HOT NEWS: ឧបករណ៍ MOXIE លើភពអង្គារ អាចចម្រាញ់អុកស៊ីសែនបានហើយ (VIDEO)

757

(អាមេរិក)៖ ក្រៅពីបេសកកម្មវិភាគរកដាននៃជីវិតលើភពអង្គារ និងការជីកយកគំរូតាង (ជាកម្ទេចថ្ម និងដី) ដើម្បីត្រៀមដឹកត្រលប់មកកាន់ភពផែនដីវិញនោះ យានស្រាវជ្រាវភពក្រហម Perseverance របស់អង្គការ NASA ក៏មាននូវឧបករណ៍វិទ្យាសាស្ត្រ ដ៏សំខាន់មួយទៀតមានឈ្មោះថា MOXIE ដែលលោកអ្នកប្រហែលជាធ្លាប់បានស្គាល់រួចមកហើយផងដែរ។

យានស្រាវជ្រាវភពអង្គារ Perseverance (Image Credit: NASA)

កាលពីថ្ងៃពុធសប្តាហ៍នេះ អង្គការ NASA បានប្រកាសព័ត៌មាន ដ៏គួរឲ្យសប្បាយរីករាយមួយថា MOXIE (Mars Oxygen In-Situ Resource Utilization Experiment) ឬឧបករណ៍ចម្រាញ់យកឧស្ម័នអុកស៊ីសែនលើភពអង្គារ បានសម្រេចជោគជ័យក្នុងការទាញយកអុកស៊ីស៊ែន (O2) ចេញពីបរិយាកាសដ៏ស្តើងរបស់ភពអង្គារ ហើយសម្រាប់លទ្ធផលដែលទទួលបាន គឺប្រហាក់ប្រហែលនឹងបរិមាណអុកស៊ីសែន ដែលដើមឈើធំល្មមមួយដើម លើភពផែនដីយើងនេះអាចផលិតបាន។

HOT NEWS: ឧបករណ៍ MOXIE លើភពអង្គារ អាចចម្រាញ់អុកស៊ីសែនបានហើយ (VIDEO)
ឧបករណ៍ MOXIE (រូបភាពពី CNET)

បើតាមទិន្នន័យបឋមរបស់ NASA គិតត្រឹមចុងឆ្នាំ ២០២១ ប្រអប់ MOXIE បានសម្រេចជោគជ័យក្នុងការផលិតអុកស៊ីសែន ចេញពីបរិយាកាសភពអង្គារប្រមាណ «៦ក្រាម ក្នុងរយៈពេល ១ម៉ោង» កំលុងពេលដែលឧបករណ៍សំខាន់ៗទាំង នៅក្នុងប្រអប់មួយនេះដំណើរការព្រមៗគ្នា និងស្ថិតនៅក្នុងស្ថានភាពបរិយាកាស និងរដូវផ្សេងៗពីគ្នានៅលើភពក្រហមនោះផងដែរ។

ផ្ទៃក្នុងនៃឧបករណ៍ MOXIE (Image Credit: NASA)

ឧបករណ៍ MOXIE ដែលមានទំហំប៉ុនអាគុយរថយន្តមួយគ្រឿង និងទម្ងន់ ១៧.១គីឡូក្រាម (ពេលនៅលើផែនដី) មួយនេះ ត្រូវបានអង្គការ NASA សម្ងំអភិវឌ្ឍ និងផលិតអស់ប្រាក់ប្រមាណ ៥០លានដុល្លារអាមេរិក។ វាគឺជាការធ្វើតេស្តសមត្ថភាព ក្នុងការចម្រាញ់អុកស៊ីនសែនលើភពអង្គារផ្ទាល់ សម្រាប់បេសកកម្មអវកាសនៅថ្ងៃអនាគត ដោយមិនចាំបាច់ត្រូវនាំយកឧស្ម័នប្រភេទនេះ ទៅពីភពផែនដីឡើយ។

ឧបករណ៍ MOXIE (Image Credit: NASA)

ជុំវិញលទ្ធផលបឋមខាងលើនេះ, លោក Michael Hecht អ្នកជំនាញខាងអង្កេតដំណើរការរបស់ MOXIE មកពីមន្ទីរអង្កេត Haystack នៃវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋ Massachusetts (MIT) សហរដ្ឋអាមេរិក បានលើកឡើងថា «អ្វីដែល (MOXIE) ត្រូវតស៊ូបំផុតនោះ គឺពេលវាត្រូវដំណើរកំលុងពេលទាបភ្លឺ និងពេលមានខ្យល់ធូលី ដែលសីតុណ្ហភាព (លើភពអង្គារ) មានការផ្លាស់ប្តូរខ្លាំង។ ពេលនេះយើងកំពុងធ្វើតេស្តនៅឡើយ នៅក្នុងឧបករណ៍ពិសេស (MOXIE) មួយនេះ ហើយនឹងទទួលបានជោគជ័យពិតប្រាកដ នៅពេលដែលយើងអាចបង្ហាញថា វាដំណើរការបាននៅគ្រប់កាលៈទេសៈ»

ទីក្រុងភពអង្គារនៅថ្ងៃអនាគត ដែលជាក្តីស្រមៃរបស់ Elon Musk (Image From SpaceX)

គួរបញ្ជាក់ថា មហាសេដ្ឋីអាមេរិកលោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុនអវកាសឯកជន SpaceX ធ្លាប់បានអះអាងថា ក្រុមហ៊ុនលោកនឹងនាំមនុស្សដំបូង ទៅជាន់ដីភពអង្គារនៅឆ្នាំ ២០២៩ ខណៈអង្គការ NASA វិញគឺអាចឈានដល់ទសវត្សរ៍ ២០៣០ ឬ ២០៤០ ឯណោះ។ ក្រៅពីទីជម្រក, ខោអាវការពារខ្លួន, កុំព្យូទ័រ និងចំណីអាហារដែលអាចដឹកនាំយកទៅពីផែនដី, អុកស៊ីសែនសម្រាប់ដកដង្ហើមលើភពអង្គារ គឺពិតជាសំខាន់បំផុតហើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ CNET/NASA (ថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner