នេះជាភពដែលមានខ្សែក្រវាត់ (Rings) ធំជាងភពសៅរ៍យើង ២០០ដង! (VIDEO)

1,452

(បរទេស)៖ ភពមួយដែលត្រូវបានអ្នកវិទ្យាសាស្រ្តស្រាវជ្រាវរកឃើញ និងដាក់ឈ្មោះថា J1407b គឺជាភពមួយក្នុងចំណោមភពជាច្រើន ដែលមានលក្ខណៈប្លែកពីគេ ត្រង់ចំណុចរង្វង់ខ្សែក្រវាត់ (Rings) ដែលមានទំហំធំជាងរង្វង់ខ្សែក្រវាត់ភពសៅរ៍ (Saturn) រហូតដល់ទៅ ២០០ដង ខណៈម៉ាស់របស់វាវិញ គឺធំជាងភពព្រហស្បតិ៍ (Jupiter) ដែលជាភពយក្សប្រចាំប្រព័ន្ធព្រះអាទិត្យយើងនេះទៅទៀត។ ក្រុមអ្នកវិទ្យាសាស្ត្រក៏មិនទាន់ប្រាកដដែរថា នេះជាភពឧស្ម័នយក្ស ឬក៏ជាភពប្រភេទ Brown Dwarf ដែលស្ថិតនៅចន្លោះផ្កាយតឿពណ៌ត្នោត ឬភព Super-Jupiter (ព្រោះតែការកកើតរបស់វា អាចមិនទាន់ពេញរូបរាង)។

នេះជាភពដែលមានខ្សែក្រវាត់ (Rings) ធំជាងភពសៅរ៍យើង ២០០ដង!
រូបតំណាងនៃភព J1407b (Image From NASA)

ប្រសិនបើយកខ្សែក្រវាត់របស់ភព J1407b មកបំពាក់ឲ្យភពសៅរ៍យើងនោះ ទំហំរបស់វាលើផ្ទៃមេឃផែនដី នឹងធំជាងព្រះចន្ទបន្តិចថែមទៀតផង, ហើយប្រសិនបើបែបនេះមែន ភព J1407b នឹងមិនត្រឹមតែអាចបង្ហាញនូវរង្វង់ Rings ឲ្យយើងមើលឃើញដោយភ្នែកទទេប៉ុណ្ណោះទេ តែវាក៏នឹងបង្ហាញបានទាំងស្រុង នៅសភាពលម្អិតផងដែរ។ សរុបមករង្វង់ Rings របស់ J1407 អាចរាប់ចំនួនបានយ៉ាងច្បាស់គឺ ៣០ ស្រទាប់ធំៗ។ នេះប្រហែលជាករណីដំបូងដែលភព exoplanet មានវត្តមានរង្វង់ Rings ធំ និងច្រើនស្រទាប់ ហើយនេះជារឿងចម្លែកតែមួយគត់ ដែលអ្នកវិទ្យាសាស្រ្តទើបតែស្រាវជ្រាវឃើញ នូវភពដែលមាននៅរង្វង់ Rings ធំជាងគេបែបនេះដែរ។

ប្រសិនបើយក Ring ភព J1407b បំពាក់ឲ្យភពសៅរ៍របស់យើង (រូបភាពពីបរទេស)

ទោះជាយ៉ាងណានេះក្តី ក្រុមអ្នកវិទ្យាសាស្រ្តបានប៉ាន់ប្រមាណថា រង្វង់ខ្សែក្រវាត់ដ៏ស្រស់ស្អាតនេះ នឹងត្រូវរសាត់ចេញបន្តិចម្ដងៗ ចេញក្រៅគន្លងរបស់ភពនេះ នៅអំឡុងពេលប្រមាណរាប់លានឆ្នាំទៅមុខទៀត និងដោយសារតែមានការកើតថ្មីនៃព្រះចន្ទមួយចំនួន ដែលបាននិងកំពុងស្រូបយកកម្ទេចកម្ទីរពីរង្វង់ Rings របស់ភព J1407b នេះ។ J1407b ឬអាចហៅឈ្មោះពេញថា 1SWASP J140747.93−394542.6 មានចម្ងាយប្រហែល ៤៣៤ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។

បើប្រៀបធៀបទៅនឹងភពនានា នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ភព J1407b នៅមានភាពវ័យក្មេងណាស់ ដោយមានអាយុប្រហែលខ្ទង់ ១៦ លានឆ្នាំតែប៉ុណ្ណោះ ខណៈផែនដីយើងវិញមានអាយុដល់ទៅ ៤.៥ពាន់លានឆ្នាំទៅហើយ។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្តក៏មិនទាន់ប្រាកដដែរទេថា វិធីសាស្រ្តដែលត្រូវបានប្រើប្រាស់ ដើម្បីរុករកភព exoplanet ឬយើងអាចហៅភពនៅប្រព័ន្ធផ្កាយផ្សេង ពិតជាល្អគ្រប់គ្រាន់ហើយឬនៅ។

រូបតំណាងភព J1407b (Image From NASA)

តែសម្រាប់ពេលនេះ ចំណេះដឹងថ្មីដ៏ល្អបំផុតសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ដែលត្រូវបានផ្ដល់ដោយភព J1407b ពិតជាតម្រុយសម្រាប់ការអង្កេតបន្តទៀត ទៅក្នុងចក្រវាលដ៏ធំធេងរបស់យើង៕

ប្រែសម្រួល៖ សេន ចាន់ប៉ូរ៉ុង (Cambo Space)
ប្រភព៖ The Space (ថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner