រំភើប​មែន! ក្នុង​ការហោះ​ក្រឡឹង​ភព​ព្រហស្បតិ៍​ជុំ​ទី០៨ «យាន Juno ថត​បាន​រូបភាព​អស្ចារ្យ​បន្ថែមទៀត!» សូម​ចុច​ទស្សនា…

182

(អាមេរិក)៖ ក្នុងអំឡុងពេល​នៃ​ការហោះ Flyby លើក​ទី០៨ ជុំវិញ​ភព​ព្រហស្បតិ៍ (Jupiter) យានអវកាស Juno របស់​អង្គការ NASA បាន​ផ្តិត​យក​រូបភាពស្អាតៗប្លែក​ភ្នែក​បន្ថែមទៀត នៃ​បរិយាកាស​ពោ​ពេញ​ដោយ​ព្យុះ​ពពក​កួច​ខ្មួលខ្មាញ់ របស់​ភព​ឧស្ម័ន​យក្ស​មួយ​នេះ។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​រុស្ស៊ី Sputnik នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ NASA នៅពេលដែល​រូបភាព​ទាំង​ប៉ុន្មាន​ខាងលើ ដែល​ស្តែង​ពី​ទិដ្ឋភាព​រស់​រវើក នៃ​ព្យុះ​ទាំងនោះ នៅ​ជុំវិញ​ប៉ូល​ខាងត្បូង​របស់ Jupiter នោះ យានអវកាស Juno បាន​ស្ថិតនៅ​ចម្ងាយ​ចន្លោះ​ចាប់ពី ១២,១៤៣ ទៅ ២២,៩០៨ គីឡូម៉ែត្រ ពីលើ​ភព​ដ៏​ធំ​មហិមា​មួយ​នេះ។

គួរ​បញ្ជាក់ថា យាន Juno តម្លៃ ១.១ពាន់​លាន​ដុល្លារ ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ខែសីហា ឆ្នាំ២០១១ ហើយ​ទៅដល់​ភព​ព្រហស្បតិ៍ នា​ខែកក្កដា ឆ្នាំ២០១៦ ដែល​វា​គឺជា​យានអវកាស​ទី០២ ដែល​បានធ្វើ​ដំណើរ​គោចរ​ជុំវិញ Jupiter បន្ទាប់ពី​យាន Galileo បាន​ឈប់​ដំណើរការ​កាលពី​ឆ្នាំ២០០។ រូបភាព​ទាំងឡាយ​នៃ​ភព​ព្រហស្បតិ៍ ដែល Juno ថត​បាន គឺ​តាមរយៈ​ការប្រើប្រាស់​កាមេរ៉ា ដែលមាន​ឥទ្ធិពល​ជាងគេ​បំផុត​ឈ្មោះ JunoCam ដែល​បំពាក់​នៅលើ​យានអវកាស​នេះ។


គួរ​ជម្រាប​បន្ថែមថា បេសកកម្ម Juno ត្រូវគេ​រំពឹងថា នឹង​បន្តដំណើរ​ការ​រហូត​ខែកក្កដា ឆ្នាំ២០១៨ នៅពេលដែល​យាន​ផ្កាយរណប​នេះ នឹងត្រូវ​កម្ទេចចោល។ ទោះបីជា​បែបនេះ​ក្តី យានអវកាស​ស្រដៀង​គ្នា​នេះ ដូចជា Cassini ដែល​ទើប​ត្រូវបាន NASA ទម្លាក់ខ្លួន​កម្ទេចចោល​នៅ​ភព​សៅរ៍ (Saturn) នោះ បាន​បន្ត​ប្រតិបត្តិការ លើសពី​អាយុជីវិត​កំណត់​របស់​វា​ទៅទៀត ហើយ Juno នៅតែមាន​ដំណើរកា​រយ៉ា​ង​ល្អ​ដដែល ក្នុងអំឡុងពេល ១៤ខែ​កន្លងទៅ ចាប់​តាំងតែ​ពី​វា​បាន​ទៅដល់​ប្រព័ន្ធ​ភព​ព្រហស្បតិ៍៕

480×240 Banner