តារាវិទូប្រទះឃើញ «បណ្តុំពពកធូលី-ឧស្ម័នចម្លែក» ចម្ងាយ ៥៣២ឆ្នាំពន្លឺពីផែនដី! (វីដេអូ)

1,089

(បរទេស)៖ បណ្តុំពពកធូលី-ឧស្ម័នដ៏កញ្ជ្រោល និងចម្លែកបំផុត ត្រូវបានក្រុមតារាវិទូអន្តរជាតិ ប្រទះឃើញនៅក្នុងទីអវកាសចម្ងាយ ៥៣២ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ខណៈចម្លើយពិតប្រាកដចំពោះអព្ភូតហេតុនោះ នៅមិនត្រូវបានបញ្ជាក់នោះឡើយ។

តារាវិទូប្រទះឃើញ «បណ្តុំពពកធូលី-ឧស្ម័នចម្លែក» ចម្ងាយ ៥៣២ឆ្នាំពន្លឺពីផែនដី!
(Image credit: Leslie Proudfit)

ជាធម្មតាបាតុភូតដូចខាងលើនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រហៅថា បណ្តុំពពកដែលមានចលនាលឿន ឬ HVCs (High-velocity clouds) ដោយវាតែងតែកើតឡើងនៅតំបន់ដ៏ធំធេងនៃទីអវកាស។ បាតុភូតប្រភេទនេះងាយស្រួលអង្កេតឃើញ ក៏ព្រោះតែពួកវាតែងបញ្ចេញនូវចលានាលឿន ជាងល្បឿននៃចលនារង្វិលរបស់កាឡាក់ស៊ី Milky Way នេះទៅទៀត។

រាប់ទសវត្សរ៍មកហើយ ក្រុមអ្នកស្រាវជ្រាវបានជួបក្តីមន្ទិលជុំវិញហេតុការណ៍នៅពីក្រោយ HVCs ទាំងនោះ ប៉ុន្តែក្រោយការព្យាយាមអង្កេត និងសិក្សាតាមរយៈតេឡេស្កូបនានា ទើបពួកគេអាចទទួលបានចម្លើយជាបន្តបន្ទាប់។ បើតាមតារាវិទូ Joan Schmelz មកពីសមាគមស្រាវជ្រាវទីអវកាស នៃក្រុមសាកលវិទ្យាល័យ (USRA) នៅសហរដ្ឋអាមេរិក បានលើកឡើងថា «រយៈចម្ងាយ គឺជាតំរុយក្នុងការយល់ដឹងពីពពួក HVCs ទាំងនោះ។ អាថ៌កំបាំងជាច្រើននៅទីអវកាស តែងតែត្រូវបានបកស្រាយ នៅពេលយើងដឹងរយៈចម្ងាយពិតប្រាកដរបស់ពួកវា»

សម្រាប់បាតុភូត HVCs ដែលត្រូវបានដាក់ឈ្មោះថា «MI» (អឹមអាយ) ស្ថិតនៅចម្ងាយ ៥៣២ឆ្នាំពន្លឺពីភពផែនដីយើងនោះត្រូវបានគេសន្និដ្ឋានថា អាចជាកាកសំណល់នៃ បន្ទុះស៊ូពើណូវ៉ា (Supernova គឺជាមរណភាពនៃផ្កាយមួយ) កាលពី ១០,០០០ឆ្នាំមុន ហើយវាក៏បានបង្កើតចេញទៅជា តារាណឺត្រុង (neutron star) មួយផងដែរ។

(Image credit: Leslie Proudfit)

ដូចនៅក្នុងរូបភាពដែលត្រូវបានច្នៃឡើងតាមកុំព្យូទ័រខាងលើនេះ, តាមពិតទៅតារាមួយដែលបានផ្ទុះ (Supernova) នោះ ស្ថិតនៅក្នុងប្រព័ន្ធផ្កាយភ្លោះមានឈ្មោះថា 56 Ursae Majoris។ វាពិបាកក្នុងការឲ្យក្រុមតារាវិទូអង្កេត ព្រោះតែតារាជាដៃគូរបស់តារាដែលបានផ្ទុះនោះ នៅតែរក្សាវត្តមានដដែល។ យ៉ាងណាក៏ដោយ ទាំងអស់នេះត្រឹមស្ថិតក្នុងការសន្និដ្ឋានកម្រិតខ្ពស់ប៉ុណ្ណោះ ហើយក្រោយការសិក្សាបន្តទៀតនៅថ្ងៃមុខ ចម្លើយច្បាស់លាស់អាចនឹងត្រូវប្រកាសចេញ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២)

480×240 Banner