ដំណើររុករកភពអេលៀន «កាន់តែចង្អៀតខ្លាំង» បើយោងលើលទ្ធផលសិក្សាថ្មី (មានវីដេអូ)

1,677

(បរទេស)៖ ការតាមប្រមាញ់ភពនៅប្រព័ន្ធផ្កាយដទៃ ដែលអាចទ្រទ្រង់ជីវិត (ភពអេលៀន) កាន់តែមានភាពចង្អៀតបន្ថែមទៀតហើយ បន្ទាប់ពីលទ្ធផលសិក្សាថ្មីមួយទៀត បាននិងកំពុងបង្កភាពស្មុគស្មាញឡើង។

ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់មានក្តីសង្ឃឹមជាយូរយាមកហើយថា តារាដែលសំបូរជាងគេក្នុងចក្រវាល នោះគឺ M dwarf ឬ Red dwarf ដែលជាពពួកតារាក្រហមទំហំតូចនោះ អាចធ្វើឲ្យភពគោចរកៀកពួកគេ រក្សាបាននូវបរិយាកាស និងអាចសំបូរដោយសារធាតុកាបូន (carbon) ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតជីវិតដ៏ប្រសើរ។

ដំណើររុករកភពអេលៀន «កាន់តែចង្អៀតខ្លាំង» បើយោងលើលទ្ធផលសិក្សាថ្មី
ផ្កាយលំដាប់ M dwarf (រូបភាពពី NASA)

ប៉ុន្តែយោងតាមលទ្ធផលសិក្សាថ្មី ទៅលើភពមួយដែលកំពុងគោចរជុំវិញតារាប្រភេទ M dwarf មួយដួង ស្ថិតនៅចម្ងាយ ៦៦ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ពីភពផែនដីនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ភពនោះសម្បូរកាបូនជាងផែនដីរហូតដល់ទៅ ៧០០ដង តែហាក់ដូចជា «គ្មានបរិយាកាស» សោះតែម្តង។

ប្រសិនបើគ្មានបរិយាកាសដែលពោរពេញដោយកាបូនទេនោះ ភពមួយប្រាកដជាមិនអាចឲ្យជីវិតកកើត ឬរស់នៅបានឡើយ ខណៈម៉ូលេគុលកាបូនត្រូវបានចាត់ទុកជា មូលដ្ឋានគ្រឹះនៃជីវិត។ អ្នកចូលរួមដឹកនាំការស្រាវជ្រាវមួយរូប គឺបណ្ឌិត Michelle Hill មកពីសាកលវិទ្យាល័យ Riverside រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានលើកឡើងថា «ការរកឃើញថ្មីនេះ មិនមែនជាសញ្ញាល្អប្រសើរឡើយ សម្រាប់ភពប្រភេទដូចខាងលើនេះផ្សេងទៀត ដែលកំពុងគោចរជុំវិញផ្កាយលំដាប់ M dwarf នានាដែរនោះ…»

តំបន់ Habitable Zone ជុំវិញផ្កាយប្រភេទផ្សេងៗគ្នា (រូបភាពពី NASA)

លោកស្រី Hill បានសង្កត់ធ្ងន់ថា «រលកធាតុវិទ្យុសកម្មចេញពីផ្កាយនោះ គឺពិតជាខ្លាំងក្លាណាស់ ដែលគ្រប់គ្រាន់នឹងរុញច្រានបរិយាកាសភពមួយ ឲ្យខ្ទាតចេញទៅឆ្ងាយបាន…»។ ពពួកតារាប្រភេទ M dwarf នេះ ត្រូវបានគេដឹងជានិច្ចថា មានលក្ខណៈកញ្ជ្រោល ហើយតែងតែជះចេញនូវអណ្តាតភ្លើង (flare) និងភ្លៀងនៃធាតុវិទ្យុសកម្ម (radiation) ទៅលើភព ឬវត្ថុអវកាសនៅក្នុងប្រព័ន្ធពួកវា។

សូម្បីតែព្រះអាទិត្យយើង ដែលស្ថិតនៅក្នុងលំដាប់តារា Yellow dwarf ឬ G-type Star (ផ្កាយពណ៌លឿងទំហំតូច) នោះ ក៏តែងតែកើតមានការជះចេញនូវអណ្តាតភ្លើង (Solar flare) និងព្យុះព្រះអាទិត្យ (Solar storm) ជារឿយៗផងដែរ ហើយប្រាកដណាស់ ព្រឹត្តិការណ៍អាក្រក់ទាំងនោះបានធ្វើឲ្យផែនដី បាត់បង់បរិយាកាសទៅកាន់ទីអវកាស។ ប៉ុន្តែដោយសារតែភពផែនដីមានភ្នំភ្លើងសកម្ម និងការបញ្ចេញឧស្ម័ននានាពីខ្លួនជានិច្ចនោះ ផែនដីនៅតែអាចរក្សាបរិយាកាសរបស់ខ្លួនបាន។

លំដាប់ផ្កាយ Red dwarf មានលក្ខណៈកញ្ជ្រោលខ្លាំង (រូបភាពពីបរទេស)

សម្រាប់ភពត្រងោលគ្មានបរិយាកាស ដែលស្ថិតនៅចម្ងាយ ៦៦ឆ្នាំពន្លឺពីផែនដីនោះមានឈ្មោះថា GJ 1252 b ដែលគោចរជុំវិញផ្កាយលំដាប់ M dwarf ឈ្មោះ GJ 1252។ ក្រុមអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានក្នុងការសិក្សាថ្មីថា ភពនេះទំនងជាធ្លាប់កកើតបរិយាកាស ប៉ុន្តែបរិយាកាសទាំងនោះត្រូវបានបោសសម្អាតទៅវិញ ដោយសារតែឥទ្ធិពលផ្កាយមេរបស់វា។

ភព GJ 1252 b ដែលអត់មានបរិយាកាស (រូបភាពពី NASA)

តាមរយៈការអង្កេតដោយតេឡេស្កូបអវកាស TESS និងក្រោយមកទៀតគឺតេឡេស្កូបអវកាស Spitzer នៅដើមឆ្នាំ ២០២០ កំលុងពេលថ្ងៃរបស់ភព GJ 1252 b មានកម្តៅរហូតដល់ទៅ ១,២២៨ អង្សាសេឯណោះ។ ការសិក្សាអំពីបុគ្គលិកលក្ខណៈនៃប្រព័ន្ធផ្កាយ GJ 1252 នោះ ហាក់ដូចជាគាស់រំលើងឡើងវិញ «អំពីរបៀបនៃការកំណត់រកភពអេលៀន» ដោយមានការចូលរួមពីសាកលវិទ្យាល័យជាច្រើនទូទាំងសហរដ្ឋអាមេរិក ព្រមទាំងមន្ទីរពិសោធន៍ និងបច្ចេកវិទ្យាធំៗរបស់អង្គការ NASA ដូចជា JPL និង Caltech ផងដែរ។

តេឡេស្កូបអវកាស Spitzer (រូបភាពពី NASA)

យោងតាមការអង្កេតរកបរិយាកាសភព តាមរយៈការសម្ងំអង្កេត ស្រមោលភពគោចរឆ្លងផ្កាយដោយ Spitzer (មុនពេលដែលវាត្រូវបាន បិទបញ្ចប់បេសកកម្មជារៀងរហូតកាលពីដើមឆ្នាំ ២០២០) នោះថា ភព GJ 1252 b ហាក់ដូចជា «គ្មានបរិយាកាស ឬមានតិចតួចបំផុត»។ ជុំវិញបញ្ហានេះ លោកស្រី Hill បានថ្លែងថា លោកស្រីពិតជាតក់ស្លុត ដែលលទ្ធផលសិក្សាថ្មីនេះមិនបានរកឃើញសញ្ញានៃបរិយាកាសសោះឡើយជុំវិញភព GJ 1252 b

លោកស្រី Hill ធ្លាប់បានរំពឹងថា នឹងអាចរកឃើញអ្វីដ៏គួរឲ្យចាប់អារម្មណ៍ ដូចជាភព ឬព្រះចន្ទ នៅក្នុងតំបន់អំំណោយផលដល់ការកកើតជីវិត (Habitable Zone) ជុំវិញផ្កាយ GJ 1252 នោះ ប៉ុន្តែលោកស្រីពិតជាខកចិត្តខ្លាំងបំផុត ក្រោយពីបានរកឃើញតែភពថ្មមួយចំនួន កំពុងគោចរ។ លោកស្រី Hill បានគូសបញ្ជាក់បន្ថែមថា យើងនឹងអាចយល់ដឹងបន្ថែម អំពីភពប្រភេទដូចជា GJ 1252 b នោះតាមរយៈតេឡេស្កូបអវកាស James Webb ខណៈប្រព័ន្ធផ្កាយ Trappist-1 ដ៏ល្បីល្បាញ ក៏នឹងស្ថិតក្នុងគោលដៅសិក្សាឆាប់់ៗនេះផងដែរ។

ប្រព័ន្ធផ្កាយ Trappist-1 (រូបភាពពី NASA)

យ៉ាងណាក៏ដោយសូមកុំទាន់អាលអស់សង្ឃឹម ព្រោះបើទោះបីជាភពនៅជុំវិញប្រព័ន្ធផ្កាយលំដាប់ M dwarf អាចគ្មានបរិយាកាស ដែលមិនសមឲ្យយើងធ្វើការស្រាវជ្រាវរកជីវិតអេលៀនមែន ក៏នៅមានប្រព័ន្ធផ្កាយស្រដៀង​ព្រះអាទិត្យយើងប្រមាណ ១,០០០ដួងទៀត ដែលអាចចាត់ទុកថា នៅកៀកៗនឹងប្រព័ន្ធផ្កាយយើងដែរ ហើយពួកវាទាំងអស់នោះ ក៏អាចមានភពកំពុងគោចរនៅក្នុងតំបន់ Habitable Zone ផងក៏ថាបាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ CNN (ថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២)

480×240 Banner