទ្រខាងលើនេះ ត្រូវបានរកឃើញដោយយានមុជទឹក នៃក្រុមនាវាស្រាវជ្រាវ Okeanos Explorer របស់រដ្ឋបាលអាកាសធាតុ និងមហាសមុទ្រជាតិ (NOAA) នៃសហរដ្ឋអាមេរិក ខណៈដែលពួកគេកំពុងស្រាវជ្រាវតំបន់ Mid-Atlantic Ridge នៅក្នុងមហាសមុទ្រអាត្លង់ទិច ជាតំបន់ដែលភាគច្រើន មិនធ្លាប់ត្រូវបានមនុស្សស្រាវជ្រាវ ហើយក៏សំបូរទៅដោយជួរភ្នំបាតសមុទ្រផងដែរ។

(Image Credit: GEOLOGY)

បើតាមការពិនិត្យមើលភាពជាក់ស្តែង រន្ធជាច្រើនក្នុងរូបភាពមួយនេះ គឺតម្រៀបគ្នាជាបន្ទាត់យ៉ាងត្រង់ល្អ ជាមួយនឹងគម្លាតស្មើៗគ្នា ដែលមានរាងទួលបន្តិច នៅតាមមាត់រន្ធទាំងនោះ។ នេះមិនមែនជាលើកទី ១ ទេ ដែលបាតុភូតបែបនេះត្រូវបានរកឃើញ ដោយកាលពីឆ្នាំ ២០០៤ ក្រុមអ្នកវិទ្យាសាស្ត្រមកពីកងទ័ពជើងទឹកអាមេរិក ក៏បានរកឃើញរន្ធស្រដៀងគ្នានេះផងដែរ នៅបាតសមុទ្រ។

រកឃើញ «រន្ធអាថ៌កំបាំង» នៅបាតសមុទ្រអាត្លង់ទិក ដែលមិនទាន់មានការបកស្រាយ

ក្រុមអ្នកស្រាវជ្រាវរបស់ NOAA បានសរសេរការបកស្រាយជាបឋមមួយ បង្ហោះលើបណ្តាញសង្គម Facebook ថា «វត្តមាននៃរន្ធប្រភេទៗនេះ ក៏ត្រូវបានគេរាយការណ៍ពីមុនមកដែរ ប៉ុន្តែប្រភពដើមរបស់ពួកវា គឺនៅតែស្ថិតក្នុងអាថ៌កំបាំង…។ ខណៈដែលពួកវាមើលទៅ គឺអាចត្រូវបានមនុស្សបង្កើតឡើងទាំងស្រុងនោះ ចំណុចដែលមានដីទួលៗជុំវិញមាត់រន្ធ គឺហាក់បីដូចជារន្ធទាំងនោះ ត្រូវបានជីកដោយ … អ្វីមួយ»

គួរបញ្ជាក់ថា NOAA បង្ហោះរូបរន្ធជាច្រើនខាងលើនេះ មតិរបស់សាធារណជនលើ Facebook បានបង្ហាញពីការគិតរៀងៗខ្លួន ទៅដល់ដើមហេតុមួយចំនួន ដែលអាចបង្កទិដ្ឋភាពបែបនេះឡើង ក្នុងនោះមានដូចជា ការប្រេះស្រទាប់បាតសមុទ្រ ដែលបង្កឡើងដោយឧស្ម័នផុសចេញ, គ្រឿងយន្តរបស់មនុស្ស ដែលជីករកកំនប់, សត្វក្នុងសមុទ្រ, អេលៀន (Alien) និងការចល័តនៃសត្វផ្កាយសមុទ្រ (starfish) ជាដើម

(Image Credit: NOAA)

តែយ៉ាងណា ពាក្យខ្លះត្រឹមជាសន្និដ្ឋានបែបកំប្លែង ដែលគ្មានន័យបែបវិទ្យាសាស្ត្រប៉ុណ្ណោះ។ អាថ៌កំបាំងមិនទាន់ត្រូវបានបកស្រាយ មួយនេះ បានធ្វើឲ្យគេនឹកឃើញដល់តំបន់ស្រដៀងគ្នាមួយ ដែលក្រុមអ្នកស្រាវជ្រាវបាតសមុទ្របានរកឃើញ នៅលើកំពូលភ្នំនៅបាតសមុទ្រមួយក្បែរកោះ Hawaii កាលពីខែឧសភា ឆ្នាំ២០២២ ដែលកាលណោះត្រូវបានគេសន្និដ្ឋានថា បានកកើតឡើងតាមរយៈ បម្រែបម្រួលនៃភ្នំភ្លើងបាតសមុទ្រ។

សម្រាប់បាតុភូតនៅតំបន់ Mid-Atlantic Ridge នោះនឹងត្រូវការឲ្យក្រុមអ្នកស្រាវជ្រាវ បន្តធ្វើការតាមដានរហូតដល់ខែកញ្ញា ឆ្នាំ ២០២២ ដែលជាផ្នែកមួយនៃកម្មវិធី Voyage to the Ridge 2022 expedition, ជាការប្តេជ្ញាធ្វើការស្រាវជ្រាវ និងគូសវាសផែនទី អំពីតំបន់នោះ… ហើយប្រសិនបើក្រុមអ្នកស្រាវជ្រាវជួបសំណាង ពួកគេអាចចាប់បានអ្នកបង្កឲ្យមានរន្ធទាំងនេះឡើង ដោយចៃដន្យផងក៏ថាបាន៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២)

480×240 Banner