យល់ដឹង៖ ក្នុងចំណោម Exoplanet រាប់ពាន់ James Webb នឹងរើសយកខ្លះដើម្បីអង្កេត «៣ដំណាក់កាល» ឲ្យស៊ីជម្រៅ

170

(បរទេស)៖ អង្គការ NASA នៃសហរដ្ឋអាមេរិក កំពុងតែព្យាយាមជ្រើសរើស ភពនៅប្រព័ន្ធផ្កាយមួយចំនួន ក្នុងចំណោមភព Exoplanets សរុបជាង ៥,០០០ភព ដែលត្រូវបានរកឃើញក្នុងកាឡាក់ស៊ី Milky Way និងចុះបញ្ជីជាផ្លូវការ នាប៉ុន្មានទសវត្សរ៍មកនេះ ដើម្បីឲ្យតេឡេស្កូបអវកាស James Webb ឆ្លុះមើលបុគ្គលិកលក្ខណៈលម្អិត នៃភពជាជម្រើសពិសេសៗជាងគេទាំងនោះ។

សមត្ថភាពនៃតេឡេស្កូបអវកាស James Webb គឺការសម្លឹងមើលអតីតកាលនៃផ្កាយ ភព និងកាឡាក់ស៊ី តាមរយៈពន្លឺក្រហមអាំងហ្វ្រា (Infrared Light) ហើយតាមរយៈការសម្លឹងមើលភព Exoplanets ទាំងនោះ ក្រុមអ្នកវិទ្យាសាស្ត្រនឹងអាចវិភាគដឹង អំពីដំណើរពិតប្រាកដនៃការចាប់កំណើត, ការរីកធំធាត់ និងការរលំរលាយរបស់ពួកវាទៅវិញ ខណៈបញ្ហាទាំងនេះ នៅតែកំពុងស្ថិតក្នុងការជជែកដេញដោលគ្នានៅឡើយ។

តេឡេស្កូបអវកាស James Webb (NASA)

តេឡេស្កូបអវកាស James Webb ដែលកំពុងស្ថិតនៅគន្លងគោចរ L2 ចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដី នឹងធ្វើការឆ្លុះមើលបរិយាកាសភព Exoplanets ទាំងនោះ និងប្រើប្រាស់់ការសិក្សាចំនួន ៣ ដំណាក់កាល ដើម្បីយល់ដឹងអំពីធាតុផ្សំរបស់បរិយាកាសពួកវា។ James Webb នឹងផ្តល់ឲ្យយើងនូវរូបភាព និងព័ត៌មានប្រសើរជាងមុន អំពីភពទាំងអស់នោះ ជាពិសេសទៅលើពពួកភពតូចៗ (Small Planets), ភពថ្ម (Rocky Planets) និងភពដែលស្ថិតក្នុងតំបន់អំណោយផល ដល់ការកកើតជីវិត (Habitable Zone) ថាតើមានធាតុផ្សំអ្វីខ្លះ នៅក្នុងបរិយាកាសរបស់ពួកវា។

ក្រុមអ្នកគ្រប់គ្រងតេឡេស្កូបអវកាស James Webb បានអះអាងថា កន្លងមកយើងបានដឹងត្រឹម ម៉ាស់ ឬទំហំ និងវត្តមានរបស់ភពទាំងអស់នោះប៉ុណ្ណោះ ប៉ុន្តែកញ្ចក់ឆ្លុះរបស់តេឡេស្កូបអវកាសនេះ នឹងអាចផ្តល់ការយល់ដឹងដល់យើង នូវធាតុផ្សំនៃបរិយាកាសរបស់ Exoplanets ទាំងនោះបាន។ រឿងងាយយល់ប៉ុណ្ណោះ, ភពណាដែលមានធាតុផ្សំក្នុងបរិយាកាស ស្រដៀង ឬដូចនឹងភពផែនដីយើងតែម្តងនោះ គឺនឹងអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ឈានទៅសន្មត់ថា ភពនោះអាចទ្រទ្រង់ជីវិតបាន។ (James Webb មិនមែនជាតេឡេស្កូបដ៏មហាអស្ចារ្យ ដែលអាចឆ្លុះឃើញជីវិតលើភពដទៃ ស្តែងៗតែម្តងនោះឡើយ)

