លទ្ធផលសិក្សាថ្មី៖ ចិន និងអន្តរជាតិរកឃើញថា Milky Way «ស្រាលជាងការគិត»
(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រចិន និងអន្តរជាតិបានរួមគ្នាសិក្សា និងរកឃើញថា កាឡាក់ស៊ី Milky Way របស់យើងនេះមានម៉ាស (mass) ស្រាលជាងការគណនាពីមុនរហូតដល់ទៅ ពាក់កណ្តាលឯណោះ ខណៈក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិពីមុនបានគណនាថា កាឡាក់ស៊ីរាងគូទខ្យងមួយនេះ មានម៉ាសប្រមាណស្មើនឹង ១ទ្រីលានដង នៃម៉ាសរបស់ព្រះអាទិត្យ (ម៉ាសព្រះអាទិត្យ = 10 ស្វ័យគុណ ២៤ គីឡូក្រាម ឬស្មើម៉ាសផែនដី ៣៣៣,០០០ដង)។

លទ្ធផលនៃការស្រាវជ្រាវថ្មីខាងលើនេះ ត្រូវបានចេញផ្សាយដោយស្ថាប័ន Royal Astronomical Society ក្រោយក្រុមអ្នកវិទ្យាសាស្ត្រចិន និងអន្តរជាតិបានបង្ហាញលទ្ធផលគណនាជាថ្មីថា Milky Way មានម៉ាសសរុបតែ ៥៥០ពាន់លានដង នៃម៉ាសរបស់ព្រះអាទិត្យប៉ុណ្ណោះ។ អ្នកវិទ្យាសាស្ត្រចិនមួយរូបឈ្មោះ Xue Xiangxiang មកពីបណ្ឌិតសភាវិទ្យាសាស្ត្រចិន បានប្រាប់សារព័ត៌មានស៊ីនហួថា «លទ្ធផលសិក្សាចុងក្រោយបានបង្ហាញថា Milky Way ទំនងជាស្តើង ឬស្រាលជាងការគិតពីមុន។ ប្រការនេះមានន័យថា កាឡាក់ស៊ីមួយនេះបញ្ចេញពន្លឺទាបជាងការគណនាពីមុន…»។

គួរបញ្ជាក់ថា ការគណនាទីអវកាសពីមួយជំនាន់ទៅមួយជំនាន់ តែងតែបង្កើតលទ្ធផលខុសប្លែក និងរកឃើញភាពសុក្រិតកាន់តែច្រើនផងដែរ ស្របតាមបច្ចេកវិទ្យារីកចម្រើន និងការរួមសហការគ្នា ពីក្រុមអ្នកជំនាញច្រើនស្ថាប័ន។ ដើម្បីទទួលបានលទ្ធផលខាងលើនេះ ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់បណ្តាញតេឡេស្កូប LAMOST (Large Sky Area Multi-Object Fiber Spectroscopic Telescope) នៅប្រទេសចិន និងតេឡេស្កូបអវកាស Gaia របស់អង្គការអវកាសអឺរ៉ុប (ESA) ជាគោល៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Xinhua/CGTN (ថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២)
