HOT NEWS: ម៉ោង ៦៖១៤នាទីព្រឹកថ្ងៃអង្គារ ទី២៧ ខែកញ្ញា (ស្អែកនេះ) យាន DART នឹងហោះបុកអាចម៍ផ្កាយហើយ (VIDEO)
(បរទេស)៖ នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ គឺនៅវេលាម៉ោង ៦៖១៤នាទីព្រឹកថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) យានអវកាស DART របស់អង្គការ NASA នឹងហោះទៅបុកអាចម៍ផ្កាយ ឌីម័រហ្វូស (Dimorphos) មានមុខកាត់ ១៦៣ម៉ែត្រ ដែលត្រូវជាព្រះចន្ទរបស់អាចម៍ផ្កាយ ឌីឌីម៉ូស (Didymos) មានមុខកាត់ ៧៨០ម៉ែត្រ ស្ថិតនៅក្នុងទិសដៅបង្វែងដាន អាចម៍ផ្កាយមួយគូនេះឲ្យចេញពីគន្លងដើម។ តែសូមកុំព្រួយបារម្ភ, ព្រោះការធ្វើតេស្តនេះនឹងកើតឡើងនៅចម្ងាយជាង ១០លានគីឡូម៉ែត្រពីផែនដីយើងឯណោះ។

វាគឺជាលំហាត់ហ្វឹកហ្វឺនសាកល្បង ដោយបានចំណាយថវិកាជាង ៣០០លានដុល្លារអាមេរិក នៅក្នុងបេសកកម្មបង្វែទិសដៅអាចម៍ផ្កាយរបស់ NASA មានឈ្មោះថា Double Asteroid Redirection Test ឬយើងហៅយ៉ាងខ្លីថា DART ដែលនឹងក្លាយជាខែលការពារដ៏ធំ សម្រាប់ការពារជីវិតលើផែនដី ពីការវាយប្រហារដោយអាចម៍ផ្កាយធំៗនាថ្ងៃអនាគត។ អង្គការ NASA ក៏រំពឹងផងដែរថា អ្វីៗគ្រប់យ៉ាងនឹងដំណើរការទៅយ៉ាងល្អប្រសើរ នោះទើបយាន DART អាចហោះទៅបុកអាចម៍ផ្កាយ Dimorphos ទៅតាមពេលវេលាដែលត្រូវបានកំណត់។

គួរបញ្ជាក់ថា ចង្កោមអាចម៍ផ្កាយខាងលើនេះ គ្មានទិសដៅមករកភពផែនដីយើងឡើយ ប៉ុន្តែអង្គការ NASA បានធ្វើការកំណត់ និងយកពួកវាធ្វើជាឧទាហរណ៍ ដើម្បីសាកល្បងសមត្ថភាពនៃយាន DART បំពាក់គ្រឿងផ្ទុះនុយក្លេអ៊ែរ ក្នុងការបំបុក និងបង្វែទិសដៅរបស់វាចេញវិញ នៅក្នុងករណីដែលវាមានមុខព្រួញ មករកភពផែនដីយើងនោះ។ ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ប្រសិនបើការធ្វើតេស្ត DART ជោគជ័យនោះ យើងនឹងអាចការពារភពផែនដីបាន ក្នុងករណីដែលថ្ងៃមុខមានអាចម៍ផ្កាយដ៏គ្រោះថ្នាក់ណាមួយ ត្រូវបានគេគណនាថា នឹងមានឱកាសហោះមកបុកភពផែនដីនោះ។
លោកអ្នកក៏អាចទស្សនាការ Live ផ្ទាល់នៃបេសកកម្មខាងលើនេះ ចាប់ពីវេលាម៉ោង ៥៖០០នាទីព្រឹកស្អែកនេះ (ថ្ងៃអង្គារ ទី២៧ ខែកញ្ញា ម៉ោងនៅភ្នំពេញ) ផងដែរនៅលើផេក និងវែបសាយផ្លូវការរបស់អង្គការ NASA។ សូមទស្សនាវីដេអូ Animation ដែលត្រូវបានបង្កើតឡើងដោយកុំព្យូទ័រ ស្តីអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើង នៅព្រឹកថ្ងៃអង្គារស្អែកនេះ៖
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/SPACE (ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២)
