ផ្ទាំងទឹកកកធំជាងគេបំផុត​ (ធំជាងខេត្តតាកែវ) ប្រេះបែកហើយនៅអង់តាកទិក! (មានវីដេអូ)

1,056

(បរទេស)៖ មូលដ្ឋានស្រាវជ្រាវទ្វីបអង់តាកទិក នៃចក្រភពអង់គ្លេស (BAS) ទើបតែបានប្រកាសចេញនៅដើមខែកញ្ញា ឆ្នាំ២០២៥នេះឲ្យពិភពលោកដឹងថា ផ្ទាំងទឹកកកដ៏ធំមហាសាលបំផុតលើផែនដីនោះគឺ A23a មានមូលដ្ឋាននៅក្នុងដែនសមុទ្រនៃទ្វីបទឹកកកអង់តាកទិក (Antarctica) ទើបតែបានប្រេះបែកជាបំណែកធំៗ…។ តើទិដ្ឋភាពបែបនេះមានន័យដូចម្តេច ចំពោះភពផែនដីយើង?

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

នៅមុនការបែកចេញជាបំណែកៗនោះ ផ្ទាំងទឹកកក A23a នោះមានទម្ងន់សរុប ១.១ពាន់ពាន់លានតោន ជាមួយនិងទំហំរហូតដល់ ៣,៦៧២គីឡូម៉ែត្រក្រលា, ធំជាងខេត្តតាកែវរបស់ខ្មែរយើងបន្តិច ដោយខេត្តតាកែវមានទំហំ ៣,៥៦៣គីឡូម៉ែត្រក្រលា។ ក្រុមអ្នកវិទ្យាសាស្ត្រតាមរយៈការសង្កេតដោយផ្ទាល់ផង និងផ្កាយរណបផងបានធ្វើការតាមដាន A23a មិនដាក់ភ្នែកនោះឡើយ គិតចាប់តាំងពីវាបានរបេះចេញពីធ្នើទឹកកក Filchner-Ronne នៃទ្វីបអង់តាកទិក កាលពីឆ្នាំ១៩៨៦មក។

ដំណើរនៃផ្ទាំងទឹកកក A23a (Credit: BAS)

ជុំវិញព្រឹត្តិការណ៍ដ៏គួរឲ្យសង្វេគនេះ អ្នកវិទ្យាសាស្ត្ររបស់ BAS មួយរូបគឺលោក Andrew Meijers ដែលកំពុងស្ថិតលើទ្វីបអង់តាកទិកផ្ទាល់បានប្រាប់សារព័ត៌មាន CNN របស់អាមេរិក តាមរយៈ Email នាដើមខែកញ្ញា ឆ្នាំ២០២៥នេះថា «ផ្ទាំងទឹកកក A23a នេះកំពុងតែប្រេះបែកយ៉ាងលឿន និងចេញជាបំណែកៗធំៗ…។ បំណែកធំបំផុតរបស់វាពេលនេះ គឺមានទំហំត្រឹមតែ ១,៧០០គីឡូម៉ែត្រក្រាលប៉ុណ្ណោះ (ទំហំដើមគឺ ៣,៦៧២គីឡូម៉ែត្រក្រលា)»។

  • តើអ្វីដែលបាននិងកំពុងកើតឡើងចំពោះ A23a នោះមានន័យដូចម្តេចចំពោះភពផែនដី?

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ BAS ផ្ទាំងទឹកកក A23a ទោះបីជាបានប្រេះបែកពីធ្នើទឹកកកជាប់ទ្វីបអង់តាកទិក តាំងតែពីឆ្នាំ១៩៨៦ក៏ពិតមែន តែឬសគល់របស់វានៅតែបន្តប្រទាក់នឹងបាតសមុទ្រ Weddell Sea ដែលជាផ្នែកមួយនៃសមុទ្រខាងត្បូង ឬ Southern Ocean ជាប់ទ្វីបអង់តាកទិកនោះដដែល អស់កាលជាង ៣០ឆ្នាំ រួចក្រោយមកទើបអំលុងឆ្នាំ២០២០ វាក៏ចាប់ផ្តើមរំកិលរកច្រកចេញពីសមុទ្រ Weddell Sea នោះ (អាចមកពីការរលាយរបស់វាឈានដល់កម្រិតដែលវាអាចអណ្តែតចេញពីតំបន់នោះបាន)។

