HOT NEWS: តេឡេស្កូបអវកាស James Webb ផ្តិតបាន «រូបភាពអស្ចារ្យ» បន្ថែមទៀតហើយ!

855

(អាមេរិក)៖ តេឡេស្កូបអវកាស James Webb ដែលដឹកនាំការផលិត និងគ្រប់គ្រងដោយ អង្គការ NASA ទើបតែបានបញ្ចេញ «រូបថតដ៏អស្ចារ្យ» ថ្មីបន្ថែមទៀតហើយ ដែលជាកាឡាក់ស៊ីដ៏សែនឆ្ងាយមួយមានឈ្មោះថា ខាតវីល (Cartwheel Galaxy) ដោយនៅក្បែរនោះមានកាឡាក់ស៊ីចំនួន ២ទៀត ខណៈនៅ Background របស់វាវិញ គឺពោពេញដោយកាឡាក់ស៊ីតែម្តង។ វាពិតជាមានប្រយោជន៍សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ក្នុងការសិក្សាអំពីការកកើតផ្កាយ និងវត្តមានប្រហោងខ្មៅ ដែលស្ថិតនៅចំកណ្តាលកាឡាក់ស៊ីរាងចម្លែកមួយនេះ។

HOT NEWS: តេឡេស្កូបអវកាស James Webb ផ្តិតបាន «រូបភាពអស្ចារ្យ» បន្ថែមទៀតហើយ!
(Credits: NASA, ESA, CSA, STScI) រូបថតថ្មីនៃកាឡាក់ស៊ី Cartwheel ថតដោយឧបករណ៍ចាប់យកពន្លឺ Infrared ជិត (NIRCam) James Webb

កាឡាក់ស៊ី Cartwheel ត្រូវបានគេអះអាងថា មានចម្ងាយ ៥០០ លានឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដែលអាចសម្លឹងវត្តមានរបស់វានៅត្រង់តារានិករ Sculptor ហើយរូបភាពនៃទិដ្ឋភាពដ៏កម្របែបនេះ អាចកើតមានឡើងទៅរួច គឺព្រោះតែ James Webb បានប្រើប្រាស់កាមេរ៉ាចាប់យកពន្លឺក្រហមអាំងហ្វ្រាជិត (NIRCam) ដែលជាអាវុធដ៏ពិសេសបំផុតរបស់ តេឡេស្កូបអវកាសមានតម្លៃខ្លួនជិត ១០ ពាន់លានដុល្លារអាមេរិកមួយនេះ។

រូបភាពកាឡាក់ស៊ី Cartwheel ដដែល ថតដោយឧបករណ៍ចាប់យកពន្លឺ Infrared កម្រិតមធ្យម (MIRI) របស់ James Webb

កាឡាក់ស៊ី Cartwheel ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា បានកកើតឡើង ដោយសារតែការប៉ះទង្គិចគ្នាដ៏ធំមួយ រវាងកាឡាក់ស៊ីដ៏ធំមួយ ជាមួយកាឡាក់ស៊ីតូចមួយទៀត នៅក្នុងល្បឿនយ៉ាងលឿន ដែលជាហេតុធ្វើឲ្យវាកើតមានវង់ចំនួន នោះគឺវង់ធំមួយ និងវង់តូចមួយ។

រូបភាព Cartwheel ថតដោយ Hubble (Image: NASA/ESA)

ដោយឡែកតេឡេស្កូបអវកាស Chandra ដែលប្រើប្រាស់ការសម្លឹងមើលពន្លឺ X-rays ក៏ធ្លាប់បានផ្តិតរូបភាពកាឡាក់ស៊ី Cartwheel នោះផងដែរ ដោយយើងអាចមើលឃើញបរិស្ថានរបស់វា ពោពេញដោយឧស្ម័នក្តៅពណ៌ស្វាយ លាតសន្ធឹងពេញមួយកាឡាក់ស៊ី ដែលមានអង្កត់ផ្ជិតរហូតដល់ ១៥០,០០០ឆ្នាំពន្លឺ នោះតែម្តង។

រូបភាពកាឡាក់ស៊ី Cartwheel ថតដោយ Chandra

គួរបញ្ជាក់ថា តេឡេស្កូបអវកាសមុនមួយទៀត នោះគឺ Hubble ក៏ធ្លាប់បានផ្តិតរូបភាពកាឡាក់ស៊ី Cartwheel នេះផងដែរ ប៉ុន្តែមិនបានចេញភ្លឺថ្លាដូចជារូបថតរបស់ James Webb នោះឡើយ ប្រការនេះគឺព្រោះតែការប្រើប្រាស់បច្ចេកវិទ្យាខុសគ្នា។ James Webb បានប្រើប្រាស់ការចាប់យកពន្លឺក្រហមអាំងហ្វ្រា (Infrared Light) ដែលភ្នែកមនុស្សមើលមិនឃើញ ចំណែកឯ Hubble វិញបានប្រើប្រាស់ការចាប់រូបភាពទូទៅ ដែលអាចត្រឹមមើលឃើញពពកនៃធូលី និងឧស្ម័ន ព្រមទាំងពន្លឺនៃហ្វូងផ្កាយរបស់ Cartwheel នោះប៉ុណ្ណោះ៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ NASA (ថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២)

480×240 Banner