ចិនពង្រីកមហិច្ឆតាស្រាវជ្រាវទីអវកាស ដោយប្រកាសស្វាគមន៍ដៃគូថ្មីៗ ដែលចង់សហការ (មិនរំឮកពីរុស្ស៊ី)
(ប៉ារីស)៖ ប្រទេសចិនបាននិងកំពុងស្វែងរក ការកសាងភាពជាដៃគូថ្មីៗ សម្រាប់បេសកកម្មនាពេលខាងមុខ ទៅកាន់ឋានព្រះចន្ទ និង ការបណ្តាក់ទុនយ៉ាងសម្បើម ទៅក្នុងការស្រាវជ្រាវប្រព័ន្ធព្រះអាទិត្យ ខណៈដែលភាពជាដៃគូដ៏សំខាន់ជាមួយរុស្ស៊ីកាលពីមុននោះ មិនត្រូវបានរំឮកឡើយ។
មន្ត្រីបម្រើការងារលើអវកាសចិន បានបង្ហាញនូវឱកាសជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិ នៅក្នុងផែនការរបស់ខ្លួន នាអំឡុងកិច្ចប្រជុំបណ្តាអង្គការអវកាសអន្តរជាតិ (IAC) នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២។

មជ្ឈមណ្ឌលវិស្វកម្មរុករកលើឋានព្រះចន្ទ និងក្រុមការងារវិស្វកម្មអវកាស ស្ថិតក្រោមរដ្ឋបាលអវកាសជាតិចិន (CNSA) បាននិយាយថា ប្រទេសចិនបានបើកចំហចំពោះពាក្យស្នើ សម្រាប់ការចូលរូមបេសកកម្មចុះចត និងគោចរនៅលើតំបន់ប៉ូលខាងត្បូងព្រះចន្ទ ឈ្មោះ ឆាងអឺទី ៧ (Chang’e-7) ដែលត្រូវបានប្រកាសដោយ CNSA និងបន្ទាប់មក គឺបេសកកម្មសាកល្បងឈ្មោះ Chang’e-8។

ដូចដែលយើងបានដឹងហើយថា បេសកកម្មយាន Chang’e-6 មានការចូលរួមពីប្រទេសស៊ុយអែត និងអង្គការអវកាសអឺរ៉ុប (ESA) រួចមកហើយ ទៅលើការអភិវឌ្ឍឧបករណ៍ចាប់សញ្ញា អ៊ីយ៉ុង (ion) ចំណែកប្រទេសអ៉ីតាលីឧបករណ៍ retroreflector, ប្រទេសបារាំងឧបករណ៍ radon instrument និង ប្រទេសប៉ាគីស្ថានឧបករណ៍ CubeSat ដែលត្រូវបានគេហៅថា ICUBE-Q។ ចំណែកឯ អេមីរ៉ាតអារ៉ាប់រួម (UAE) ក៏នឹងមានគ្រឿងយន្តចល័ត (Rover) តូចមួយមួយដែលមានទម្ងន់ប្រហែល ១០គីឡូក្រាម សម្រាប់បេសកកម្មនេះផងដែរ។

នៅក្នុងលំហអវកាសដ៏សែនជ្រៅនេះ ប្រទេសចិនកំពុងធ្វើការលើ បេសកកម្ម ធានវិន ២ (Tianwen-2) ដែលជាបេសកកកម្ម បំពេញទស្សកិច្ចទៅកាន់អាចម៍ផ្កាយ (Asteroid) ដែលស្ថិតនៅកៀកៗនឹងផែនដី ហើយក្រោយមកទើបឈានទៅត្រួតពិនិត្យ ផ្កាយដុះកន្ទុយ (Comet) និងខ្សែក្រវាត់អាចម៍ផ្កាយ (Asteroid Belt) ដោយចាប់ផ្តើមនៅឆ្នាំ ២០២៥ ខាងមុខនេះ។

បន្ថែមពីខាងលើនេះ បេសកកម្ម Tianwen-3 សម្រាប់ដឹកនាំគំរូតាង (Sample) ពីភពព្រះអង្គារ (Mars) និងបេសកកម្ម Tianwen-4 ទៅកាន់ភពព្រហស្បតិ៍ (Jupiter) ក៏នឹងត្រូវបើកចំហចំពោះកិច្ចសហប្រតិបត្តិការដែរ។ បេសកកម្ម Tianwen-4 នឹងរួមបញ្ចូលដោយយាន ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងយានអវកាសដើរដោយថាមពលនៃទំនាញ (Gravity) ដើម្បីជំរុញការចល័ត និងហោះឆ្វែលនៅជុំវិញភពអ៊ុយរ៉ានុស (Uranus)។
គួរបញ្ជាក់ថា ស្ថានីយស្រាវជ្រាវព្រះចន្ទអន្តរជាតិ ដែលជាគម្រោងដ៏ធំមួយ ក្នុងការបង្កើតឲ្យបាននូវ មូលដ្ឋានស្រាវជ្រាវដោយគ្រឿងយន្តជាអចិន្ត្រៃយ៍ និងនៅពេលខាងមុខទៀត សម្រាប់បេសកកម្មមនុស្សដោយផ្ទាល់ ដើម្បីគ្រប់គ្រងមូលដ្ឋានលើឋានព្រះចន្ទ នៅក្នុងទសវត្សរ៍ឆ្នាំ ២០៣០។ បេសកកម្មនេះនឹងអនុញ្ញាតឱ្យបណ្តាប្រទេស ឬទីភ្នាក់ងារ, ក្រុមហ៊ុន និងអង្គភាពនានា អាចចូលរួមនៅក្នុងផែនការទាំងនេះ និងទៅតាមដំណាក់កាល ដើម្បីបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធ នៅលើឋានព្រះចន្ទនាពេលអនាគត៕
ប្រែសម្រួល៖ សេន ចាន់ប៉ូរ៉ុង (Cambo Space)
ប្រភព៖ Space News (ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២)