មូលដ្ឋាន BAS លើទ្វីបអង់តាកទិក (Credit: BAS)

ការប្រេះបែកជាបំណែកៗនេះក៏មានន័យថា ទាំងបំណែកតូចៗ និងធំៗរបស់វានឹងបន្តប្រេះបែកទៅមុខទៀត ហើយនឹងរសាត់ចូលទៅកាន់មហាសមុទ្រដែលមានកម្តៅក្តៅជាងតំបន់ដែលវាធ្លាប់ស្ថិតនៅ…។ ពួកវានឹងក្លាយជាផ្ទាំងទឹកកកដែលរសាត់អណ្តែតគ្មានគោលដៅ និងរលាយបន្តិចម្តងៗដូចអ្វីដែលផ្ទាំងទឹកកក A68 កាលពីឆ្នាំ២០២១ និង A76 កាលពីឆ្នាំ២០២៣ បាននិងកំពុងទទួលរងយ៉ាងដូច្នោះ​ឯង។

យោងតាមអ្នកវិទ្យាសាស្ត្រ ទោះជា A23a រលាយអស់ក៏នឹងមិនធ្វើឲ្យនីវ៉ូទឹកសមុទ្រកើនឡើងអ្វីនោះដែរ ព្រោះដូចគ្រប់គ្នាដឹងស្រាប់ហើយថា មាឌរបស់ផ្ទាំងទឹកកកដែលអណ្តែតក្នុងសមុទ្រ ភាគច្រើនបំផុតគឺស្ថិតនៅក្នុងទឹកសមុទ្រទៅហើយ ដោយយើងអាចឃើញត្រឹមតែមួយផ្នែកស្តើងនៅខាងលើទឹកប៉ុណ្ណោះ។ ការលាយទឹកកកដែលនាំឲ្យនីវ៉ូសមុទ្រកើនឡើង នោះគឺការរលាយទឹកកកប៉ូលទាំងពីរដូចជា ទឹកកកនៅលើកោះគ្រីនលែនដ៍ (Greenland) និងនៅលើទ្វីបអង់តាកទិកតែម្តង។

  • ហេតុអ្វី A23a ប្រេះបែកជាបំណែកបែបនេះ?

នេះមិនមែនជារឿងចៃដន្យនោះទេ ដោយក្រុមអ្នកវិទ្យាសាស្ត្របានជឿជាក់ថា កត្តាដែលជំរុញឲ្យ A23a ជួបជោគវាសនាបែបនេះ គឺដោយសារតែកំសួលនៃបាតុភូតជំនោរសមុទ្រមួយ ដែលគេហៅថា Southern Antarctic Circumpolar Current Front (SACCF) នៃដែនសមុទ្រភាគខាងត្បូងទ្វីបអង់តាកទិក។

ផ្ទាំងទឹកកកធំជាងគេបំផុត​ (ធំជាងខេត្តតាកែវ) ប្រេះបែកហើយនៅអង់តាកទិក! (មានវីដេអូ)
ជ្រុងមួយនៃផ្ទាំងទឹកកក A23a (រូបភាពពីបរទេស)

ជំនោរសមុទ្រដែលមានលក្ខណៈបញ្ច្រាស់ទ្រនិចនាឡិកាខាងលើនេះ មានចលនាពីកោះ South Georgia របស់អង់គ្លេស ស្ថិតនៅភាគខាងត្បូងមហាសមុទ្រអាត្លង់ទិច ដែលស្ថិតនៅក្បែរទ្វីបអង់តាកទិកផង និងទល់មុខច្រកសមុទ្រ Drake Passage ដែលជាច្រកសមុទ្រដ៏ចលាចល ខណ្ឌចែករវាងទ្វីបអាមេរិកខាងត្បូង និងអង់តាកទិកនោះផង។ កំសួលនៃចរន្តបែបនេះ អូសបន្លាយក្នុងពេលរាប់ខែចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៥ ទំនងជាកត្តាដែលបានជំរុញឲ្យ A23a ប្រេះបែកជាបំណែកៗនៅពេលនេះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ CNN via BAS (ថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥)

480×240 Banner