អង្គការ AHF នឹងរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២២ ក្រោមប្រធានបទ «វាមិនទាន់ចប់ទេ» នៅថ្ងៃទី២៦ ខែវិច្ឆិកា នៅខេត្តស្វាយរៀង

56

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) រួមជាមួយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នឹងរៀបចំពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២២ នៅលើទឹកដីខេត្តស្វាយរៀង នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ក្រោមប្រធានបទ «វាមិនទាន់ចប់ទេ»។

ប្រធានបទ «វាមិនទាន់ចប់ទេ»នៅឆ្នាំនេះ ដើម្បីរំលឹកដល់មេដឹកនាំពិភពលោក ស្ថាប័នសុខភាព សាធារណៈពិភពលោក និងសង្គមស៊ីវិលថា ការងារជាច្រើននៅតែមានប្រសិនបើយើងធ្វើមួយថ្ងៃបញ្ចប់ នឹងមិនអាចបញ្ឈប់ការរីករាលដាលនៃជំងឺអេដស៍បាននោះទេ។

ទិវានេះនឹងរៀបចំនៅក្នុងវិទ្យាល័យស្វាយរៀង ក្នុងខេត្តស្វាយរៀង ជាមួយក្តីរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ៧០០នាក់ ជាមួយនឹងការរៀបចំការប្រគុំតន្ត្រីប្រកបដោយភាពសប្បាយរីករាយ។ ក្រៅពីនេះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ក៏មានការរៀបចំប្រារព្ធពិធីនេះតាមប្រព័ន្ធអនឡានចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ផងដែរ ដើម្បីជាសារមួយអំពាវនាវឱ្យមានការទៅធ្វើតេស្តឈាមរកមេរោគអេដស៍ជាមួយនឹងការទទួលបានស្រោមអនាម័យ ដោយឥតគិតថ្លៃផងដែរ។

សូមជម្រាបថា យោងតាមស្ថិតិចុងក្រោយរបស់ UNAIDS មនុស្សជាង ៣៨លាននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍/ជំងឺអេដស៍នៅទូទាំងពិភពលោក ហើយមនុស្សជាង ៤០លាននាក់ បានស្លាប់ដោយសារជំងឺដែលទាក់ទងនឹងជំងឺអេដស៍ ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃមេរោគអេដស៍។ ខណៈពេលដែលមនុស្សរាប់លាននាក់សព្វថ្ងៃនេះ កំពុងទទួលបានការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នអង្គការកំពុងផ្តល់ការព្យាបាល ថែទាំ និងសេវាកម្មដល់មនុស្សជាង ១.៤៧លាននាក់ នៅក្នុង៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើតជាដើម៕

អង្គការ AHF នឹងរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២២ ក្រោមប្រធានបទ «វាមិនទាន់ចប់ទេ» នៅថ្ងៃទី២៦ ខែវិច្ឆិកា នៅខេត្តស្វាយរៀង
480×240 Banner