ភពទារកមួយអាចកំពុងលេចរូបរាង និងជាឱកាសល្អដល់ការសម្លឹងរក ព្រះចន្ទកំពុងចាប់កំណើត

348

(បរទេស)៖ បណ្តាញតេឡេស្កូបនៅលើផ្ទៃផែនដី ទំនងបានសម្លឹងមើលឃើញបេក្ខភាពភពទារកមួយ ដែលជាប្រភេទភពឧស្ម័នយក្ស កំពុងតែប្រមូលផ្តុំរូបរាងនៅឡើយ ស្ថិតនៅចម្ងាយរាប់រយឆ្នាំពន្លឺពីភពផែនដី និងជាឧទាហរណ៍ដ៏ល្អប្រសើរ ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការស្វែងយល់ អំពីការកកើតនៃព្រះចន្ទនានា នៅក្នុងប្រព័ន្ធផ្កាយដ៏ក្មេងខ្ចីនោះផងដែរ។

ភពទារកមួយអាចកំពុងលេចរូបរាង និងជាឱកាសល្អដល់ការសម្លឹងរក ព្រះចន្ទកំពុងចាប់កំណើត
រូបតំណាងភពឧស្ម័នយក្សវ័យក្មេងកំពុងកកើត (Image Credit: NASA)

ភព exoplanet ទើបមានវ័យក្មេងខ្ចី ដែលស្ថិតក្នុងការអង្កេតខាងលើនេះ កំពុងគោចរនៅជុំវិញផ្កាយមួយដួងឈ្មោះ AS 209 ស្ថិតនៅចម្ងាយ ៣៩៥ ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ ពីដំបូងឡើយ ក្រុមអ្នកវិទ្យាសាស្ត្រមិនមានការសង្ស័យទេថា ប្រព័ន្ធផ្កាយនោះអាចមានភពគោចរជុំវិញ ប៉ុន្តែក្រោយការអង្កេតដោយ ប្រើប្រាស់បណ្តាញតេឡេស្កូប ALMA ពួកគេក៏បានប្រទះឃើញទម្រង់នៃការជះពន្លឺ ចេញពីតំបន់បន្ទះឌីសធូលី និងឧស្ម័នជុំវិញផ្កាយ AS 209 នោះតែម្តង។

បណ្តាញតេឡេស្កូប ALMA (Image Credit: ESO)

ទោះបីជាមិនទាន់ត្រូវបានទទួលស្គាល់ និងកត់ចូលបញ្ជីជាផ្លូវការពិតមែន ក៏ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យរដ្ឋ Florida សហរដ្ឋអាមេរិក មានការជឿជាក់ និងចាត់ទុកថា នេះជាឱកាសល្អបំផុតសម្រាប់មនុស្សលោកយើង ធ្វើការតាមដានភពឧស្ម័នយក្ស មានម៉ាស់ប្រហាក់ប្រហែលនឹង ភពព្រហស្បតិ៍ (Jupiter) របស់យើងមួយនេះ ដែលកំពុងចាប់កំណើតនៅប្រព័ន្ធផ្កាយផ្សេង។

ចម្ងាយរបស់ភពទារកខាងលើនេះពីផ្កាយ AS 209 គឺស្មើនឹងចម្ងាយរវាងព្រះអាទិត្យ និងផែនដី (១៥០លានគីឡូម៉ែត្រ) គុណនឹង ២០០ដង ដូច្នេះវានឹងកាន់តែអំណោយផល ដល់ក្រុមតារាវិទូក្នុងការអង្កេតសិក្សា និងជាពិសេសគឺទៅលើការកកើតព្រះច័ន្ទនានា ដែលអាចមាននៅជុំវិញភពនោះ ព្រោះជាធម្មតានៅពេលភពក្មេងៗ កំពុងចាប់កំណើត ពួកវាតែងតែមានបន្ទះឌីសធូលី និងឧស្ម័នព័ទ្ធជុំវិញ ដោយកម្ទេចកម្ទីខ្លះត្រូវបានភពស្រូបចូល ដើម្បីបង្កើនម៉ាស់ និងមាឌ ហើយខ្លះទៀតបានប្រមូលផ្តុំគ្នាកកើតជាព្រះចន្ទ ដែលនៅគោចរជុំវិញភពមេរបស់ពួកវាតែម្តង។

ALMA ប្រទះឃើញទម្រង់នៃការជះពន្លឺ ចេញពីតំបន់បន្ទះឌីសធូលី និងឧស្ម័នជុំវិញផ្កាយ AS 209

ហេតុដែលបេក្ខភាពភពទារកខាងលើនេះ បានក្លាយជាទីចាប់អារម្មណ៍បំផុត សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រនោះ ព្រោះតែកន្លងមកពួកគេមិនគិតថា បន្ទះឌីសធូលី និងឧស្ម័ននៅជុំវិញផ្កាយ AS 209 អាចអនុញ្ញាតឲ្យភពកកើតឡើងនោះឡើយ។ ប្រការនេះបាននាំពួកគេសង្ស័យថា អាចមានបាតុភាពណាមួយ ជាអ្នកជួយជំរុញឲ្យមានចលនាប្រមូលផ្តុំ ដើម្បីបង្កើតចេញជាភពឧស្ម័នយក្សនៅទីនោះ ជាក់ជាមិនខាន។

រូបតំណាងភព PDS 70c និងព្រះចន្ទរបស់កំពុងកកើត (Image Credit: ESO)

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រក៏ធ្លាប់បានអង្កេត ទិដ្ឋភាពស្រដៀងគ្នានេះផងដែរ នោះគឺទៅលើប្រព័ន្ធផ្កាយ PDS 70 កាលពីឆ្នាំំ ២០១៩ ហើយតាមរយៈតេឡេស្កូប ALMA កាលណោះពួកគេមិនត្រឹមតែបានរកឃើញ ភព PDS 70c ដែលកំពុងគោចរជុំវិញផ្កាយ PDS 70 ប៉ុណ្ណោះទេ តែថែមទាំងបានរកឃើញព្រះចន្ទកំពុងចាប់កំណើត នៅក្នុងបន្ទះឌីសធូលី និងឧស្ម័ននៅជុំវិញភព PDS 70c នោះផងដែរ ដោយលទ្ធផលនេះត្រូវបានប្រកាសជាផ្លូវការ កាលពីឆ្នាំ ២០២១៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២)

480×240 Banner