NASA៖ «បេសកកម្មទៅរកអាចម៍ផ្កាយ 16 Psyche ដែលថ្លៃជាងសេដ្ឋកិច្ចសកលរាប់ម៉ឺនដង នឹងចាប់់ផ្តើមនៅឆ្នាំក្រោយ»
(បរទេស)៖ អង្គការ NASA នៃសហរដ្ឋអាមេរិក ទើបតែបានប្រកាសកាលពីពេលថ្មីៗនេះថា បេសកកម្មទៅរកអាចម៍ផ្កាយ «ផ្សាយជី ១៦» (16 Psyche) ដែលត្រូវបានក្រុមអ្នកជំនាញគណនាថា មានតម្លៃថ្លៃជាងសេដ្ឋកិច្ចសកលលោកទាំងមូល រហូតដល់ទៅរាប់ម៉ឺនដងនោះ នឹងចាប់ផ្តើមនៅឆ្នាំ ២០២៣ ឆាប់ៗខាងមុខនេះហើយ បន្ទាប់ពីការព្យាយាមក្នុងឆ្នាំ ២០២២ នេះបានទទួលបរាជ័យ។

«ផ្សាយជី ១៦» មានទីតាំងស្ថិតនៅគន្លងគោចរចន្លោះរវាង ភពអង្គារ (Mars) និង ភពព្រហស្បតិ៍ (Jupiter) ហើយយានអវកាសដែលត្រូវបានគ្រោងបាញ់បញ្ជូន ទៅកាន់អាចម៍ផ្កាយមួយនេះ បានគ្រោងចាកចេញពីផែនដីកាលពីអំលុងខែសីហា ឆ្នាំ២០២២ ប៉ុន្តែត្រូវបានផ្អាកវិញ ព្រោះតែបានជួបបញ្ហាលើកម្មវិធី (software) និងការដាក់ដំណើរការឧបករណ៍ពាក់ព័ន្ធ ដែលបានធ្វើឲ្យវាខកបាត់ឱកាស នៅក្នុងការបាញ់បង្ហោះនោះ។
ជុំវិញដំណើរការថ្មីខាងលើនេះ លោកស្រី Laurie Leshin នាយកមន្ទីរពិសោធន៍ JPL របស់អង្គការ NASA បានលើកឡើង នៅចុងខែតុលា ឆ្នាំ២០២២ ថា «ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះក្រុមការងារគ្រប់គ្រងបេសកកម្ម Psyche។ កំលុងពេលដែលខ្ញុំផ្តល់បទសម្ភាសន៍នេះ ពួកគេបានបញ្ចប់ការងាររួចរាល់ហើយ ដើម្បីត្រៀមទុកដល់ថ្ងៃបាញ់បង្ហោះ (យាន Psyche) សាជាថ្មី។ ខ្ញុំមានទំនុកចិត្តថា ផែនការទាំងមូលនឹងដំណើរការទៅមុខ…»។

គួរបញ្ជាក់ថា អាចម៍ផ្កាយ 16 Psyche មានមុខកាត់ ២២៦គីឡូម៉ែត្រ និងផ្ទុកពេញទៅដោយរ៉ែមានតម្លៃមួយចំនួនដូចជា ដែក (iron), នីកែល (nickel) និង មាស (gold) ជាចម្បង។ យោងតាមការគណនាតាមតម្លៃទីផ្សារលើផែនដី អាចម៍ផ្កាយមួយនេះមានតម្លៃសរុប ១០,០០០ ក្វាឌ្រីលាន (quadrillion) ដុល្លារ សហរដ្ឋអាមេរិក (១ក្វាឌ្រីលាន = ១,០០០ទ្រីលាន) ខណៈសេដ្ឋកិច្ចពិភពលោកទាំងមូល កាលពីឆ្នាំ ២០២១ កន្លងទៅនេះ មានទំហំត្រឹមតែជាង ៤៣០ ទ្រីលាន (trillion) ដុល្លារ សហរដ្ឋអាមេរិកតែប៉ុណ្ណោះ (មិនបានពាក់កណ្តាល ១ ក្វាឌ្រីលាននោះឡើយ)។
សម្រាប់ពេលវេលាបាញ់បញ្ជូនយាន Psyche សាជាថ្មីនោះ នឹងកើតឡើងនៅមុនថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ តាមរយៈរ៉ុក្កែត Falcon Heavy របស់ក្រុមហ៊ុន SpaceX។ យានអវកាស Psyche នឹងទៅដល់អាចម៍ផ្កាយ ផ្សាយជី ១៦ នៅអំលុងឆ្នាំ ២០២៩ ដែលយឺតជាងគម្រោងដើម គឺនៅឆ្នាំ ២០២៦។

សម្រាប់គោលដៅស្មូលនៃផ្នែកវិទ្យាសាស្ត្ររបស់បេសកកម្មយាន Psyche គឺអង្គការ NASA នឹងសិក្សាអំពីស្នូលអាចម៍ផ្កាយ ផ្សាយជី ១៦ នោះថា តើវាជាពិតជារូបធាតុដែលមិនចេះរលាយ ឬយ៉ាងណា។ NASA ក៏នឹងធ្វើការកំណត់អាយុកាល នៃតំបន់ផ្សេងៗគ្នាលើផ្ទៃអាចម៍ផ្កាយនោះផងដែរ។ NASA នឹងសិក្សាលើចំណុចសំខាន់មួយទៀត ពាក់ព័ន្ធនឹងវត្ថុធាតុនានា ដែលបង្កើតអាចម៍ផ្កាយនោះឡើង ថាតើវាពិតជាមានលក្ខណៈដូចនឹងវត្ថុធាតុផ្សំ ក្នុងស្នូលប្រកបដោយសម្ពាធរបស់ភពផែនដី ដូចការរំពឹងដែរ ឬក៏យ៉ាងណា៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២)
