អង្គការអវកាសអឺរ៉ុបកំពុងរៀបចំគម្រោងថ្មី នៃការតាំងមូលដ្ឋានលើដីឋានព្រះចន្ទ

294

(អឺរ៉ុប)៖ ដូចយើងធ្លាប់បានដឹងហើយថា កាលពីអំឡុង ៥០ឆ្នាំមុន គឺមានយានអាប៉ូឡូទី ១១ (Apollo 11) ដែលជាបេសកកម្មរបស់អង្គការ NASA ធ្លាប់បាននាំមនុស្សទៅចុះចត និងជាន់ដីឋានព្រះចន្ទជាលើកដំបូង។ តែនាពេលអនាគតដ៏ខ្លីខាងមុខនេះ អង្គការអវកាសអឺរ៉ុប (ESA) បាននិងកំពុងរៀបចំគម្រោងនៃចក្ខុវិស័យថ្មី ដែលត្រៀមតាំង «មូលដ្ឋានជាអចិន្ត្រៃយ៍» នៅលើដីឋានព្រះចន្ទ ដែលជាបេសកកម្មថ្មីកំពុងតែស្ថិត ក្នុងការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅ។ ចំណុចទីតាំងដែលត្រៀមតាំងមូលដ្ឋាន គឺនៅត្រង់ប៉ូលខាងជើងនៃឋានព្រះចន្ទ ជាកន្លែងដែលព្រះចន្ទបែរមុខ ទៅព្រះអាទិត្យជាប់ជានិច្ច។

រូបភាពផ្ទៃព្រះចន្ទ និងផែនដី (រូបភាពពី BBC)

អ្នកឯកទេសរចនាសម្ព័ន្ធមូលដ្ឋាន ដែលស្ថិតនៅក្នុងប្រទេសអូទ្រីស បានធ្វើការសិក្សាអំពីប្រព័ន្ធនៃមូលដ្ឋាន នៅលើឋានព្រះចន្ទ ដែលជាបច្ចេកវិទ្យាពឹងផ្អែកទាំងស្រុង ទៅលើថាមពលពន្លឺព្រះអាទិត្យ។ ដោយប្រើប្រាស់នៅជើងទម្រជាប្រភេទកញ្ចក់រាងមូល ដូចនៅក្នុងរូបភាពបង្ហាញខាងលើ, គម្រោងទីជម្រកមូលដ្ឋានទាំងនេះ គឺនឹងត្រូវកប់ក្រោមដីព្រះចន្ទជម្រៅចាប់ពី ៤ ទៅ ៥ ម៉ែត្រ។

បច្ចេកវិទ្យាខាងលើនេះ គឺត្រូវបានគិតគូរយ៉ាងហ្មត់ចត់ ដោយត្រូវបានការពារពីសារធាតុវិទ្យុសកម្ម ដែលជះពីពន្លឺព្រះអាទិត្យ។ នៅពីលើជម្រកមូលដ្ឋាននីមួយៗ គឺមានកញ្ចក់រាងមូល ដោយត្រូវស្រូបថាមពលពន្លឺព្រះអាទិត្យ។ ពន្លឺព្រះអាទិត្យដែលបានឆ្លងកាត់កញ្ចក់ទាំងនោះ ត្រូវបានបញ្ជូនតាមរយៈឧបករណ៍ទំនើបមួយ ដើម្បីបម្លែងជាថាមពលប្រើប្រាស់ នៅក្នុងទីជម្រកមូលដ្ឋាននីមួយៗ។

អង្គការអវកាសអឺរ៉ុបកំពុងរៀបចំគម្រោងថ្មី នៃការតាំងមូលដ្ឋានលើដីឋានព្រះចន្ទ
គម្រោងកសាងមូលដ្ឋានលើព្រះចន្ទ (Image Credit: ESA)

គម្រោងនៃការសិក្សាតាំងទីជម្រកមូលដ្ឋាន នៅលើដីឋានព្រះចន្ទនេះ គឺត្រូវបានផ្ដួចផ្ដើមដោយអង្គការអវកាសអឺរ៉ុប (ESA)។ វាបានកើតមានឡើងបន្ទាប់ពី ក្រុមការងារ Pneumocell បានដាក់ការស្នើគំនិតរបស់ពួកគេ ទៅកាន់វេទិកាច្នៃប្រឌិតអវកាសរបស់ទីភ្នាក់ងារ OSIP របស់អឺរ៉ុប ដោយស្វែងរកគំនិតជោគជ័យ សម្រាប់ការស្រាវជ្រាវអវកាស ពីគ្រប់ប្រភពដែលអាចធ្វើទៅបាន៕

ប្រែសម្រួល៖ សេន ចាន់ប៉ូរ៉ុង (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព និង Image Credit៖ អង្គការអវកាសអឺរ៉ុប (ESA)

480×240 Banner