ប្រហោងអូហ្សូនលើទ្វីបអង់តាកទិក «រីកធំ ៣ឆ្នាំជាប់ៗគ្នា» តែអ្នកវិទ្យាសាស្ត្រមិនបារម្ភ (មានវីដេអូ)
(បរទេស)៖ ប្រហោងអូហ្សូន (Ozone Hole) ពីលើទ្វីបទឹកកកអង់តាកទិក (Antarctica) ដែលតែងតែកកើតឡើងជាប្រចាំឆ្នាំនោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង្កេតឃើញថា កាន់តែរីកធំឡើងនៅអំលុង ៣ឆ្នាំចុងក្រោយនេះ។ ជាមួយនឹងទំហំសរុប ២៦.៤លានគីឡូម៉ែត្រក្រលា, ការរីកនៃប្រហោងអូហ្សូនលើកនេះ គឺមានទំហំធំធេងបំផុត មិនធ្លាប់មានគិតចាប់ពីឆ្នាំ ២០១៥។ ប៉ុន្តែទោះបីជាអត្រារីកធំប្រចាំឆ្នាំ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះមានកើនឡើងខ្លាំងក្តី ក៏ក្រុមអ្នកវិទ្យាសាស្ត្រ ហាក់មិនមានការព្រួយបារម្ភអ្វីនោះដែរ។

ជុំវិញលទ្ធផលអង្កេតសម្រាប់ឆ្នាំ ២០២២ នេះ លោក Paul Newman ប្រធានក្រុមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវអំពីភពផែនដី មកពីមជ្ឈមណ្ឌលអវកាស Goddard របស់អង្គការ NASA បានលើកឡើងថា «គ្រប់ទិន្នន័យទាំងអស់បង្ហាញថា ស្រទាប់អូហ្សូនកំពុងស្ថិតក្នុងការជួសជុល…។ សម្រាប់និន្នាការជារួម មានការវិវត្តន៍ទៅមុខដោយវិជ្ជមាន។ វាហាក់អាក្រក់បន្តិចនៅឆ្នាំនេះ ព្រោះជាឆ្នាំដែលត្រជាក់បន្តិច…»។
បើតាមអង្គការ NASA ប្រហោងអូហ្សូនត្រូវបានអង្កេតជាលើកដំបូង កាលពីដើមទសវត្សរ៍ ១៩៨០ ហើយវាបានរីកធំខ្លាំងបំផុត កាលពីឆ្នាំ ២០០៦។ សម្រាប់ប្រហោងអូហ្សូននៅក្នុងឆ្នាំ ២០២២ នេះ បានឈានដល់កម្រិតរីកធំបំផុត កាលពីថ្ងៃទី ៥ ខែតុលា ហើយវាគឺជាទំហំធំបំផុត មិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ២០១៥។ ប៉ុន្តែ, ដូចអ្នកជំនាញបានពន្យល់ខាងលើនេះរួចហើយ, ពួកគេមិនមានការព្រួយបារម្ភអ្វីឡើយ ព្រោះតែដំណើរការផ្សះផ្សា នៅតែបន្តស្ថិតក្នុងភាពវិជ្ជមាន។

គួរបញ្ជាក់ថា អូហ្សូន (Ozone) ត្រូវបានផ្សំឡើងពីអាតូមអុកស៊ីសែន (Oxygen Atoms) ចំនួន ៣ និងមានបរិមាណតិចតួចប៉ុណ្ណោះ នៅក្នុងស្រទាប់បរិយាកាស ប៉ុន្តែវាជារនាំងដ៏ចាំបាច់ខ្លាំងណាស់ សម្រាប់ភពផែនដីរបស់យើង។ ស្រទាប់ដែលប្រៀបបីដូចជាភួយគ្របដណ្តប់មួយនេះ គឺជាខែលរារាំងកាំរស្មីស្វាយអ៊ុលត្រា (Ultraviolet ឬ UV) ផ្ទុកធាតុវិទ្យុសកម្ម (Radiation) ចេញពីព្រះអាទិត្យ ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់់ជីវិតលើផែនដី។
ស្រទាប់អូហ្សូន (Zone Layer) ស្ថិតនៅក្នុងមណ្ឌលអាកាសស្ងប់ (Stratosphere) ដែលជាស្រទាប់បរិយាកាសទី ២ (មានកម្ពស់ចាប់ពី ១០-៥០គីឡូម៉ែត្រពីផ្ទៃដី) ក្នុងចំណោមស្រទាប់់បរិយាកាសទាំង ៤ (កម្មវិធីសិក្សាថ្មីរបស់បរទេសមាន ៥ ស្រទាប់) របស់ភពផែនដី ខណៈវត្តមានរបស់ស្រទាប់អូហ្សូន គឺស្ថិតក្នុងរយៈកម្ពស់ចាប់ពី ១៤.៥-២៩គីឡូម៉ែត្រពីផ្ទៃដី។

ទោះបីជាស្រទាប់អូហ្សូនតែងត្រូវបានបង្កើតឡើង និងបំផ្លាញទៅវិញដោយធម្មជាតិក្តី ក៏ការបំពុលបរិយាកាស ដោយសកម្មភាពមនុស្សនៅលើផែនដី បានជំរុញការបំផ្លិចបំផ្លាញនេះឲ្យកាន់តែខ្លាំង ជាងការកកើតអូហ្សូនទាំងនោះឡើងវិញ។ គ្រឿងអេឡិចត្រូនិកដូចជាទូរទឹកកក និងម៉ាស៊ីនត្រជាក់ ដែលបញ្ចេញសារធាតុគីមី ក្លរីន (Chlorine) ឬ ប្រូមីន (Bromine) សុទ្ធតែជាកត្តា ដែលបាននិងកំពុងបំផ្លាញស្រទាប់អូហ្សូន ខ្លាំងក្លាជាងគេបំផុត៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២)
