NASA ចាប់ផ្តើមវិភាគ «សំរាម» លើភពអង្គារ តាមរយៈបេសកកម្ម Perseverance (VIDEO)

1,095

(អាមេរិក)៖ ប្រសិនបើនិយាយអំពីទីឋាននានា នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ ភពព្រះអង្គារ (Mars) គឺស្ថិតនៅកំពូលតារាងហើយ ដែលមានបុគ្គលិកលក្ខណៈ ស្រដៀងនឹងភពផែនដីយើងខ្លះ ហើយអ្វីៗដែលមានស្រាប់នៅទីនោះ ក៏អាចឲ្យមនុស្សលោក ព្យាយាមកែច្នៃបន្តិចម្តងៗ ដើម្បីឈានទៅកសាងមូលដ្ឋានស្នាក់នៅ ឬដែលយើងហៅថា ដាក់អាណានិគមនោះ។

ដំណើរការចុះចតយាន Perseverance លើភពអង្គារ (Image Credit: NASA)

យ៉ាងណាក៏ដោយ ដើម្បីត្រួសត្រាយផ្លូវទៅរកការកសាងមូលដ្ឋានមនុស្ស នៅលើភពអង្គារ និងការសិក្សាអំពីអតីតកាលពិតប្រាកដរបស់ភពក្រហមនោះ ថាធ្លាប់មានជីវិតរស់នៅក្នុងទម្រង់ណាមួយដែ​រ ឬមួយក៏អត់ គឺសុទ្ធសឹងតែជាប្រធានបទ កំពុងត្រូវបានចោទសួរនៅឡើយ។ ដូច្នេះ, បេសកកម្ម Perseverance របស់អង្គការ NASA កំពុងដើរតួជាឧបករណ៍វិទ្យាសាស្ត្រ ដើម្បីស្វែងរកចម្លើយនៃសំនួរនេះ។

យាន Perseverance ថតបានសំរាមលើភពអង្គារ (Image Credit: NASA)

មិនត្រឹមតែការសិក្សាស្វែងរកដាននៃជីវិត នៅក្នុងអតីតបឹងស្តុកទឹកឈ្មោះ Jezero ដែលមានអង្កត់ផ្ចិត ៤៥គីឡូម៉ែត្រ នោះប៉ុណ្ណោះទេ ពេលនេះយានកង់ ៦ មួយនេះ ក៏កំពុងព្យាយាមសិក្សា អំពីទម្រង់នៃកាកសំណល់បេសកកម្ម (សំរាម) ដែលនៅសេសសល់ក្រោយការចុះចត ទៅដល់បាតរណ្តៅ Jezero កាលពីខែកុម្ភៈ ឆ្នាំ២០២១ នោះផងដែរ។ ការសិក្សាលើកដំបូងនេះ មិនមែនទៅលើការសម្អាតសំរាមនោះឡើយ ប៉ុន្តែគឺទៅលើរបៀបដែលវាបែកខ្ទេចខ្ទី ដោយសារតែការចុះចតយាន និងបរិស្ថានលើភពអង្គារផ្ទាល់។

សំរាម (សន្ទះស្តុកឆ័ត្រយោង) នៃយាន Perseverance (Image Credit: NASA)

យាន Perseverance បានផ្តិតរូបភាពគុណភាពខ្ពស់ នៃសំរាមទាំងអស់នោះមានដូចជា សន្ទះស្តុកឆ័តយោង ដែលគ្របពីក្រោយខែលទប់ល្បឿន និងយាន Perseverance, ក្រណាត់ឆ័ត្រយោង, សំណុំខ្សែ និងកាកសំណល់មួយចំនួនទៀត ដែលត្រូវបានបន្សល់ទុកដោយ ការចុះចតយាន Perseverance កាលពីខែកុម្ភៈ ឆ្នាំ២០២១

NASA ចាប់ផ្តើមវិភាគ «សំរាម» លើភពអង្គារ តាមរយៈបេសកកម្ម Perseverance
យាន Perseverance (NASA)

សំរាមសំខាន់ៗបន្សល់ទុកពីការចុះចតយាន Perseverance តាមពិតទៅ គឺស្ថិតនៅឆ្ងាយ និងពិបាកឲ្យយានកង់មួយនេះចល័តទៅរកណាស់។ តែសំណាងល្អ NASA មានកូនឧទ្ធម្ភាគចក្រ Ingenuity ដែលអាចហោះទៅផ្តិតរូបភាព សំរាមទាំងនោះបាន នៅក្នុងគុណភាពខ្ពស់។ ប្រការនេះនឹងអនុញ្ញាតឲ្យក្រុមអ្នកជំនាញលើផែនដី សិក្សាអំពីលទ្ធផលនៃការប៉ះទង្គិច និងបំផ្លិចបំផ្លាញ អំលុងដំណើរការចុះចតបុកបរិយាកាសដ៏ស្តើង នៃភពក្រហមនោះ តាមរយៈទម្រង់នៃការបែកខ្ញែកសំរាមទាំងនោះ។

សំរាមសង្ស័យបន្សល់ទុកដោយការចុះចតយាន Perseverance លើភពអង្គារ (Image Credit: NASA)

គួរបញ្ជាក់ថា ពីមុនមកយានទៀតរបស់ NASA ដូចជា Opportunity និង Curiosity ក៏ធ្លាប់បានថតរូបភាព សំរាមដែលបន្សល់ទុកពីការចុះចត នៃយានទាំងនេះផងដែរ។ អង្គការ NASA បានអះអាងថា មកទល់បច្ចុប្បន្ននេះ ខ្លួនអាចត្រឹមគិតគូរ ទៅលើការចុះចតយាននានា ប្រកបដោយសុវត្ថិភាពនៅលើភពអង្គារប៉ុណ្ណោះ, ប៉ុន្តែទៅថ្ងៃមុខទៀត ក្រុមអ្នកស្រាវជ្រាវនឹងអាចរិះរកវិធី ដើម្បីគ្រប់គ្រងកាកសំណល់ទាំងនោះ ដើម្បីគាំពារបរិស្ថានផងដែរ៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ SPACE / NASA (ថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២)

480×240 Banner