NASA អញ្ជើញគ្រប់គ្នារង់ចាំតាមដាន ការធ្វើតេស្តបុកអាចម៍ផ្កាយ (DART) នៅចុងខែកញ្ញា ឆ្នាំ២០២២
(អាមេរិក)៖ បេសកកម្ម Double Asteroid Redirection Test ឬហៅយ៉ាងខ្លីថា ដាត (DART) របស់អង្គការ NASA នឹងក្លាយជាការធ្វើតេស្តបច្ចេកវិទ្យា ដំបូងបំផុតរបស់ពិភពលោក នៅក្នុងកិច្ចការពារភពផែនដីយើងនេះ ប្រឆាំងនឹងអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយ ដែលអាចបង្កគ្រោះមហន្តរាយធំធេង។ អង្គការ NASA បានប្រកាសអញ្ជើញក្រុមអ្នកសារព័ត៌មាន និងមហាជនទាំងអស់ រង់ចាំតាមដាន និងផ្តិតយកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

យានបំពេញបេសកកម្ម DART នឹងទៅដល់អាចម៍ផ្កាយភ្លោះ ហើយបុកអាចម៍ផ្កាយមួយក្នុងចំណោម ២ នោះ ដើម្បីបង្វែទិសដៅរបស់ពួកវា នៅវេលាម៉ោង ៧៖១៤នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅសហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង ៦៖១៤នាទីព្រឹកថ្ងៃទី២៧ ខែកញ្ញា (ម៉ោងនៅទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា)។

អង្គការ NASA នឹងចាប់ផ្តើមធ្វើការ Live ផ្ទាល់តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ខ្លួន ចាប់ពីវេលាម៉ោង ៦៖០០នាទីល្ងាច ថ្ងៃទី២៦ ខែកញ្ញា (ម៉ោងសហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង ៥៖០០នាទី ព្រឹកព្រហាមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅទីក្រុងភ្នំពេញ)។ ការបញ្ជា និងគ្រប់គ្រងបេសកកម្ម DART ទាំងមូលនឹងត្រូវធ្វើឡើងចេញពីមន្ទីរពិសោធន៍ APL នៃសាកលវិទ្យាល័យ Johns Hopkins ស្ថិតក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក។ ទស្សនាវីដេអូកាលពីការបាញ់បញ្ជូន DART នៅឆ្នាំ២០២១៖
នៅក្នុងថ្ងៃនោះ, យាន DART នឹងហោះក្នុងល្បឿន ៦.៦គីឡូម៉ែត្រក្នុងមួយវិនាទី ទៅបុកឲ្យចំអាចម៍ផ្កាយឈ្មោះ ឌីម័រហ្វូស (Dimorphos) ជាគោលដៅ ដើម្បីបង្វែទិសដៅអាចម៍ផ្កាយនោះ ឲ្យងាករេចេញពីគន្លង ដែលក្រុមអ្នកវិទ្យាសាស្ត្រសន្មត់ថា អាចបង្កគ្រោះមហន្តរាយដល់ភពផែនដី។ បច្ចេកវិទ្យា និងកាមេរ៉ាបំពាក់លើយាន DART នឹងផ្តិតយកព័ត៌មានសំខាន់ៗ រួចបាញ់បញ្ជូនមកក្រុមការងារលើភពផែនដីវិញ មុននឹងវាត្រូវបូជារូបរាងកាយ ជាមួយអាចម៍ផ្កាយ Dimorphos ដែលនឹងមានចម្ងាយ ១១លានគីឡូម៉ែត្រពីភពផែនដី។

គួរបញ្ជាក់ថា ក្រៅពីអង្គការ NASA នៃសហរដ្ឋអាមេរិកនោះ អង្គការអវកាសអឺរ៉ុប ESA និងរដ្ឋបាលអវកាសជាតិចិន (CNSA) ក៏ត្រូវបានគេដឹងថា កំពុងអភិវឌ្ឍបច្ចេកវិទ្យា បង្វែទិសដៅ ឬកម្ទេចអាចម៍ផ្កាយ ដែលមានទិសដៅមកភពផែនដីនោះផងដែរ ប៉ុន្តែសម្រាប់ពេលនេះ គឺសហរដ្ឋអាមេរិកជាប្រទេសដំបូង ដែលកំពុងឈានទៅធ្វើតេស្តជាក់ស្តែង ឲ្យពិភពលោកបានឃើញ៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NASA (ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២)
