តើនេះរូបភាពអ្វី? អង្គការ ESO បញ្ចេញរូបនេះ ដើម្បីប្រារព្ធខួប «៦០ឆ្នាំ» របស់ខ្លួន (មានរូបភាព)
(បរទេស)៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦២ ប្រទេសចំនួន ៥ ដូចជា ប៊ែលហ្សិក, បារាំង, អាល្លឺម៉ង់, ហូឡង់ និងស៊ុយអែត បានចុះហត្ថលេខារួមគ្នានៅទីក្រុងប៉ារីស លើអនុសញ្ញាក្នុងការបង្កើត អង្គការអង្កេតភាគខាងត្បូងរបស់អឺរ៉ុប (European Southern Observatory) ឬ ដែលយើងតែស្គាល់ថា អង្គការអឺរ៉ុប ESO នោះ។

ក្នុងរយៈពេល ៦០ឆ្នាំមកនេះ ESO បានទទួលការគាំទ្រពីប្រទេសចំនួន ១៦ និងធ្វើការសិក្សាចងក្រងលទ្ធផលស្រាវជ្រាវ ដ៏គាប់ប្រសើរយ៉ាងច្រើនអនេក សម្រាប់ជាប្រយោជន៍ដល់ការយល់ដឹង របស់មនុស្សជាតិលើភពផែនដី រាប់ចាប់ពីការបកស្រាយអាថ៌កំបាំងនានា នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងផ្ទាល់ ក៏ដូចជាកាឡាក់ស៊ី ព្រមទាំងចក្រវាលទាំងមូល។

តួយ៉ាងរូបភាពដ៏អស្ចារ្យមួយសន្លឹកនេះ គឺត្រូវបានថតដោយបណ្តាញតេឡេស្កូបយក្ស VLT (Very Large Telescope) របស់ ESO និងត្រូវបានជ្រើសរើសយកមក ដើម្បីអបអរខួប ៦០ឆ្នាំនៃអង្គការនេះ។ វាគឺជាបណ្តុំពពកធូលី-ឧស្ម័ន (ដែលយើងតែងហៅថា នេប៊ូឡា – Nebula នោះ) មួយមានឈ្មោះថា ខូន (Cone Nebula) ដែលមានកម្ពស់ ២.៥ឆ្នាំពន្លឺឯណោះ។

គួរបញ្ជាក់ថា Cone Nebula នេះត្រូវបានរកឃើញដំបូងដោយ តារាវិទូ William Herschel កាលពីអំលុងសតវត្សរ៍ទី ១៨ និងត្រូវចាត់ទុកថា ជានេប៊ូឡាមានរាងដូច «ស្នែងសត្វ»។ វាស្ថិតនៅក្នុងតារានិករ The Unicorn (មានឈ្មោះផ្លូវការថា Monoceros) និងស្ថិតនៅចម្ងាយជិត ២,៥០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ ESO (ថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២)