១៖ ការសម្លឹងមើលភពទើបចាប់កំណើត ឬភពមានវ័យក្មេងៗ

សំនួរដ៏ធំមួយពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រនោះគឺ៖ តើភពនានាកកើតឡើងដូចម្តេច? ជុំវិញបញ្ហានេះ James Webb មានអាវុធពិសេសមួយ នោះគឺឧបករណ៍ចាប់យកពន្លឺ Infrared កម្រិតមធ្យម (Mid-Infrared Instrument ឬ MIRI) ដែលអាចសម្លឹងមើលទៅលើ បន្ទះឌីសធូលី និងឧស្ម័ន ដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយ ដែលភពទាំងនោះកំពុងតាំងនៅ។

ត្រង់ចំណុចខាងលើនេះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងងឿងឆ្ងល់ថា តើបន្ទះឌីសធូលី និងឧស្ម័ននៅក្នុងប្រព័ន្ធផ្កាយនានា ក៏ដូចជានៅក្នុងប្រព័ន្ធព្រះអាទិត្យយើង (ដូចជា តំបន់ Asteroid Belt និង Kuiper Belt) អាចកើតមានឡើងយ៉ាងដូច្នោះ? ក្រុមអ្នកវិទ្យាសាស្ត្រនឹងប្រើប្រាស់ James Webb ពិនិត្យមើលប្រព័ន្ធផ្កាយ ដែលមានភពក្មេងៗទើបកកើតឡើង ដើម្បីពន្យល់អំពីទិដ្ឋភាពទាំងនេះ។

បន្ថែមពីខាងលើនេះ ការប្រើប្រាស់ឧបករណ៍ផ្តិតរូបភាពនៃពន្លឺក្រហមអាំងហ្វ្រាជិត (Near InfraRed Spectrograph ឬ NIRSpec ឬ NIRCam) ក្រុមអ្នកវិទ្យាសាស្ត្រអាចបម្លែងពណ៌នៃពន្លឺ ចេញពីស្រទាប់បរិយាកាសនៃភព Exoplanets ដែលជាគោលដៅទាំងនោះបាន ដើម្បីវិភាពរកមើលសារធាតុផ្សំ មិនខុសពីអ្វីដែល James Webb ធ្លាប់បានធ្វើចំពោះភព WASP-96 b នោះឡើយ។

ប្រព័ន្ធផ្កាយកំពុងមានភពចាប់កំណើត (Image Credit: NASA)

២៖ ការសម្លឹងមើលពពួកភពវ័យកណ្តាល ទាំងធំៗ និងតូចៗ

ពពួកភពដែលបានវិវឌ្ឍឈានចូលដល់ វ័យកណ្តាលបែបនោះ នឹងអាចជួយពន្យល់យើង ចំពោះអត្តចរិតនៃភពនានានៅក្នុងប្រព័ន្ធយើងនេះវិញ (ភពទាំង ៨ របស់ប្រព័ន្ធយើង ក៏ស្ថិតនៅក្នុងវ័យកណ្តាលផងដែរ) ថាតើជារឿងធម្មតា ឬមួយជារឿងកម្រ។

ក្រុមការងារគ្រប់គ្រង James Webb កំពុងត្រៀមឆ្លុះមើលភពយក្សក្តៅ (hot Jupiter) មួយដែលមានឈ្មោះថា HD 189733 b ដែលត្រូវបានរកឃើញ និងអង្កេតដោយ តេឡេស្កូបអវកាសមុនៗ។ ភព HD 189733 b មានទំហំធំជាងភពព្រហស្បតិ៍យើងបន្តិច ប៉ុន្តែវាគោចរក្នុងល្បឿនលឿនជាទីបំផុត ជុំវិញផ្កាយមេរបស់វា នោះគឺ ១ឆ្នាំ ស្មើតែ ២ថ្ងៃប៉ុណ្ណោះ នៃពេលវេលាលើផែនដី។

