នេះជារូបភាព Einstein Ring ដែលពិបាកថតបំផុត, តែ James Webb អាចព្យាយាមមើលឃើញ…
(អាមេរិក)៖ រូបភាពព្រាលៗមួយសន្លឹកនេះ ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ ឧបករណ៍ផ្តិតយកពន្លឺក្រហមអាំងហ្វា្រកម្រិតមធ្យម (MIRI) នៃតេឡេស្កូបអវកាស James Webb ដែលកំពុងគ្រប់គ្រងដោយអង្គការ NASA, ESA និង CSA។ វាត្រូវបានដំឡើងជារូបភាពមានពណ៌ (colour) ដោយនិស្សិតឈ្មោះ Redditor u/Spaceguy44 មកពីសាកលវិទ្យាល័យរដ្ឋ California សហរដ្ឋអាមេរិក ដែលមានជំនាញខាងបង្កើតពណ៌ឲ្យរូបភាពថតដោយ James Webb កន្លងមក។

ទិដ្ឋភាពខាងលើនេះ គឺជាបាតុភូត «អាញ់ស្តាញ-រីង ឬ ចិញ្ចៀន-អាញ់ស្តាញ» (Einstein Ring) ដោយវាស្ថិតនៅចម្ងាយ ១២ពាន់លានឆ្នាំពន្លឺពីយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ ការផ្តិតរូបភាពដែលស្ថិតនៅចម្ងាយឆ្ងាយ មហាសែនឆ្ងាយបែបនេះ ពិតជារឿងដ៏លំបាកបំផុត ព្រោះវាមិនមែនចេះតែមាន ការបង្ហាញចេញបែបនេះរាល់ថ្ងៃនោះឡើយ។

- តើបាតុភូត ឬទិដ្ឋភាព Einstein Ring គឺជាអ្វី?
បាតុភូត Einstein Ring កើតឡើងនៅពេលពន្លឺនៃកាឡាក់ស៊ី ឬផ្កាយមួយ ត្រូវបានកាឡាក់ស៊ី ឬវត្ថុអវកាសណាមួយផ្សេងទៀត ចល័តមកកាត់ត្រង់ចន្លោះរវាងផែនដី និង កាឡាក់ស៊ី ឬផ្កាយនៅចុងម្ខាងនោះ ដែលជាហេតុនាំឲ្យពន្លឺត្រង់របស់វាមកកាន់ផែនដី ត្រូវបានរារាំង (bend) ដោយសារតែទំនាញ (Gravity) នៃវត្ថុដែលនៅបាំងពន្លឺចំកណ្តាលនោះ ឬជាការបង្កើតឲ្យមានបាតុភូតបិទបាំងពន្លឺ (Gravitational Lensing) ដូចមានបញ្ជាក់ក្នុងរូបភាពខាងក្រោម។

សម្រាប់ Einstein Ring ដែល James Webb ទើបថតបាន និងស្ថិតនៅចម្ងាយ ១២ពាន់លានឆ្នាំពន្លឺពីផែនដីនោះ គឺជាកាឡាក់ស៊ីមួយឈ្មោះ SPT-S J041839-4751.8។ ពន្លឺចេញពីកាឡាក់ស៊ីមួយនោះ បានបង្ហាញលក្ខណៈដូចជា Einstein Ring ព្រោះតែមានកាឡាក់មួយទៀត ស្ថិតនៅទីអវកាសចន្លោះរវាងកាឡាក់ស៊ី SPT-S J041839-4751.8 និងផែនដីយើង។ ដូច្នេះយើងអាចនិយាយបានថា រូបភាព Einstein Ring ដែល James Webb ថតបានមិនមែនរូបរាងពិត នៃកាឡាក់ស៊ីខាងលើនេះឡើយ តែវាជាពន្លឺដែលត្រូវបានបាំង (bend) នាំឲ្យទម្រង់ពន្លឺនោះបែកចេញទៅជា រង្វង់មូលដូចជាចិញ្ចៀន ដែលជាសញ្ញាបង្ហាញអំពីបាតុភូត Gravitational Lensing នោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២)
