HOT NEWS៖ នេះទើបជា Black Hole ជិតប្រព័ន្ធផ្កាយយើងជាងគេ និងត្រូវកត់ចូលក្នុងបញ្ជី! (មានវីដេអូ)
(បរទេស)៖ នេះមិនមែនជា Unicorn ហើយក៏មិនមែនស្ថិតក្នុងបេក្ខភាពអ្វីនោះដែរ តែវាជាប្រហោងខ្មៅ (Black Hole) ពិតប្រាកដ ដែលត្រូវបានដាក់ឈ្មោះឲ្យថា «Gaia BH1» ត្រូវបានរកឃើញដោយគ្រឿងយន្តអវកាស ហ្គៃអា (Gaia) របស់អង្គការអវកាសអឺរ៉ុប ESA កាលពីពេលថ្មីៗនេះ។
Gaia BH1 ត្រូវបានកត់បញ្ចូលជាផ្លូវការទៅក្នុងបញ្ជីឈ្មោះ ប្រហោងខ្មៅ (Black Holes) ដែលស្ថិតនៅកៀកប្រព័ន្ធព្រះអាទិត្យយើងជាងគេ។ Gaia BH1 ស្ថិតនៅចម្ងាយ ១,៥៦០ឆ្នាំពន្លឺពីផែនដី ដោយបានមកជំនួសប្រហោងខ្មៅជិតបំផុតពីមុន ដែលចម្ងាយ ៣,០០០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។

Gaia BH1 ជាប្រហោងខ្មៅដែលមានម៉ាស ធំជាងម៉ាសរបស់ព្រះអាទិត្យយើង ១០ដង ហេតុដូច្នេះទើបវាត្រូវបានចាត់បញ្ចូលទៅក្នុង Black Hole លំដាប់ stellar-mass។ វាគឺជាប្រព័ន្ធ Binary ឬអាចហៅថាប្រព័ន្ធភ្លោះ ព្រោះប្រហោងខ្មៅថ្មីមួយនេះ មានតារាផ្សេងមួយទៀតស្ថិតនៅជាដៃគូជាមួយវា ហើយតារាមួយនោះទៀតសោត ក៏មានលក្ខណៈស្រដៀងនឹងព្រះអាទិត្យយើងថែមទៀត។
អ្នកដឹកនាំការស្រាវជ្រាវមួយរូបឈ្មោះ Kareem El-Badry មកពីមជ្ឈមណ្ឌល Harvard-Smithsonian នៃសហរដ្ឋអាមេរិក និងវិទ្យាស្ថាន Max Planck របស់ប្រទេសអាល្លឺម៉ង់ បានលើកឡើងថា «ខណៈដែលការរកឃើញប្រព័ន្ធ (Binary) ដូចខាងលើនេះ មានជាច្រើនរួចមកហើយ… ស្ទើរតែទាំងអស់នៃការរកឃើញទាំងនោះ ត្រឹមជាការភាន់ច្រលំប៉ុណ្ណោះ…។ តែលើកនេះជាការរកឃើញដ៏មិនគួរឲ្យជឿ នូវតារាមួយដួងកំពុងគោចរយ៉ាងឆ្ងាយ ពីប្រហោងខ្មៅលំដាប់ stellar-mass មួយ»។

ក្រុមតារាវិទូធ្លាប់បានគណនាថា Black Hole នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ អាចមានចំនួនរហូតដល់ទៅ ១០០លាន (ជាប្រភេទ stellar-mass)។ Stellar-mass Black Hole គឺជាពពួកប្រហោងខ្មៅ ដែលមានម៉ាសចាប់ពីចន្លោះ ៥-១០០ដង នៃម៉ាសរបស់ព្រះអាទិត្យយើង។ ប្រហោងខ្មៅកាន់តែតូច គឺកាន់តែពិបាកឲ្យតារាវិទូអង្កេត, ប៉ុន្តែគ្រឿងយន្តអវកាស Gaia អាចរកឃើញ តាមរយៈបណ្តុំឧបករណ៍ដ៏អស្ចារ្យ ដើម្បីចាប់សញ្ញានៃរលកទំនាញ (Gravitational-wave) ចេញពី Black Holes ទាំងនោះ។
គួរបញ្ជាក់ថា ប្រព័ន្ធនៃប្រហោងខ្មៅ Gaia BH1 បានក្លាយជាទីចាប់អារម្មណ៍ខ្លាំង មិនមែនដោយសារតែវាស្ថិតនៅកៀក ប្រព័ន្ធព្រះអាទិត្យយើងនោះឡើយ ប៉ុន្តែវាកំពុងបង្កឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ងឿងឆ្ងល់ត្រង់ចំណុចមួយថា តើហេតុអ្វីផ្កាយជាដៃគូរបស់វាមួយទៀត គោចរនៅរាងឆ្ងាយពី BH1 បែបនោះ។ ពួកគេអាចគណនាបានថា ប្រហោងខ្មៅ Gaia BH1 ត្រូវបានបង្កើតឡើងដោយការស្លាប់ នៃតារាមួយដួង ដែលមានម៉ាសយ៉ាងហោចណាស់ ២០ដង នៃម៉ាសរបស់ព្រះអាទិត្យយើង៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២)
