នេះជារូបភាពដ៏អស្ចារ្យ និងប្លែកបំផុតមួយថតដោយ Hubble, កុំច្រលំថាជាអ្វីផ្សេង…

1,160

(បរទេស)៖ នេះមិនមែនជានិមិត្តសញ្ញា «I Love You» អ្វីឡើយ តែជារូបភាពដ៏អស្ចារ្យ និងប្លែកមួយសន្លឹកនៃបណ្តុំពពកធូលី និងឧស្ម័ន ឬ នេប៊ុយឡា (Nebula) មានឈ្មោះថា NGC 1999 ដែលពន្លឺរបស់វាអាចកើតមានទៅបាន ព្រោះមានចំណាំងពីពន្លឺផ្កាយ។ នេប៊ុយឡា NGC 1999 ត្រូវបានបន្សល់ទុកពី ការកកើតផ្កាយនាពេលថ្មីថ្មោង ហើយវាជារឿងធម្មតាទៅហើយដែលផ្កាយកកើតថ្មីៗ តែងតែបន្សល់ទុកកាកសំណល់ ដូចជាកម្ទេចធូលី និងឧស្ម័ននោះ។

នេះជារូបភាពដ៏អស្ចារ្យ និងប្លែកបំផុតមួយថតដោយ Hubble, កុំច្រលំថាជាអ្វីផ្សេង…
រូបដើមនៃ NGC 1999 ថតដោយ Hubble (រូបភាពពី NASA និង ESA)

វាមិនខុសពីអ័ព្ទកំពុងតែហ៊ុមព័ទ្ធជុំវិញ អំពូលភ្លើងមួយមួយនោះឡើយ ហើយនេប៊ុយឡាដូចជា NGC 1999 នេះ ត្រឹមតែអាចបញ្ចេញពន្លឺឡើង ឲ្យតេឡេស្កូបអវកាស Hubble ថតបាន ដោយសារតែពន្លឺផ្កាយដែលបង្កប់ នៅក្នុងបណ្តុំពពករបស់វានោះប៉ុណ្ណោះ។ ផ្កាយដែលទើបកកើតនោះមានឈ្មោះថា V380 Orionis ស្ថិតនៅចំកណ្តាលរូបភាពតែម្តង ខណៈក្រុមតារាវិទូបានគណនាថា វាអាចមានអាយុចន្លោះពី ១-៣លានឆ្នាំប៉ុណ្ណោះ។

NGC 1999 ថតដោយ Hubble (ក្រោយការច្នៃបន្ថែម)

គួរបញ្ជាក់ថា បណ្តុំពពកនេប៊ុយឡា NGC 1999 ដែលមានផ្កាយ V380 Orionis នៅក្នុងនោះ ស្ថិតនៅចម្ងាយជាង ៨៧០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ សម្រាប់ទីតាំងវិញ គឺ V380 Orionis ស្ថិតនៅក្បែរ Orion Nebula ដែលស្ថិតនៅក្នុងកញ្ចុំផ្កាយ (តារានិករ) Orion ដ៏ល្បីល្បាញ។ ការអង្កេតផ្កាយវ័យក្មេងខ្ចីមួយនេះ ពិតជាមានប្រយោជន៍សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ក្នុងការសិក្សាអំពីដំណើរវិវត្តន៍របស់ផ្កាយ និងបរិស្ថានជុំវិញវា ក្នុងដំណាក់កាលបឋមនៃជិវិត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA (ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២)

480×240 Banner