ជារូបភាពផ្កាយ Proxima Centauri ថតដោយ James Webb?

960

(បរទេស)៖ កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ អ្នកវិទ្យាសាស្ត្រដ៏ល្បីឈ្មោះមួយរូបរបស់ប្រទេសបារាំង គឺលោក Étienne Klein បានបង្ហោះរូបភាពមួយសន្លឹក ដែលលោកផ្ទាល់បានអះអាងថា ជារូបភាពផ្កាយ Proxima Centauri ដែលស្ថិតនៅកៀកភពផែនដីយើងបំផុត (៤.២ឆ្នាំពន្លឺ)។

ជារូបភាពផ្កាយ Proxima Centauri ថតដោយ James Webb?
រូបសាច់ក្រកដែលលោក Étienne Klein អះអាងថាជាផ្កាយ Proxima Centauri

ក្រោយការបង្ហោះរូបថតនោះភ្លាមៗ ក្រុមអ្នកតាមដានលោកទាំងអស់ នៅលើបណ្តាញសង្គម Twitter បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងខ្លះទៀតក៏បានចោទជាសំនួរផងដែរ អំពីការពិតនៃរូបភាពដែលលោក Étienne Klein ផ្ទាល់បានអះអាងថា ត្រូវបានថតដោយតេឡេស្កូបអវកាស James Webb ដ៏ល្បីល្បាញរបស់អង្គការ NASA នោះ។

តេឡេស្កូបអវកាស James Webb (NASA)

ការបង្ហោះរបស់លោកតែមួយរយៈខ្លីប៉ុណ្ណោះ បានទទួលការ Like សរុបជាង ១៩,០០០ នាក់ និងចែករំលែក (retweet) ជាង ៣,០០០ ដង។ តែយ៉ាងណា, ក្រោយពីការបង្ហោះនោះបានតែបន្តិចប៉ុណ្ណោះ លោកក៏បានចេញមុខសូមអភ័យទោស ចំពោះ Follower របស់លោកទាំងជាង 600k នាក់ នៅលើ Twitter នោះថា «វាត្រឹមតែជារូបថតសាច់ក្រក (chorizo) ប៉ុណ្ណោះ»

លោក Étienne Klein (រូបភាពពី Twitter)

គួរបញ្ជាក់ថា គិតចាប់តាំងពីការប្រកាសចាប់ផ្តើម ធ្វើប្រតិបត្តិការជាផ្លូវការ លើតេឡេស្កូបអវកាស James Webb កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២ រហូតមកទល់នឹងដើមខែសីហានេះ NASA មិនទាន់បញ្ចេញរូបថតណាមួយ អំពីប្រព័ន្ធផ្កាយ Alpha Centauri ឬសូម្បីតែផ្កាយ Proxima Centauri នោះឡើយ។

រូបភាពបង្កើតឡើងដោយកុំព្យូទ័រអំពីផ្កាយ Proxima Centauri និងភព Proxima B (NASA)

ផ្កាយ Proxima Centauri តែងតែជាប្រធានបទក្តៅ សម្រាប់ក្រុមអ្នកនិយមតាមដាន វិស័យអវកាស និងវិទ្យាសាស្ត្រ ពីព្រោះតែនៅទីនោះមានភពមួយ ដែលគេសង្ស័យថា អាចកំពុងលាក់ជីវិតអេលៀន (Alien) នោះគឺភព Proxima B។ ទោះបីជាភព Proxima B ស្ថិតក្នុងតំបន់ Habitable Zone (តំបន់អំណោយផលដល់ការកកើតជីវិត) ស្រដៀងនឹងភពផែនដីក៏ពិតមែន តែចលនាកញ្ជ្រោលខ្លាំង និងធាតុវិទ្យុសកម្ម នៃផ្កាយ Proxima Centauri នោះ នឹងមិនអាចឲ្យជីវិតណាស៊ូទ្រាំនឹង បរិស្ថានមរណៈបែបនោះបានឡើយ៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២)

480×240 Banner