HOT NEWS: តេឡេស្កូប James Webb ទើបអង្កេតភពមួយទៀតចម្ងាយ ៧០០ឆ្នាំពន្លឺពីផែនដី, រកឃើញ CO2! (VIDEO)

839

(អាមេរិក)៖ តេឡេស្កូបអវកាស James Webb ដែលកំពុងស្ថិតនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី ទើបតែបានអង្កេតភព exoplanet ថ្មីមួយទៀតមានឈ្មោះថា WASP-39b គោចរជុំវិញតារាមួយដួង ដែលស្រដៀងនឹងព្រះអាទិត្យយើង និងស្ថិតនៅចម្ងាយ ៧០០ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ពីភពផែនដី

HOT NEWS: តេឡេស្កូប James Webb ទើបអង្កេតភពមួយទៀតចម្ងាយ ៧០០ឆ្នាំពន្លឺពីផែនដី និងរកឃើញឧស្ម័នពុល!
រូបគំរូនៃភព WASP-39b (James Webb’s Mission)

បើតាមក្រុមការងារគ្រប់គ្រង James Webb ដឹកនាំដោយអង្គការ NASA, ESA និង CSA បានឲ្យដឹងថា WASP-39b គឺជាប្រភេទភពឧស្ម័នយក្ស (Gas Giant) ហើយវាត្រូវបានរកឃើញ និងអង្កេតបឋម ដោយតេឡេស្កូបអវកាសមុនៗរួចមកហើយ ប៉ុន្តែការអង្កេតដោយ James Webb ពេលនេះ គឺស្ថិតក្នុងលក្ខណៈច្បាស់លាស់ និងលម្អិតជាលើកដំបូងបំផុត។

ការវិភាគរកសារធាតុនានា នៅក្នុងបរិយាកាសភព WASP-39b (James Webb’s Mission)

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ James Webb បានរកឃើញវត្តមានឧស្ម័នកាបូនឌីអុកស៊ីត (Carbon Dioxide) ដែលជាឧស្ម័នពុល នៅក្នុងបរិយាកាសរបស់ WASP-39b នោះ។ ក្រុមអ្នកវិទ្យាសាស្ត្រដែលកំពុងគ្រប់គ្រង James Webb ក៏បានបង្កើតរូបភាពគំរូនៃភព WASP-39b នោះផងដែរ ដោយស្របទៅនឹងព័ត៌មានលម្អិត ដែលទទួលបានជាក់ស្តែង។

តេឡេស្កូបអវកាស James Webb (Image Credit: NASA, ESA, CSA)

WASP-39 b មានអង្កត់ផ្ចិតធំជាងអង្កត់ផ្ចិតភពព្រហស្បតិ៍ (Jupiter) របស់យើងរហូតដល់ទី ១.៣ដង ខណៈការសិក្សាអំពីធាតុផ្សំ នៅក្នុងបរិយាកាសរបស់វា ហើយរកឃើញឧស្ម័នពុល កាបូឌីអុកស៊ីត ជាលើកដំបូងនេះ នឹងក្លាយជាជំហ៊ានមួយដ៏សំខាន់សម្រាប់ឲ្យអង្គការ NASA និងដៃគូពាក់ព័ន្ធ ឈានទៅសិក្សាបន្ថែមទៀត អំពីបរិយាកាសនៃពពួកភពថ្មតូចៗ (Rocky Planets) ដែលស្ថិតក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ដូចភពផែនដី។

ទោះបីជាមានទំហំធំ និងមានឈ្មោះជា Gas Giant ពិតមែន ក៏ភព WASP-39 b ស្ថិតនៅកៀកផ្កាយមេរបស់វា (ផ្កាយ WASP-39) ខ្លាំង ដោយស្មើតែ ១/៨ ប៉ុណ្ណោះ នៃគម្លាតរវាងភពពុធ (Mercury) និងព្រះអាទិត្យយើង។ ហេតុដូច្នេះទើបនៅក្នុងបរិយាកាស នៃភពឧស្ម័នយក្សក្តៅ ដែលត្រូវបានរកឃើញដំបូងកាលពីឆ្នាំ ២០១១ មួយនេះ មានសីតុណ្ហភាពរហូតដល់ទៅ ៩០០អង្សាសេ

បើតាមការអះអាងពីក្រុមអ្នកវិទ្យាសាស្ត្រ ការរកឃើញវត្តមានកាបូនឌីអុកស៊ីត ក្នុងបរិយាកាសភព WASP-39b គឺជាលទ្ធផលជាក់ច្បាស់ មិនអាចប្រកែកបានឡើយ ព្រោះ James Webb បានប្រើប្រាស់ឧបករណ៍បម្លែងពណ៌នៃពន្លឺក្រហមអាំងហ្វ្រាជិត (Near-Infrared Spectrograph ឬ NIRSpec)។ ឧបករណ៍ NIRSpec បានគណនាពណ៌នៃពន្លឺ នៅក្នុងបរិយាកាសភពនោះ នៅពេលវាត្រូវជាមួយនឹងពន្លឺផ្កាយរបស់វា ហើយជាលទ្ធផលបានបង្ហាញច្បាស់ ទៅកាន់ក្រុមអ្នកវិទ្យាសាស្ត្រថា ក្នុងបរិយាកាសវាមាន កាបូនឌីអុកស៊ីត

ការវិភាគរកសារធាតុនានា នៅក្នុងបរិយាកាសភព WASP-39b (James Webb’s Mission)

គួរបញ្ជាក់ថា ពីមុនមកមិនធ្លាប់មាន ការអង្កេតដំណើរបម្លែងពណ៌នៃពន្លឺ នៅក្នុងបរិយាកាសភពនៅក្នុងប្រព័ន្ធផ្កាយដទៃ នៅក្នុងលក្ខណៈស៊ីជម្រៅបែបនេះឡើយ។ ការសម្លឹងមើលដោយផ្នែកៗ ទៅលើវិសាលគមពណ៌នៃពន្លឺ (spectrum) ដែលឧបករណ៍លើខ្លួន James Webb ចាប់បាន ក៏អាចប្រាប់យើងបន្ថែមទៀតអំពីភាពសំបូរបែប នៃវត្តមានឧស្ម័នផ្សេងៗទៀតដូចជា មេតាន (methane) និងទឹក (water) ផងដែរ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NASA/James Webb’s Mission (ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២)

480×240 Banner