NASA ក៏នឹងប្រើប្រាស់ James Webb ឆ្លុះមើលប្រព័ន្ធផ្កាយវ័យកណ្តាលមួយទៀតផងដែរ នោះគឺ TRAPPIST-1 ដែលស្ថិតនៅចម្ងាយជាង ៤០ឆ្នាំពន្លឺពីភពផែនដី ព្រោះភពទាំង នៅក្នុងប្រព័ន្ធនោះ មាន ស្ថិតនៅក្នុងតំបន់ Habitable Zone ហើយ ក្នុងចំណោម នោះ (TRAPPIST-1 e) ទំនងជាមានលទ្ធភាពខ្ពស់ជាងគេ ក្នុងការទ្រទ្រង់ជីវិត។ ឧបករណ៍ NIRSpec នឹងអាចឆ្លុះមើលបរិយាកាសភពទាំងនោះ ហើយយល់ដឹងអំពីធាតុផ្សំរបស់ពួកវា។

យល់ដឹង៖ ក្នុងចំណោម Exoplanet រាប់ពាន់ James Webb នឹងរើសយកខ្លះដើម្បីអង្កេត «៣ដំណាក់កាល» ឲ្យស៊ីជម្រៅ
ប្រព័ន្ធផ្កាយ Trappist-1 (Image Credit: NASA)

៣៖ ការសម្លឹងមើលពពួកផ្កាយវ័យចំណាស់ ឬជិតស្លាប់

ការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺទំនងជាភពមួយ ដែលគោចរជុំវិញផ្កាយពណ៌ស (ជាផ្កាយនៅសល់រូបរាងក្រោយការផ្ទុះ)។ ឧបករណ៍ NIRSpec របស់ James Webb នឹងឆ្លុះមើលសញ្ញានៃបរិយាកាសរបស់ភពមួយ មានទំហំប៉ុនភពព្រហស្បតិ៍ (Jupiter) របស់យើង ដើម្បីបកស្រាយចម្ងល់ជាច្រើន អំពីការរក្សារូបរាងរបស់វា ក្រោយពីបានឆ្លងកាត់មហន្តរាយដ៏អាក្រក់បំផុតនោះ។

ជាច្រើនឆ្នាំមកនេះ ក្រុមតារាវិទូអន្តរជាតិបានព្យាយាមស្វែងរក ភពស្ថិតនៅក្នុងតំបន់ Habitable Zone នៃពពួកផ្កាយពណ៌សទំហំតូចៗ (White Dwarfs) ខណៈប្រព័ន្ធផ្កាយប្រភេទនោះ ត្រូវបានគេចាត់ទុកថា ជាប្រព័ន្ធស្លាប់រួចទៅហើយ។ ក្រុមការងារគ្រប់គ្រង និងសិក្សាដោយប្រើប្រាស់ James Webb សន្យាថា នឹងធ្វើការសិក្សាឡើងវិញម្តងទៀត អំពីរបៀបនៃការចាប់កំណើតរបស់ភព Exoplanets រហូតដល់ពួកវាស្លាប់ ហើយនិងការចាប់កំណើតឡើងវិញរបស់ពួកវាផងដែរ។

(Image Credit: NASA)

គួរបញ្ជាក់ថា អង្គការ NASA និងដៃគូពាក់ព័ន្ធ នឹងធ្វើការបោះជំហាន ដើម្បីស្វែងយល់ឲ្យស៊ីជម្រៅតែម្តងចំពោះភព Exoplanets ទាំងនោះ ដោយមិនមែនយកតែភពមួយទៅភពមួយ ហើយធ្វើការសន្និដ្ឋានជារួមនោះឡើយ ប៉ុន្តែគឺទៅលើភពទាំងអស់ ប្រកបដោយលក្ខណៈពេញលេញ។ James Webb នឹងជួយរឿងនេះឲ្យបាន ហើយបើកទំព័រសករាជថ្មីយ៉ាងពិតប្រាកដ នៃវិស័យវិទ្យាសាស្ត្រភព Exoplanets

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ NASA (ថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២)

480×240 Banner