ចង់ទទួលបានអារម្មណ៍រំភើបពិតៗពី «ភាពយន្តអវកាស Interstellar-2014» គួរស្វែងយល់ចំណុចទាំងនេះ…
(បរទេស)៖ ខ្សែភាពយន្តវិទ្យាសាស្រ្តដ៏ល្បីរន្ទឺ «Interstellar» ត្រូវបានដាក់បញ្ចាំងជាលើកដំបូង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ហើយវាទទួលបានជោគជ័យជាទីបំផុត ទាំងខាងហិរញ្ញវត្ថុ និងគុណភាព ដោយនៅក្នុង Box Office រឿងនេះរកចំណូលបានដល់ទៅជាង ៦៧៥លានដុល្លារ ឯណោះទូទាំងពិភពលោក និងទទួលការកោតសរសើរ និងការ Reviews វិជ្ជមានយ៉ាងល្អៗ ជាពិសេសទាក់ទិននឹង Theme របស់រឿងដែលមានលក្ខណៈជាការប្រឌិត ក៏ដូចជាស្រមើស្រមៃបែបវិទ្យាសាស្រ្ត, បទភ្លេង, Visual Effect, និងទេពកោសល្យដ៏ប៉ិនប្រសព្វដ៏របស់តួសម្តែងទាំងអស់តែម្តង។

បន្ថែមពីនេះ ខ្សែភាពយន្ត Interstellar ក៏ទទួលបានពានរង្វាន់ និងជាប់ឈ្មោះប្រកួតប្រជែងមួយចំនួនទៀត នៅក្នុងព្រឹត្តិការណ៍ Academy Awards លើកទី៨៧ ផងដែរ។ សម្រាប់ដំណើររបស់ Interstellar វិញ គឺរៀបរាប់អំពីដំណើររឿង ដែលកើតមានឡើងនាពេលអនាគត នៅពេលដែលភពផែនដីរបស់យើង មិនអាចឲ្យពួកយើងរស់នៅបានតទៀតឡើយ។

អ្នកវិទ្យាសាស្រ្តដ៏ឆ្នើមមួយរូបរបស់អង្គការ NASA កំពុងតែរៀបចំផែនការដ៏សំខាន់បំផុតមួយ ដើម្បីជួយសង្រ្គោះមនុស្សលោកយើង ពីសេចក្តីវិនាសអន្តរាយ តាមរយៈការផ្ទេរក៏ដូចជានាំយកមនុស្សទាំងអស់នៅលើផែនដី ទៅកាន់ភពថ្មីមួយផ្សេងទៀត តាមរយៈឆ្លងចក្រវាឡ (Wormhole)។ ក៏ប៉ុន្តែជាដំបូង គេត្រូវបញ្ជូនអតីតអវកាសយានិកឈ្មោះ Cooper និងក្រុមអ្នកវិទ្យាសាស្រ្ត ឲ្យធ្វើដំណើរតាម Wormhole និងឆ្លងកាត់កាឡាក់ស៊ីទាំងមូល ដើម្បីស្វែងរកថា តើភពណាមួយក្នុងចំណោមបេក្ខភាពភពទាំងបី ដែលត្រូវបានជ្រើសរើស អាចធ្វើជាទីជម្រកថ្មីដ៏សាកសមសម្រាប់មនុស្សលោកបាន។

ចំណុចសំខាន់បន្ថែមទៀតនោះ គឺរឿងនេះបានយកទ្រិស្តីជាច្រើនរបស់អ្នកវិទ្យាសាស្ត្រ ទាក់ទងទៅនឹងប្រហោងខ្មៅ, ការរស់នៅភពជិតប្រហោងខ្មៅធ្វើឲ្យពេលវេលាដើរយឺតជាធម្មតា, និងការធ្វើដំណើរចូលច្រកឆ្លងប្រព័ន្ធព្រះអាទិត្យ «Wormhole» ដើម្បីឆ្លងពីប្រព័ន្ធព្រះអាទិត្យយើង ទៅកាន់ប្រព័ន្ធព្រះអាទិត្យផ្សេងទៀត ដោយប្រើពេលតែមួយយប់ប៉ុណ្ណោះ…។

ចំណុចជិតចប់រឿង គឺអ្វីៗសុទ្ធសឹងតែជារឿងពិបាកនឹកស្មានដល់ ដោយចុងក្រោយគ្មានអ្វីក្រៅពីការព្យាយាមប្រើប្រាស់ធនធាន និងបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍អ្វីៗដែលមានស្រាប់ទៅហើយ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនោះឡើយ។ ថ្វីត្បិតផែនដីមនុស្សរស់នៅលែងកើត តែមនុស្សអាចបង្កើតភពសិប្បនិមិត្ត និងយានដ៏ធំដែលបង្កើតបរិយាកាស ទំនាញ និងប្រព័ន្ធអេកូឡូស៊ី នៅក្នុងនោះផ្ទាល់ក្នុងន័យបន្តពូជពង្ស និងការអភិវឌ្ឍមនុស្សបន្តទៀត នៅក្នុងប្រព័ន្ធរបស់យើង។

ទោះបីវាជាការប្រឌិតឡើងក្តី ប៉ុន្តែវាយោងទៅលើភាពពិតជាក់ស្តែង តាមបែបបទវិទ្យាសាស្ត្រពិត និងអនាគតនៃគំនិតមនុស្ស ដែលឈានទៅរកការពុះពារគ្រប់ឧបសគ្គ ដើម្បីមនុស្សជំនាន់ក្រោយទៀត បន្តរក្សាការអភិវឌ្ឍសតិបញ្ហា ជាមាគ៌ាឆ្ពោះទៅរករបកគំហើញថ្មី ឬការរកឃើញវិធីធ្វើដំណើរទៅទីឋានផ្សេង ក្រៅប្រព័ន្ធព្រះអាទិត្យក្នុងថ្ងៃណាមួយផងក៏ថាបាន៕

