ចិនអះអាងថា «ខ្លួនកំពុងនាំមុខលើការផលិត ផ្កាយរណបតាមដានអាកាសធាតុ» ក្រោយពីទើបដាក់ដំណើរការ មួយគ្រឿងថ្មីទៀត!
(ប៉េកាំង)៖ ប្រទេសចិនដែលតែងតែរងគ្រោះធម្មជាតិ ធ្ងន់ធ្ងរជាងគេបំផុតនៅក្នុងតំបន់ជារៀងរាល់ឆ្នាំនោះ បានចាប់ផ្តើមប្រតិបត្តិការផ្តាយរណបតាមដានអាកាសធាតុ ជំនាន់ទីពីររបស់ខ្លួនជាផ្លូវការហើយនៅដើមសប្តាហ៍ថ្មីនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

សម្រាប់ការធ្វើតេស្តលើសមត្ថភាពរបស់ផ្តាយរណបខាងលើនេះ ជាពិសេសគឺប្រព័ន្ធបញ្ជូនទិន្នន័យមកផែនដីវិញ គឺត្រូវបានបញ្ចប់រួចរាល់ហើយ នៅក្នុងដំណើរគោចរសាកល្បងរបស់វាជុំវិញភពផែនដី។ នេះបើតាមការចេញសេចក្តីប្រកាសពី រដ្ឋបាលនៃវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, និងឧស្សាហកម្មសម្រាប់វិស័យការពារជាតិចិន។

គួរបញ្ជាក់ថា ផ្កាយរណបខាងលើនេះ នឹងត្រូវប្រើប្រាស់ដើម្បីអភិវឌ្ឍន៍ ការព្យាករណ៍អាកាសធាតុ និងបរិយាកាសរបស់ប្រទេសចិនទាំងមូល ហើយសម្រាប់ការធ្វើតេស្តជាលើកដំបូងនោះ គឺទទួលបានមកវិញនូវលទ្ធផល ដូចទៅនឹងការរំពឹងទុកផងដែរ។ ប្រការនេះក៏នឹងធ្វើឲ្យប្រទេសចិន ក្លាយជាប្រទេសនាំមុខ នៅក្នុងវិស័យអភិវឌ្ឍន៍ផ្កាយរណប ព្យាករណ៍អាកាសធាតុ ដែលអាចគោចរដូចគេឯងនៅជុំវិញភពផែនដីផងដែរ។

សម្រាប់ផ្កាយរណបខាងលើនេះ ត្រូវបានបាញ់បង្ហោះចេញពីស្ថានីយ៍បាញ់បង្ហោះផ្កាយរណប ស៊ីឆាង (Xichang) នៅក្នុងខេត្តស៊ីឈន់ (Sichuan) ភាគនិរតីប្រទេសចិន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦៕
