ស្ទើរមិនគួរឲ្យជឿ! NASA ថតបានបាតុភូត «ព្រះអាទិត្យបាំងឆ័ត្រ» លើភពព្រះអង្គារ (VIDEO)

2,823

(អាមេរិក)៖ យានស្រាវជ្រាវ Perseverance របស់អង្គការ NASA បានមើលឃើញទិដ្ឋភាពថ្មីសន្លាងមួយ ដែលពីមុនមកក្រុមអ្នកវិទ្យាសាស្ត្រ មិនធ្លាប់បានគិតនោះឡើយថា អាចនឹងកើតមានឡើងយ៉ាងដូច្នេះ នោះគឺ «បាតុភូតព្រះអាទិត្យបាំងឆ័ត្រ» ឬជាភាសាអង់គ្លេសហៅថា «Sun Halo» ខណៈយាននេះកំពុងស្ថិតក្នុងរណ្តៅ Jezero នៃភពព្រះអង្គារ។

សម្រាប់នៅលើភពផែនដីរបស់យើង វាតែងតែជារឿងសមហេតុផលដែល បាតុភូតថ្ងៃបាំងឆ័ត្រកើតឡើង នៅពេលជួបលក្ខខណ្ឌត្រឹមត្រូវមួយ នោះគឺនៅពេលដែលវត្តមានគ្រីស្តាល់ទឹកកក (ice crystals) នៅក្នុងបរិយាកាសផែនដី អាចបង្កើតចេញទៅជារង្វង់ពន្លឺ និងពណ៌នៅព័ទ្ធជុំវិញព្រះអាទិត្យ។

បាតុភូត Sun Halo លើផែនដី (Image credit: VCG/VCG via Getty Images)

ក្រុមអ្នកវិទ្យាសាស្ត្រក៏ធ្លាប់បានគិតផងដែរថា បាតុភូត Sun Halo ដូចនៅលើផែនដីនេះ ក៏អាចកើតមាននៅភពដទៃទៀត ប៉ុន្តែបើទោះបីជាមាន ការព្យាយាមអង្កេតរាប់ទសវត្សរ៍មកនេះ ដោយបេសកកម្មយានជាច្រើននៅលើភពអង្គារ និងការផ្តិតរូបភាព ទៅលើផ្ទៃមេឃភពក្រហមនោះ ជាច្រើនពាន់សន្លឹកក្តី ក៏ពួកគេមិនបានប្រទះឃើញអ្វីប្លែកដដែល។

ប៉ុន្តែនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ (ពេលវេលាលើផែនដី) ការទន្ទឹងរង់ចាំអស់ច្រើនទសវត្សរ៍បានក្លាយជាការពិត។ យានកង់ ៦ Perseverance ពិតជាបានបង្កការភ្ញាក់ផ្អើលខ្លាំងណាស់ ដល់ក្រុមអ្នកវិទ្យាសាស្ត្រលើផែនដី ព្រោះក្រោយការត្រួតពិនិត្យរូបភាពជាច្រើនសន្លឹក ដែលត្រូវបានថតកាលពីអំលុងខែធ្នូ ឆ្នាំ២០២១ និងដោយភាពលម្អិតផងនោះ អ្នកជំនាញ NASA ក៏បានប្រទះឃើញរូបភាព ដែលត្រូវបានថតកាលពីថ្ងៃទី ១៥ ខែធ្នូ លើផ្ទៃមេឃភពអង្គារ លេចចេញនូវបាតុភូត «ព្រះអាទិត្យបាំងឆ័ត្រ» តែម្តង។

ស្ទើរមិនគួរឲ្យជឿ! NASA ថតបានបាតុភូត «ព្រះអាទិត្យបាំងឆ័ត្រ» លើភពព្រះអង្គារ
Sun Halo កើតឡើងលើភពអង្គារ (រូបភាពពី NASA)

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA នៅមិនទាន់អាចពន្យល់បាននៅឡើយទេ អំពីដំណើរនៃការកកើតបាតុភូត Sun Halo លើភពអង្គារនោះ ដោយពួកគេនឹងត្រូវការពេលសិក្សាបន្ថែមទៀត ហើយក៏អាចជាការងារដ៏ស្មុគស្មាញផងដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner