ទីបំផុតអាមេរិកទម្លាយ៖ «យើងមានវីដេអូ UFO ជាច្រើនទៀត ដែលមិនអាចបញ្ចេញ…» (VIDEO)

5,114

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបង្កើបកាលពីពេលថ្មីៗនេះថា ទីភ្នាក់ងាររបស់ខ្លួនមានវីដេអូបង្ហាញអំពី វត្ថុហោះហើរមិនអាចត្រូវបានកំណត់អត្តសញ្ញាណ (UFO) ឬក៏ជាភាសាបច្ចេកទេសហៅថា បាតុភូតដែនអាកាស ដែលមិនត្រូវបានកំណត់អត្តសញ្ញាណ (UAP) ជាច្រើនផ្សេងទៀត ប៉ុន្តែពួកគេនឹងមិនទម្លាយវីដេអូទាំងនោះ ចេញជាសាធារណៈនោះឡើយ ព្រោះតែបញ្ហាសន្តិសុខជាតិ។

វត្ថុហោះហើរ ឬបាតុភូតដែនអាកាសដែលមិនត្រូវបានកំណត់អត្តសញ្ញាណ (UFO ឬ UAP)

ការថ្លែងរបស់ស្ថាប័នកងទ័ពជើងទឹកអាមេរិកខាងលើនេះ បានកើតមានឡើង កាលពីដើមខែកញ្ញា ឆ្នាំ២០២២នេះ ជាការឆ្លើយតបទៅនឹងកិច្ចអំពាវនាវ និងស្នើយ៉ាងទទូច តាមរយៈក្រុមអ្នកច្បាប់ការពារសិទ្ធិសេរីភាពសារព័ត៌មាន (FOIA) ដែលទទួលការស្នើដំបូងពីសំណាក់ស្ថាប័ន The Black Vault (ជាវែបសាយបង្ហោះព័ត៌មាន ពាក់ព័ន្ធរដ្ឋាភិបាលដ៏គួរឲ្យទុកចិត្ត) ក្រោយពីខ្លួនបានបញ្ចេញឯកសាររាប់ពាន់សន្លឹក ពាក់ព័ន្ធនឹង UFO។ ការស្នើទាំងអស់នេះត្រូវបានដាក់ទៅកាន់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) និងស្ថាប័នពាក់ព័ន្ធដទៃទៀត នៃរដ្ឋាភិបាលសហព័ន្ធអាមេរិក។

ទីបំផុតអាមេរិកទម្លាយ៖ «យើងមានវីដេអូ UFO ជាច្រើនទៀត ដែលមិនអាចបញ្ចេញ ព្រោះវានឹងបង្កបញ្ហា…»
វត្ថុហោះហើរ ឬបាតុភូតដែនអាកាសដែលមិនត្រូវបានកំណត់អត្តសញ្ញាណ (UFO ឬ UAP)

The Black Vault បានស្នើតាមរយៈ FOIA ទៅកាន់កងទ័ពជើងទឹកអាមេរិក ដូចខាងលើនេះ កាលពីខែមេសា ឆ្នាំ២០២០ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកងទ័ពជើងទឹកនេះ បានទទួលស្គាល់ជាផ្លូវការនូវ «វីដេអូដ៏ល្បីល្បាញចំនួន ៣ ឃ្លីប» ដែលត្រូវបានថតដោយ ពីឡុតបញ្ជាយន្តហោះចម្បាំង ចំណុះឲ្យកងទ័ពជើងទឹក ដោយក្នុងវីដេអូទាំងនោះបានបង្ហាញអំពី យានឬវត្ថុហោះហើរក្នុងល្បឿនលឿនរហ័ស ប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងធ្វើចលនាក្នុងលក្ខណៈចម្លែកៗ ដែលមិនគួរឲ្យជឿ។ The Black Vault បានស្នើឲ្យកងទ័ពជើងទឹកអាមេរិក បញ្ចេញវីដេអូផ្សេងទៀត ឬទាំងអស់តែម្តង ឲ្យតែពាក់ព័ន្ធនឹង UAP ឬ UFO

យន្តហោះចម្បាំងអាមេរិកថតបាន UAP (រូបភាពពី US Media)

ជាងពីរឆ្នាំក្រោយមក គឺនៅដើមខែកញ្ញា ឆ្នាំ២០២២ នេះ ទើបស្ថាប័នកងទ័ពជើងទឹកសហរដ្ឋអាមេរិក ផ្ញើលិខិតឆ្លើយតបមួយដោយទម្លាយថា ជាការពិតពួកគេមានវីដេអូពាក់ព័ន្ធ UAP ច្រើនទៀតនៅក្នុងដៃ ប៉ុន្តែចំពោះការទម្លាយចេញជាសាធារណៈនោះ គឺពួកគេមិនអាចធ្វើបានឡើយ ដោយសារតែខ្លាចប៉ះពាល់ដល់សន្តិសុខជាតិ។ លោក Gregory Cason នាយករងនៃ ការិយាល័យ FOIA នៃកងទ័ពជើងទឹកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការចេញផ្សាយព័ត៌មាននេះ នឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដោយសារវាអាចនឹងក្លាយជាការផ្តល់ ព័ត៌មានសំខាន់ៗដល់សត្រូវ ទាក់ទងនឹងប្រតិបត្តិការរបស់ ក្រសួងការពារជាតិ, កងទ័ពជើងទឹក, ភាពងាយរងគ្រោះ ឬសមត្ថភាពរបស់យើងជាដើម។ មិន​មាន​ផ្នែក​នៃ​វីដេអូ​ណា អាចត្រូវ​បាន​បំបែក​សម្រាប់​ការ​ចេញ​ផ្សាយនោះឡើយ​»

លោក Cason បានសង្កត់ធ្ងន់ទៀតថា ការដែលកងទ័ពជើងទឹកអាមេរិក ប្រកាសទទួលស្គាល់វីដេអូ ឃ្លីបកាលពីលើកមុននោះ ក៏ព្រោះតែពួកវាសុទ្ធតែជាវីដេអូ ដែលត្រូវបានបែកធ្លាយទៅកាន់បណ្តាសារព័ត៌មាន និងពិភាក្សាយ៉ាងទូលំទូលាយជាសាធារណៈរួចទៅហើយ, ហេតុដូច្នេះទើបកងទ័ពជើងទឹកមើលឃើញថា ខ្លួនអាចចេញមុខទទួលស្គាល់ជាផ្លូវការ ចំពោះខ្សែវីដេអូទាំង ឃ្លីបនោះ ព្រោះពួកវានឹងមិនប៉ះពាល់ដល់សន្តិសុខជាតិ បន្ថែមទៀតនោះឡើយ។

សវនាការដោយមន្ត្រីក្រសួងការពារជាតិអាមេរិក កាលពីខែឧសភា ឆ្នាំ២០២២ (រូបភាពពី US Media)

គួរបញ្ជាក់ថា ទោះបីជាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ពេលនេះបានទទួលស្គាល់ថា មានវីដេអូ UFO ឬ UAP ជាច្រើនទៀតនៅក្នុងដៃ ក៏គ្មាននរណាអាចដឹងថា ចំនួនប៉ុន្មាន ឬជាទម្រង់បែបណានោះដែរ។ រឿងរ៉ាវអាថ៌កំបាំងទាំងអស់នេះ ក៏អាចនឹងក្លាយប្រធានបទរសើប ដែលប្រភពមិនផ្លូវការជាច្រើនទៀត យកទៅបំបែកជាចេញជារឿងរ៉ាវពាក់ព័ន្ធមនុស្សក្រៅភព ឬក៏ថាសហោះបន្ថែម ជាក់ជាមិនខាន។ សូមរំលឹកឡើងវិញថា កាលពីខែឧសភា ឆ្នាំ២០២២ ក្រសួងការពារជាតិនៃសហរដ្ឋអាមេរិក បានបើកសវនការស្តាប់ជាប្រវត្តិសាស្ត្រ មិនធ្លាប់មានតាំងពីទសវត្សរ៍ ១៩៦០ ស្តីពីការប្រទះឃើញ UFO ឬ UAP ក្រោយមន្ទីរការពារ Pentagon ទទួលបានរបាយការណ៍ពេញលេញមួយ កាលពីខែមិថុនា ឆ្នាំ ២០២១ ស្តីពីការប្រទះឃើញវត្ថុ ឬបាតុភូតលើដែនអាកាសទាំងនេះសរុប ១៤៤លើក គិតចាប់ពីឆ្នាំ ២០០៤។ អ្វីដែលជាចម្លើយផ្លូវការកាលណោះ គឺសហរដ្ឋអាមេរិក មិនទាន់អាចសន្មត់ថា ពួកវាជាអ្វីឲ្យប្រាកដនោះឡើយ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner