តើខ្សែក្រវាត់ (Rings) ដ៏ស្រស់សោភារបស់ភពសៅរ៍ កកើតឡើងដូចម្តេច? អ្នកវិទ្យាសាស្ត្រមានចម្លើយថ្មី

800

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ទើបតែបានចេញមុខពន្យល់ជាថ្មី អំពីការកកើតខ្សែក្រវាត់ដុំថ្ម (Rings) ជាច្រើនរង្វង់ នៅជុំវិញភពសៅរ៍ (Saturn) ដែលជាភពស្ថិតនៅលេខរៀងទី និងធំជាងគេលំដាប់លេខ ប្រចាំនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ ខណៈការសិក្សាកាលពីប៉ុន្មានទសវត្សរ៍មុន បានអះអាងថា វាមានអាយុកាល ១០០លានឆ្នាំមកហើយ។

Rings របស់ភពសៅរ៍ (Image Credit: NASA/ESA)

យោងតាមលទ្ធផលសិក្សាថ្មីដឹកនាំដោយអ្នកវិទ្យាសាស្ត្រ Jack Wisdom មកពីវិទ្យាសាស្ត្របច្ចេកវិទ្យារដ្ឋម៉ាស្សាជូសេត (MIT) របស់សហរដ្ឋអាមេរិកបានសន្មត់ថា «ខ្សែក្រវាត់ដ៏ស្រស់ស្អាតជុំវិញភពសៅរ៍នោះ ទំនងជាបានកើតមានឡើង នៅពេលដែលព្រះចន្ទទឹកកកមួយ ត្រូវបានបំបែកដោយកម្លាំងទំនាញ (Gravity) ដ៏ខ្លាំងរបស់ភពឧស្ម័នយក្សនេះ»

ការរកឃើញដូចខាងលើនេះ បានកើតមានឡើងនៅអំលុងពេលដែល ក្រុមអ្នកវិទ្យាសាស្ត្រកំពុងធ្វើការសិក្សា អំពីប្រធានបទសំខាន់ៗពាក់ព័ន្ធនឹង ការកកើតខ្សែក្រវាត់ភពសៅរ៍, ការឃ្លាតចេញបន្តិចម្តងៗនៃព្រះចន្ទ ទីតាន (Titan) ព្រមទាំងឥទ្ធិពលទៅវិញទៅមក រវាងរង្វិលខ្វាល់របស់ភពសៅរ៍ និងគន្លងគោចរនៃភពណិបទូន (Neptune) ដែលជាភពស្ថិតនៅចុងគេ នៃប្រព័ន្ធព្រះអាទិត្យ

តើខ្សែក្រវាត់ (Rings) ដ៏ស្រស់សោភារបស់ភពសៅរ៍ កកើតឡើងដូចម្តេច? អ្នកវិទ្យាសាស្ត្រមានចម្លើយថ្មី
ភពសៅរ៍ (Image credit: Mark Garlick/Getty Images)

តាមពិតទៅ ការសិក្សា និងស្វែងយល់អំពីការកកើត Rings របស់ភពសៅរ៍នេះ បានក្លាយជាការប្រទាញប្រទង់ទ្រិស្តីគ្នា អស់ជាច្រើនទសវត្សរ៍មកហើយ។ ក្រុមអ្នកភពសាស្ត្រមួយចំនួនធ្លាប់បានគិតថា ខ្សែក្រវាត់ទាំងនោះ អាចនឹងមានសីតុណ្ហភាពត្រជាក់ ដូចជាភពសៅរ៍ផងដែរ ប៉ុន្តែកាលពីដើមទសវត្សរ៍ ១៩៨០ អ្នកវិទ្យាសាស្ត្រពីររូបគឺលោក Peter Goldreich មកពីវិទ្យាស្ថាន Caltech និងលោក Scott Tremaine មកពី MIT បានលើកឡើងដូចគ្នា ខ្សែក្រវាត់ទាំងនោះ អាចមានអាយុកាលក្មេងប៉ុណ្ណោះ គឺ ១០០លានឆ្នាំ

ការអះអាងរបស់អ្នកវិទ្យាសាស្ត្រទាំងរូបខាងលើនេះ ត្រូវបានធ្វើឡើងដោយយោង ទៅលើការពិនិត្យល្បឿននៃភាគល្អិតទឹកកក (icy particles) នៅក្នុង Rings ជុំវិញភពសៅរ៍នោះ ព្រមទាំងរបៀបដែលពួកវាប៉ះទង្គិច និងប្រទាក់ក្រឡាគ្នាទៅវិញទៅមក។ បន្ទាប់មកទៀត បេសកកម្មយាន Cassini របស់អង្គការ NASA ដែលបានបញ្ចប់បេសកកម្មកាលពីឆ្នាំ ២០១៧ នៅភពសៅរ៍នោះ ក៏បានរកឃើញផងដែរថា តែ ១%ប៉ុណ្ណោះនៃខ្សែក្រវាត់ភពសៅរ៍ គឺជាកម្ទេចធូលី, ហេតុដូច្នេះទើបក្រុមអ្នកវិទ្យាសាស្ត្របានសន្មត់ថា ខ្សែក្រវាត់នេះទើបកកើតឡើងបាន ១០០លានឆ្នាំប៉ុណ្ណោះ ខណៈភពសៅរ៍មានអាយុ ៤.៥ពាន់លានឆ្នាំ

រូបឧទាហរណ៍អំពីព្រះចន្ទទឹកកកមួយត្រូវបានបំបែកដោយ Gravity ភពសៅរ៍ (Image Credit: BBC)

ទោះជាយ៉ាងនេះក្តី ក្រុមអ្នកវិទ្យាសាស្ត្រផ្សេងទៀតបានគិតថា កម្ទេចធូលីខ្លះទៀត ទំនងជាត្រូវបានខ្ទាតចេញ ឬត្រូវភពសៅរ៍ស្រូបចូលអស់ទៅហើយ ដែលនាំឲ្យវាមើលទៅស្រឡះស្អាត មិនមានកម្ទេចធូលីច្រើន ហេតុដូច្នេះទើបធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រគិតថា Rings ទាំងនោះទើបតែមានអាយុត្រឹមតែ ១០០លានឆ្នាំ។ ប៉ុន្តែក្រោយការសិក្សាបន្ថែម និងត្រួតពិនិត្យពីសំណាក់ ក្រុមអ្នកវិទ្យាសាស្ត្ររបស់ MIT ដោយយោងទៅយន្តការរូបវិទ្យា នៃភាពលម្អៀងអ័ក្សរង្វិលខ្ញាល់របស់ភពសៅរ៍ និងភាពចម្លែកនៃគន្លងគោចររបស់ព្រះចន្ទ Titan ជុំវិញភពមួយនេះ ធ្វើឲ្យពួកគេកាន់តែជឿជាក់ថា ខ្សែក្រវាត់ ឬ Rings របស់ភពសៅរ៍នោះមានអាយុខ្ទង់ ១០០លានឆ្នាំនោះឯង។

ក្រោយការបំបែកខ្លួននៃព្រះចន្ទទឹកកក (រូបភាពពីបរទេស)

សរុបដោយខ្លីមក ខ្សែក្រវាត់ភពសៅរ៍អាចត្រូវបានបង្កើតឡើង ដោយសារតែការបែកខ្ញែកនៃព្រះចន្ទទឹកកកមួយ ក្នុងចំណោមព្រះចន្ទទឹកកកនានារបស់ភពសៅរ៍ កាលពីអំឡុង ១០០លានឆ្នាំមុន ដោយសារតែឥទ្ធិពល Gravity នៃភពឧស្ម័នយក្សនេះ។ យ៉ាងណាក៏ដោយ សម្រាប់ទំហំរបស់ព្រះចន្ទទឹកកកនោះ គឺមិនទាន់មានការបញ្ជាក់នៅឡើយទេ ហើយប្រធានបទនេះ ក៏នៅបន្តស្ថិតក្នុងការសិក្សាទៅមុខទៀតផងដែរ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner