យល់ដឹង៖ សសរគ្រីស្តាល់ធំបំផុត នៅក្នុងរូងភ្នំម៉ិកស៊ិក ដែលមានតែមួយគត់លើផែនដី (មានវីដេអូ)
(បរទេស)៖ ថ្មីៗនេះមានការផ្សព្វផ្សាយ អំពីការរកឃើញបណ្តុំសសរគ្រីស្តាល់យក្ស នៅលើផែនដី ហើយតាមការពិតទៅវាត្រូវបានចេញផ្សាយលើកចុងក្រោយតាំងតែពីដើមឆ្នាំ ២០១៩ មកម្ល៉េះ ខណៈការផ្សព្វផ្សាយដំបូងៗគឺតាំងពីឆ្នាំ ២០០៨, ហើយគ្រីស្តាល់ទាំងនោះ ក៏កំពុងស្ថិតក្នុងការគាំពារ ដ៏ល្អប្រសើរពីអាជ្ញាធរម៉ិកស៊ិកផងដែរ។ វាជាអច្ឆរិយៈភាពនៃធម្មជាតិ ដ៏អស្ចារ្យបំផុតនៅលើភពផែនដី ដោយសសរយក្សផ្ទុកសារធាតុគ្រីស្តាល់ (Crystal) នេះត្រូវបានរកឃើញ ហើយវាមានប្រវែងរហូតដល់ជិត ១១ម៉ែត្រ និងមានទម្ងន់រហូតដល់ទៅ ៥៥ តោនឯណោះ (សម្រាប់សសរដែលធំជាងគេ)។
ដោយកប់ជម្រៅជាង ៣០០ម៉ែត្រនៅក្រោមភ្នំ ណៃកា (Naica) ក្នុងតំបន់វាលខ្សាច់ ឈីហ័រហ័ន (Chihuahuan) នៃប្រទេសម៉ិកស៊ិក រូងភ្នំនេះត្រូវបានរកឃើញដោយ ក្រុមអ្នករុករករ៉ែមានគ្នាពីរនាក់ ដែលបានជីករូងក្រោមដីថ្មីមួយ សម្រាប់អណ្តូងរ៉ែប្រេងឆៅ និងអណ្តូងរ៉ែប្រាក់។
ដុំសសរគ្រីស្តាល់នីមួយៗបានរីកដុះដាល នៅក្នុងបរិយាកាសធម្មជាតិដ៏កម្រ និងមានស្ថេរភាពបំផុតរបស់រូងភ្នំ។ សម្រាប់សីតុណ្ហភាពទៀតសោត ពួកវាត្រូវបានព័ទ្ធជុំវិញដោយចំហាយទឹក ៥៨អង្សាសេឯណោះ ហើយរូងភ្នំនេះគឺពោរពេញទៅដោយសារធាតុទឹក និងសម្បូរសារធាតុរ៉ែ ដែលបានជំរុញក្នុងការលូតលាស់ នៃដើមគ្រីស្តាល់ទាំងនោះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមនុស្សទៅប៉ះពាល់ នឹងសីតុណ្ហភាពដ៏ក្តៅក្នុងរូងភ្នំនោះ នឹងអាចស្លាប់បាន បន្ទាប់ពីការប៉ះពាល់ដោយផ្ទាល់ត្រឹមតែ ១៥នាទីប៉ុណ្ណោះ។ កម្តៅដ៏ក្តៅរបស់រូងភ្នំបានមកពីជម្រៅនៃផែនដី។
ប្រតិបត្តិការរុករករ៉ែសម័យទំនើប បានលាតត្រដាងភាពអស្ចារ្យ នៃធម្មជាតិខាងលើនេះ ដោយការបូមទឹកចេញពីរូងភ្នំ ដែលត្រូវបានរកឃើញក្នុងឆ្នាំ ២០០០ នៅជិតទីក្រុង ដេលីស៊ីយ៉ាស (Delicias) នោះ។
Naica គឺជាអណ្តូងរ៉ែនាំមុខ និងប្រកបដោយផលិតភាពបំផុតមួយ នៅលើពិភពលោក ហើយក៏ជាអ្នកផ្គត់ផ្គង់រ៉ែប្រាក់ដ៏ធំ របស់ពិភពលោកផងដែរ។ ឥឡូវនេះក្រុមហ៊ុនរុករក រ៉ែ ត្រូវបានស្នើសុំឲ្យរក្សារូងភ្នំនេះ។ ក្រុមអ្នកស្រាវជ្រាវភូមិសាស្ត្រ Juan Manuel García-Ruiz បាននិយាយថា «មិនមានបណ្តុំសសរគ្រីស្តាល់ប្រភេទនេះ នៅកន្លែងណាផ្សេងទៀតលើភពផែនដីឡើយ»។
គួរបញ្ជាក់ថា បណ្តុំសសរគ្រីស្តាល់ដ៏ធំ និងគួរឱ្យភ្ញាក់ផ្អើលនេះ បានកកើតចេញពីសារធាតុរ៉ែដែលត្រូវបានគេហៅថា gypsum (ហ្គីបសឹម) ។ ហើយគ្រីស្តាល់ធំបំផុត ដែលត្រូវបានរកឃើញនៅ Naica នេះ មានអាយុកាលប្រមាណ ៥០០,០០០ឆ្នាំមកហើយ៕
ប្រែសម្រួល៖ សេន ចាន់ប៉ូរ៉ុង (Cambo Space)
ប្រភព៖ The Telegraph (ថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២)