HOT NEWS: យាន Perseverance របស់ NASA រកឃើញថ្មភពអង្គារមានផ្ទុក «សារធាតុសរីរាង្គកម្រិតខ្ពស់» ស្រដៀងផែនដី (VIDEO)

871

(បរទេស)៖ យានស្រាវជ្រាវភពអង្គារ Perseverance របស់អង្គការ NASA ដែលត្រូវបានបញ្ជូនឲ្យទៅកាន់ តំបន់អតីតដីសណ្តនៃទន្លេ ដែលហូរចាក់ចូលទៅក្នុងអតីតបឹងស្តុកទឹក «Jezero» (មានមុខកាត់ ៤៥គីឡូម៉ែត្រ) ស្ថិតនៅអឌ្ឍគោលខាងជើងភពអង្គារនោះ ពេលនេះទើបតែបានបង្ហាញចេញនូវ សមិទ្ធផលថ្មីដ៏គួរឲ្យភ្ញាក់ផ្អើលបន្ថែមទៀត។

Perseverance ទើបតែបានរកឃើញ និងច្រកចូលក្នុងបំពង់ចំនួនទៀតរួចជាស្រេច នូវគំរូងតាង (sample) ពីដុំថ្មភពអង្គារ ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា អាចមានផ្ទុក «សារធាតុសរីរាង្គ» ដូចនៅលើភពផែនដី (Earth-like organisms) កាលពីអតីតកាល ហើយវាក៏អាចមានលាក់ទុកសញ្ញានៃអតិសុខុមប្រាណ ឬមីក្រុប (microbial life) នៅក្នុងនោះផងដែរ។

ដុំថ្មថ្មីដែលទើបត្រូវបានខួង (រូបភាពពី NASA)

ជុំវិញរបកគំហើញថ្មីបន្ថែមខាងលើនេះ, លោក Ken Farley អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋ California សហរដ្ឋអាមេរិក បានលើកឡើងក្នុងកិច្ចប្រជុំមួយ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ថា «ដុំថ្មដែលត្រូវបានត្រួតពិនិត្យនៅឯតំបន់ដីសណ្តនោះ មានកំហាប់សារធាតុសរីរាង្គ ក្នុងកម្រិតខ្ពស់ ដែលយើងមិនធ្លាប់បានជួបប្រទះឡើយ កាលពីបេសកកម្មមុនៗ»

(រូបភាពពី NASA)

លោក Ken Farley បានសង្កត់ធ្ងន់ថា «ជាការពិតណាស់, ម៉ូលេគុលសរីរាង្គ (organic molecules) គឺជាបណ្តុំនៃកោសិកាជីវិត។ ហេតុដូច្នេះវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ទៅលើថា យើងមានថ្មដែលត្រូវបានដាក់ក្នុងបរិស្ថានទ្រទ្រង់ជីវិត នៅក្នុងបឹងមួយដែលផ្ទុកសារធាតុសរីរាង្គ»

HOT NEWS: យាន Perseverance របស់ NASA រកឃើញថ្មភពអង្គារមានផ្ទុក «សារធាតុសរីរាង្គកម្រិតខ្ពស់» ស្រដៀងផែនដី
ដុំថ្ម Wildcat Ridge ដែលយាន Perseverance ទើបខួង (រូបភាពពី NASA)

គួរបញ្ជាក់ថា ដុំថ្មដែលយាន Perseverance ទើបខួង និងច្រក sample ទុកក្នុងបំពង់ចំនួន ៤ ដើម្បីត្រៀមដឹកមកកាន់ភពផែនដីវិញនោះ ត្រូវបានដាក់ឈ្មោះឲ្យថា Wildcat Ridge។ ដុំថ្មប្រវែងជិត ១ម៉ែត្រមួយនេះ ពិតជាបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រទទួលអារម្មណ៍ពិសេស…៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE/NASA (ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner