ឆាប់ៗខាងមុខនេះ Juno នឹងចល័តទៅកៀកព្រះចន្ទ Europa បំផុត ដើម្បីផ្តិតរូបភាពច្បាស់ៗ!

270

(បរទេស)៖ គ្រឿងយន្តអវកាស Juno របស់អង្គការ NASA នឹងធ្វើការចល័តទៅកៀកបំផុតពីលើព្រះចន្ទ យូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍ ដោយក្រុមការងារគ្រប់គ្រងបេសកកម្មនេះ កំពុងរំពឹងទុកដោយក្តីរំភើបថា នឹងអាចមើលឃើញផ្ទៃព្រះចន្ទទឹកកកមួយនេះ យ៉ាងច្បាស់បំផុតមិនធ្លាប់មាន តាមរយៈកាមេរ៉ាផ្តិតរូបភាពលើយាន Juno នោះ។

យានអវកាស Juno (រូបភាពពី NASA)

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឆាប់ៗខាងមុខនេះ Juno នឹងហោះទៅកៀក Europa ក្នុងរយៈកម្ពស់តែ ៣៥៨គីឡូម៉ែត្រប៉ុណ្ណោះ (ទាបជាងស្ថានីយអវកាសអន្តរជាតិ ISS ពីលើភពផែនដីទៅទៀត) ហើយកាមេរ៉ា Juno Cam នឹងមានឱកាសផ្តិតយក ស្រទាប់់ទឹកកកកម្រាស់រាប់គីឡូម៉ែត្រ ដែលស្រោបជុំវិញព្រះចន្ទមួយនេះបាន នៅក្នុងកម្រិតរូបភាពច្បាស់បំផុតជាលើកដំបូង។

ឆាប់ៗខាងមុខនេះ Juno នឹងចល័តទៅកៀកព្រះចន្ទ Europa បំផុត ដើម្បីផ្តិតរូបភាពច្បាស់ៗ!
ព្រះចន្ទទឹកកក Europa និងភពព្រហស្បតិ៍ (រូបភាពពី NASA)

ព័ត៌មានដែល Juno អាចនឹងប្រមូលយកបាននោះ នឹងមានប្រយោជន៍ដល់បេសកកម្ម យូរ៉ូប៉ា ឃ្លីបភើ (Europa Clipper) ដែលនឹងចាកចេញពីផែនដី នៅឆ្នាំ២០២៤ ខាងមុខនេះ សំដៅទៅសិក្សាជាចម្បងនៅជុំវិញព្រះចន្ទ Europa។ Europa មានអង្កត់ផ្ចិត ៣,១០០គីឡូម៉ែត្រ ដែលស្មើនឹង ៩០% នៃអង្កត់ផ្ចិតរបស់ព្រះចន្ទភពផែនដីយើង ខណៈកម្លាំងទំនាញរបស់វា គឺស្មើតែ ១៣% ប៉ុណ្ណោះនៃកម្លាំងទំនាញផែនដី។

បេសកកម្មយាន Galileo ឆ្នាំ២០០០ (រូបភាពពី NASA)

គួរបញ្ជាក់ថា Juno មិនមែនជាយានដែលនឹងត្រូវហោះទៅកៀក Europa បំផុតនោះឡើយ ព្រោះកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០០០ គ្រឿងយន្តមួយទៀតឈ្មោះ ហ្គាលីឡេអូ (Galileo) បានហោះទៅកៀកព្រះចន្ទទឹកកកនោះបំផុត រហូតដល់ទៅ ៣៥១គីឡូម៉ែត្រឯណោះ។ តែយ៉ាងណា ការផ្តិតរូបភាពដោយ Juno នឹងក្លាយរឿងថ្មីមួយទៀតជាក់ជាមិនខាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/SPACE (ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner