៣៥១ឆ្នាំមុន ព្រះចន្ទ Yin-Yang (Lapetus) នៃភពសៅរ៍ ត្រូវបានរកឃើញដោយតារាវិទូអ៊ីតាលី

512

(បរទេស)៖ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៦៧១ តារាវិទូអ៉ីតាលី លោក ជីអូនវែននី កាសស៊ីនី (Giovanni Cassini) បានសិក្សា និងរកឃើញព្រះចន្ទថ្មីមួយទៀតភពសៅរ៍ (Saturn) នោះគឺ ឡាផេថឹស (Lapetus)។ Lepatus ជាព្រះចន្ទទី ២ ដែលពុំមាននរណាធ្លាប់បានរកឃើញឡើយ ហើយក៏ជាព្រះចន្ទដំបូងនៃព្រះចន្ទចំនួន ៤ ដែលលោក Cassini បានរកឃើញជាបន្តបន្ទាប់ នៅក្នុងប្រព័ន្ធភពសៅរ៍នោះផងដែរ។

ដោយឡែក តារាវិទូជនជាតិហូឡង់ម្នាក់ឈ្មោះ គ្រីស្ទាអាន ហ៊ុយជែនស៍ (Christiaan Huygens) បានរកឃើញព្រះចន្ទ Titan (ទីតាន) ដែលជាព្រះចន្ទដ៏ធំបំផុតរបស់ភពសៅរ៍ប្រហែល ៦ឆ្នាំ មុនការរកឃើញព្រះចន្ទ Lapetus ដោយលោក Cassini នោះ។ បន្ទាប់ពីលោក Cassini បានរកឃើញព្រះចន្ទ Lapetus ហើយលោកក៏បានបន្តរកឃើញព្រះចន្ទ រៀ (Rhea), ថេស៊ីស៍ (Tethys) និង ឌីអន (Dione) ផងដែរ។

នៅពេលដែលតារាវិទូ Cassini បានប្រទះឃើញ Lapetus ដំបូង ព្រះចន្ទនេះមើលទៅដូចជាដុំថ្មអាវកាសដ៏តូចមួយ នៅផ្នែកទិសខាងលិចនៃភពសៅរ៍ (បើមើលពីលើផែនដីទៅ)។ លោកក៏បានគណនាគន្លងរបស់វាហើយគិតថា នឹងអាចឃើញវាម្តងទៀតនៅទិសខាងកើត នៃភពសៅរ៍ក្នុងរយៈពេល ៣៩ ថ្ងៃក្រោយមក ប៉ុន្តែវាមិនដូចអ្វីដែលគាត់បានគណនានោះឡើយ លទ្ធផលបានបង្ហាញថា លោកមិនអាចមើលឃើញម្តងទៀត នៅត្រង់កន្លែងដែលលោកបានដៅទីតាំងនោះឡើយ។ បន្ទាប់មកទៀត នៅពេលដែល Lapetus លេចឡើងនៅទិសខាងលិចភពសៅរ៍ម្តងទៀត Cassini បានដឹងថា Lapetus ត្រូវតែងងឹតនៅផ្នែកម្ខាងជាងផ្នែកម្ខាងទៀត ដែលធ្វើឱ្យវាកាន់តែពិបាកមើល នៅពេលដែលផ្នែកងងឹត កំពុងបែរមុខមកកាន់ភពផែនដីរបស់យើង។

៣៥១ឆ្នាំមុន ព្រះចន្ទ Yin-Yang (Lapetus) នៃភពសៅរ៍ ត្រូវបានរកឃើញដោយតារាវិទូអ៊ីតាលី
Lapetus (Yin-Yang) (រូបភាពពី NASA)

ជាង ៣០០ឆ្នាំក្រោយមក អង្គការ NASA បានបញ្ជូនយានអវកាសមួយ ដែលត្រូវបានដាក់ឈ្មោះដូចនឹងតារាវិទូសញ្ជាតិដើមអ៊ីតាលីគឺ Cassini (ក្នុងយាន Cassini មានផ្ទុកគ្រឿងយន្តមួយទៀតឈ្មោះ Huygens ដែលគេបានទម្លាក់លើព្រះចន្ទ Titan នៅឆ្នាំ២០០៥) ហោះឈ្ពោះទៅកាន់ភពសៅរ៍ ហើយ Cassini បានក៏បានផ្តិតយករូបដ៏អស្ចារ្យមួយចំនួនរបស់ព្រះចន្ទ Lapetus ជាច្រើនផងដែរ។ ដោយលទ្ធផលបានបង្ហាញនូវព្រះចន្ទ Lapetus នៅផងដែរគឺមានរូបរាងស្រដៀងទៅនឹង Yin-Yang (ជានិមិត្តសញ្ញាមួយ ក្នុងទស្សនៈវិទ្យាដ៏ល្បីល្បាញរបស់ចិន) ដូច្នេះវាត្រូវបានគេដាក់រហ័សនាមថា «Yin-Yang Moon» តែម្តង៕

ប្រែសម្រួល៖ សេន ចាន់ប៉ូរ៉ុង (Cambo Space)
ប្រភព៖ SPACE/NASA (ថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២)

480×240 Banner