ប្លែកភ្នែក! តេឡេស្កូបអវកាស James Webb ថតបានពន្លឺ Aurora លើប៉ូលភពព្រហស្បតិ៍ (VIDEO)

1,225

(អាមេរិក)៖ តេឡេស្កូបអវកាស James Webb ដែលកំពុងគ្រប់គ្រងដោយអង្គការ NASA (អាមេរិក), ESA (អឺរ៉ុប) និង CSA (កាណាដា) ទើបតែបានបញ្ចេញរូបថតថ្មីៗបន្ថែមទៀត អំពីភពព្រហស្បតិ៍ (Jupiter) ដ៏ធំអស្ចារ្យប្រចាំប្រព័ន្ធព្រះអាទិត្យយើង។

(Image Credit: NASA, ESA, CSA)

រូបភាពថ្មីៗ ២សន្លឹកនេះ គឺត្រូវបានថតដោយ ឧបករណ៍កាមេរ៉ាផ្តិតយក ពន្លឺក្រហមអាំងហ្វ្រាជិត (NIRCam instrument) តាំងតែពីចុងខែកក្កដា ឆ្នាំ ២០២២ មកម្ល៉េះ ប៉ុន្តែទើបតែត្រូវបានបញ្ចេញជាសាធារណៈ នៅថ្ងៃទី២២ ខែសីហានេះ។ ក្រុមអ្នកវិទ្យាសាស្ត្រនឹងអាចស្វែងយល់ អំពីបរិស្ថានផ្ទៃក្នុងបន្ថែមទៀត នៃភពព្រហស្បតិ៍ តាមរយៈរូបភាពថ្មីទាំងនេះ។

ប្លែកភ្នែក! តេឡេស្កូបអវកាស James Webb ថតបានពន្លឺ Aurora លើប៉ូលភពព្រហស្បតិ៍ (មានរូបភាព)
(Image Credit: NASA, ESA, CSA)

រូបភាពថ្មីៗនេះ អាចឲ្យយើងឃើញពន្លឺក្រហមអាំងហ្វ្រា (Infrared Light) បញ្ចេញដោយបរិស្ថានដ៏កញ្ជ្រោលជុំវិញតួខ្លួននៃភពព្រហស្បតិ៍ (ភ្នែកមនុស្ស និងកាមេរ៉ាធម្មតាមិនអាចមើលឃើញ) ហើយអ្វីដែលពិសេសបំផុតនោះគឺពន្លឺ អូរ៉ូរ៉ា (Aurora) ដែលស្ថិតនៅប៉ូលខាងជើង និងខាងត្បូងភពព្រហស្បតិ៍នោះតែម្តង។

(Image Credit: NASA, ESA, CSA)

បន្ថែមពីលើពន្លឺ Aurora នោះ យើងក៏អាចមើលឃើញវត្តមានព្យុះយក្សក្រហម Great Red Spot និងភាពខ្មួលខ្មាញ់នៃស្រទាប់លើ ដែលបង្ហាញអំពីបរិយាកាសដ៏ពុះកញ្ជ្រោល នៃភពឧស្ម័នយក្ស Jupiter មួយនេះ។ តែយ៉ាងណា ព្រះចន្ទយក្សទាំង ៤ នៃភពព្រហស្បតិ៍ មិនបានបង្ហាញវត្តមានក្នុងរូបភាពថ្មីៗនេះឡើយ ដោយយើងឃើញមានតែព្រះចន្ទតូចៗ ដូចជា Amalthea និង Adrastea ក៏ដូចជាស្រមោលនៃខ្សែក្រវាត់ (Rings) ជុំវិញភពព្រហស្បតិ៍ប៉ុណ្ណោះ៕

តេឡេស្កូបអវកាស James Webb

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA/ESA/CSA (ថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២)

480×240 Banner