HOT NEWS: យានអវកាស Orion របស់ NASA ហោះកៀកព្រះចន្ទដោយជោគជ័យ! (មានរូបភាព)
(បរទេស)៖ នៅវេលាម៉ោង ៨៖១២នាទីយប់ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) យានអវកាស Orion បានចល័តទៅកៀកនឹងព្រះចន្ទបំផុតតាមការគ្រោងទុកហើយ នៅក្នុងរយៈកម្ពស់ប្រមាណ ១៣០គីឡូម៉ែត្រពីផ្ទៃព្រះចន្ទ។

នៅជាប់ខ្លួនយានអវកាស Orion មានបំពាក់កាមេរ៉ាផ្តិតរូបភាព និងវីដេអូសរុប ១៦គ្រឿង ក្នុងនោះក៏មានកាមេរ៉ាបំពាក់លើបន្ទះស្រូបថាមពលពីពន្លឺព្រះអាទិត្យ (Solar Arrays ផលិតដោយ ESA) ដែលអនុញ្ញាតឲ្យយាននេះថត Selfie ខ្លួនឯងបានផងដែរ។

យាន Orion នៅយប់ថ្ងៃចន្ទនេះ បានធ្វើការ Live វីដេអូ ត្រឹមពេលវាហោះទៅជិតកៀកនឹងព្រះចន្ទប៉ុណ្ណោះ ប៉ុន្តែនៅពេលការហោះកៀកបំផុតមកដល់នោះ យាន Orion បានចល័តទៅដល់នៅផ្នែកខាងក្រោយ Back Side (ផ្នែកដែលមិនបែរមករកផែនដី) ទៅហើយ ហេតុដូច្នេះការបញ្ជូនទិន្នន័យត្រូវបានផ្តាច់សិន និងរង់ចាំការទាក់ទងគ្នាតភ្ជាប់ឡើងវិញ។

ក្រោយការហោះកៀកព្រះចន្ទបំផុត ១៣០គីឡូម៉ែត្រ Orion បានហោះឡើងមកកាន់គន្លងគោចរវិញ នៅយប់ថ្ងៃដដែល ដើម្បីហោះពីលើតំបន់សំខាន់ៗ ជាពិសេសគឺទីតាំងប្រវត្តិសាស្ត្រ ដែលបេសកកម្ម Apollo របស់ NASA ធ្លាប់បានចុះទៅដល់កាលពីទសវត្សរ៍ ១៩៦០ និង ១៩៧០។

យានសាកល្បង Orion ដែលមានសមត្ថភាពអាចផ្ទុកមនុស្ស ៤នាក់ នឹងបន្តចល័តជុំវិញព្រះចន្ទរយៈពេល ៦ថ្ងៃបន្តទៀត គិតចាប់ពីពេលនេះទៅ រួចទើបបើប្រើប្រាស់ទំនាញព្រះចន្ទ ជាកម្លាំងរុញច្រានខ្លួនវាឲ្យត្រលប់មកកាន់ភពផែនដីវិញ តាមរយៈការទម្លាក់ខ្លួនដោយឆ័ត្រយោងទៅលើមហាសមុទ្រនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ (ពេលវេលានៅសហរដ្ឋអាមេរិក)៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២)
