នេះជាកាមេរ៉ាឌីជីថល (៣,២០០មេហ្គាភីសែល) ធំជាងគេបំផុតក្នុងលោក! តើវាមានតួនាទីអ្វី?

1,544

(អាមេរិក)៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ (ពេលវេលានៅអាមេរិក) មន្ទីរជំរុញល្បឿននៃការពិសោធន៍ជាតិ SLAC ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញអំពីដំំណើរការផលិត កាមេរ៉ាឌីជីថលយក្ស (Digital Camera) ធំជាងគេបំផុតនៅលើពិភពលោក ដែលមានឈ្មោះបណ្តោះអាសន្នថា LSST (the Legacy Survey of Space and Time) ជាមួយនិងកម្ពស់ ១.៦៥ម៉ែត្រ និងទម្ងន់ ៣តោន ដែលប្រហាក់ប្រហែលនឹង រថយន្តធុនតូចមួយគ្រឿងទៅហើយ។

សម្រាប់សមត្ថភាពរបស់វាវិញ គឺអាចផ្តិតយកវត្ថុតូចៗបានច្បាស់ សូម្បីតែស្ថិតនៅរយៈចម្ងាយរាប់គីឡូម៉ែត្រ ដោយសារតែវាមានកម្រិតភាពច្បាស់ រហូតដល់ទៅ ៣,២០០មេហ្គាភីចសែលឯណោះ (ឧទាហរណ៍វាអាចថតគ្រាប់បាល់ Golf មួយបានយ៉ាងច្បាស់ពីចម្ងាយ ២៤គីឡូម៉ែត្រ) ជាមួយនឹង Sensor សរុបដល់ទៅ ១៨៩គ្រឿង ហើយ Sensor នីមួយៗមានទំហំ ៤២មីលីម៉ែត្រ (១៦ម៉េហ្គាភីចសែល) ដែលធំជាង Sensor កាមេរ៉ារបស់ iPhone 13 ទៅទៀត។

បើតាម SLAC កាមេរ៉ាមួយនេះ នឹងផ្តល់ប្រយោជន៍ធំធេងដល់ក្រុមតារាវិទូ ក្នុងការសិក្សាអំពីកាឡាក់ស៊ីរាប់ពាន់លាននៅក្នុងចក្រវាលយើងនេះ បន្ថែមពីលើតេឡេស្កូបលើដី និងតេឡេស្កូបអវកាសដែលមានស្រាប់។ កាមេរ៉ាយក្ស LSST នឹងត្រូវតម្កល់ក្នុងមន្ទីរពិសោធន៍មួយលើតំបន់ប្រជុំភ្នំ Andes ស្ថិតនៅប្រទេសឈីលី (Chile) នៅចុងឆ្នាំ ២០២៤

គួរបញ្ជាក់ថា ក្រោយដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២៤ កាមេរ៉ាយក្ស LSST នឹងត្រូវដំណើរការរយៈពេល ១០ឆ្នាំ។ កាឡាក់ស៊ីសរុប ២០ពាន់លានកាឡាក់ស៊ី កំពុងរង់ចាំ LSST ហើយទិន្នន័យប្រមាណ ១៥ តេរ៉ាបៃ (terabytes) នឹងត្រូវប្រមូលទុករៀងរាល់យប់ ដើម្បីជាជំនួយដល់ការសិក្សាអំពីដំណើរវិត្តន៍នៃពពួកកាឡាក់ស៊ី នៅក្នុងចក្រវាលយើងនេះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និង Images៖ CGTN (ថ្ងៃព្រហស្បតិ៍ ទី២៧​ ខែតុលា ឆ្នាំ២០២២)

480×240 Banner