ចិនត្រៀមដឹកក្រុមអ្នកទេសចរ ឡើងទៅកម្សាន្តទីអវកាស! តម្លៃសំបុត្រ១សន្លឹក ក្បែរកន្លះលានដុល្លារ…

159

(ប៉េកាំង)៖ ប្រទេសចិនកំពុងបង្ហាញក្តីសង្ឃឹមខ្ពស់ថា ក្រុមអ្នកដំណើរដំបូងរបស់ខ្លួន នឹងអាចជិះយានឡើងទៅកម្សាន្តនៅទីអវកាសបាន នៅឆ្នាំ ២០២៥ ខាងមុខនេះ ដោយសំបុត្រក្នុងមួយសន្លឹកអាចមានតម្លៃចាប់ពី ២ – ៣លានយ័ន ឬបើគិតជាប្រាក់ដុល្លារអាមេរិកវិញ គឺចាប់ពី ២៨៧,២០០ ទៅ ៤៣០,៨០០ ដុល្លារទៅ អាស្រ័យលើកញ្ចប់សេវាកម្ម។

(រូបភាពពីបរទេស)

បើតាមលោក Yang Yiqiang ជាអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ផ្នែករ៉ុក្កែតចិន បានបង្ហើបឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ ការធ្វើដំណើរកម្សាន្តទៅកាន់ទីអវកាស មានចំនួន ៣ របៀប (model) ដូចជា៖

១៖ ការចូលទៅកាន់ស្ថានីយអវកាស (Space Station) ដែលនឹងតម្រូវឲ្យក្រុមអ្នកទេសចរ ទទួលការត្រួតពិនិត្យលក្ខខណ្ឌផ្នែករាងកាយ និងស្មារតីជាមុនយ៉ាងតឹងរ៉ឹងបំផុត។

ចិនត្រៀមដឹកក្រុមអ្នកទេសចរ ឡើងទៅកម្សាន្តទីអវកាស! តម្លៃសំបុត្រ១សន្លឹក ក្បែរកន្លះលានដុល្លារ…
ស្ថានីយអវកាសចិន (Image: CNSA)

២៖ ការយកក្រុមអ្នកទេសចរទៅកាន់ទីអវកាស តាមរយៈយន្តហោះដឹកទំនិញ ឡើងទៅកាន់រយៈកម្ពស់ដ៏សមរម្យមួយ រួចទើបផ្ទេរពួកគេទៅកាន់ យានអវកាសមួយទៀត។ ក្រុមហ៊ុន Virgin Galactic របស់សហរដ្ឋអាមេរិក ធ្លាប់ប្រកាសអំពីការប្រើប្រាស់វិធីសាស្ត្រនេះ ជាមួយនឹងតម្លៃសំបុត្ររហូតដល់ទៅ ៤៥០,០០០ដុល្លារក្នុង១សន្លឹក។

យន្តហោះក្រុមហ៊ុន Virgin Galactic របស់សហរដ្ឋអាមេរិក

៣៖ យោងតាមលោក Yang និងអ្វីដែលចិនជារួមកំពុងគិតគូរនោះ គឺការធ្វើដំណើរនៅគន្លងគោចររង (suborbital space travel កម្ពស់ ១០០គីឡូម៉៉ែត្រពីផ្ទៃដី ដែលត្រូវបានចាត់ទុកថាជាទីអវកាស) ព្រោះវានឹងសក្តិសមសម្រាប់ក្រុមអ្នកទេសចរ (សុវត្ថិភាព និងងាយសម្របខ្លួន)។

បើតាមលោក Yang ប្រទេសចិនអាចនឹងដើរទាន់ការអភិវឌ្ឍ វិស័យពាណិជ្ជកម្មអវកាសរបស់សហរដ្ឋអាមេរិក នៅយ៉ាងហោចណាស់ ១០ឆ្នាំទៀត។ យោងតាមរបាយការណ៍រដ្ឋចិន កាលពីឆ្នាំ ២០២១ កន្លងទៅនេះ ប្រទេសចិនមានក្រុមហ៊ុនផលិតផ្កាយរណប, ក្រុមហ៊ុនផ្តល់សេវាបាញ់រ៉ុក្កែត និងក្រុមហ៊ុនផ្តល់សេវាពាក់ព័ន្ធផ្កាយរណប កំពុងធ្វើប្រតិបត្តិការសរុបជាង ៣៧០ក្រុមហ៊ុន៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ CGTN (ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner