រកឃើញអាចម៍ផ្កាយខ្នាតធំ «១.៥គីឡូម៉ែត្រ» អាចគំរាមភពផែនដីនៅថ្ងៃមុខ! (មានវីដេអូ)
(បរទេស)៖ កម្មវិធីស្វែងរកអាចម៍ផ្កាយគ្រោះថ្នាក់ (PHA) របស់អន្តរជាតិ ទើបតែបានប្រកាសនៅដើមខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ពួកគេបានរកឃើញអាចម៍ផ្កាយដ៏ធំបំផុតមួយ នៅក្នុងកម្មវិធីអង្កេតអស់រយៈពេល ៨ ឆ្នាំមកនេះ ដោយវាមានមុខកាត់ជាមធ្យម ១.៥គីឡូម៉ែត្រ (អាចចន្លោះពី ១.១ ទៅ ២.៣គីឡូម៉ែត្រ) និងបានលាក់ខ្លួនជាយូរមកហើយនៅពីក្រោយពន្លឺព្រះអាទិត្យ ដែលធ្វើឲ្យតេឡេស្កូបលើដីពិបាកក្នុងការអង្កេតរកវា។

ភ្លាមៗក្រុមតារាវិទូបានចាត់បញ្ចូលអាចម៍ផ្កាយខាងលើនេះ ទៅក្នុងជំពូក «planet killers» ឬ «អាចម៍ផ្កាយដែលមានលទ្ធភាព បង្កការបំផ្លិចបំផ្លាញដល់ភពផែនដី»។ វាត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា 2022 AP7 ដែលត្រូវបានរកឃើញថ្មីៗនេះ ស្ថិតនៅក្នុងគន្លងគោចរក្បែរភពផែនដី និងភពសុក្រ (Venus) ហើយក៏ត្រូវបានចាត់ចូលក្នុងចង្កោម នៃវត្ថុអវកាសធំៗចំនួន ៥% នៃកម្មវិធី PHA ផងដែរ។
គួរបញ្ជាក់ថា 2022 AP7 គោចរជុំវិញព្រះអាទិត្យមួយជុំ ប្រើប្រាស់រយៈពេល ៥ឆ្នាំ (នៃពេលវេលាលើផែនដី) ហើយថ្មីៗនេះ វាទើបតែឆ្លងកាត់គន្លងគោចរនៃភពផែនដី នៅពេលដែលភពផែនដីកំពុងស្ថិតនៅម្ខាងទៀតនៃព្រះអាទិត្យ។ ដោយសារតែវាមានទំហំធំ និងបានធ្វើដំណើរឆ្លងកាត់ គន្លងគោចរភពផែនដីបែបនេះហើយ ទើបវាត្រូវបានចាត់បញ្ចូលទៅក្នុង ជំពូកអាចម៍ផ្កាយដ៏គ្រោះថ្នាក់ (Planet Killers) ចំពោះភពផែនដីយើងបែបនេះ។

យ៉ាងណាក៏ដោយ ក្រុមតារាវិទូនៅតែកំពុងសិក្សានៅឡើយ ចំពោះឥរិយាបថនៃអាចម៍ផ្កាយ 2022 AP7 នោះ ព្រោះតែពួកគេទើបរកឃើញវាថ្មីៗប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលក្រុមការងារអង្កេតរក PHA ដឹកនាំដោយអង្គការ NASA អាចអះអាងជាបឋមពេលនេះ គឺ 2022 AP7 នឹងមិនអាចបង្កគ្រោះថ្នាក់ដល់ភពផែនដី នៅពេលឆាប់ៗខាងមុខនេះឡើយ ខណៈ NASA ក៏ធ្លាប់បានធានារួចមកហើយថា នៅរយៈពេល ១០០ឆ្នាំទៅមុខ នឹងគ្មានអាចម៍ផ្កាយទំហំធំណាមួយ អាចបង្កគ្រោះថ្នាក់ដល់ភពផែនដីនោះដែរ។

គួររំលឹកថា អាចម៍ផ្កាយ (Dimorphos) ដែលអង្គការ NASA បានធ្វើតេស្តហោះបំបុក ដើម្បីផ្លាស់ប្តូរគន្លងគោចររបស់វាកាលពីចុងខែកញ្ញាកន្លងទៅនេះ មានមុខកាត់តែជាង ១៦០ម៉ែត្រប៉ុណ្ណោះ។ ដោយឡែកអាចម៍ផ្កាយ (Chicxulub) ដែលបានផ្តាច់ពូជដាយណូស័រអស់ពីលើផែនដីកាលពី ៦៦លានឆ្នាំមុនវិញនោះ មានមុខកាត់រហូតដល់ទៅ ១០គីឡូម៉ែត្រឯណោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ The Astronomical Journal (ថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២)
