HOT NEWS: តេឡេស្កូប James Webb ឆ្លុះមើលភព WASP-39b ជាថ្មី និងបញ្ជាក់សមាសធាតុផ្សំក្នុងបរិយាកាស!
(បរទេស)៖ តេឡេស្កូបអវកាស James Webb ទើបតែបានឆ្លុះមើលបរិយាកាសភព WASP-39b ជាថ្មី និងបង្ហាញភាពលម្អិតមិនធ្លាប់មានពីមុនមក នោះគឺម៉ូលេគុលក្នុងបរិយាកាស និងសមាសធាតុគីមីផ្សំសំខាន់ៗ ដែលភពមានរហស្សនាមថា Hot Saturn មួយនេះមាន។
អ្វីដែល James Webb បានឆ្លុះមើលឃើញក្នុងបរិយាកាសភព WASP-39b ជាថ្មី និងបន្ថែមទៀតនោះមានដូចជា ទឹក (water), ស៊ុលផួ ឌីអុកស៊ីត (sulfur dioxide), កាបូន ម៉ូណូអុកស៊ីត (carbon monoxide), សូដ្យូម (sodium) និង ប៉ូតាស្យូម (potassium) ក៏ដូចជាសញ្ញានៃវត្តមានពពកផងដែរ។

ខាងលើនេះ គឺជាការគូសបញ្ជាក់បន្ថែម និងកាន់តែច្បាស់លាស់ជាងមុនទៀត អំពីសមត្ថភាពរបស់ James Webb មុននឹងតេឡេស្កូបអវកាសតម្លៃជិត ១០ពាន់លានដុល្លារអាមេរិកមួយនេះ ឈានទៅឆ្លុះមើលភពចម្បងៗ នៅក្នុងប្រព័ន្ធផ្សេងៗទៀត ក្នុងនោះដូចជា TRAPPIST-1 ជាដើម។
គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០២២ តេឡេស្កូបអវកាស James Webb ក៏បានឆ្លុះរកឃើញកាបូនឌីអុកស៊ីត (CO2) នៅក្នុងបរិយាកាសភព WASP-39b នោះផងដែរ និងត្រូវបានចាត់ទុកថា ជាការរកឃើញវត្តមាន CO2 ដំបូងបំផុតមិនធ្លាប់មាន នៅក្នុងបរិយាកាសភពនៅប្រព័ន្ធផ្កាយដទៃ។

សម្រាប់តេឡេស្កូបអវកាស James Webb វិញ គឺមានបំពាក់នូវឧបករណ៍ពិសេស សម្រាប់ឆ្លុះមើលវិសាលគមពណ៌នៃពន្លឺ នៅក្នុងបរិយាកាសរបស់ភពមួយ នៅពេលបរិយាកាសភពនោះប៉ះត្រូវនឹងពន្លឺផ្កាយរបស់វា។ ពណ៌នៃពន្លឺដែលត្រូវបានបំប្លែងចេញនៅក្នុងបរិយាកាសភពទាំងនោះ អាចប្រាប់ឲ្យយើងដឹងថា វាជាសមាសធាតុអ្វី។
គួរបញ្ជាក់ថា ភព WASP-39b មានចម្ងាយខ្ទង់ ៧០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) និងគោចរជុំវិញផ្កាយ WASP-39 ដែលស្ថិតនៅក្នុងតារានិករ វើហ្គោ (Virgo constellation)។ មូលហេតុដែលភពនេះត្រូវបានដាក់រហស្សនាមថា Hot Saturn ក៏ព្រោះតែវាមានទំហំប្រហាក់ប្រហែលនឹងភពសៅរ៍ តែវាស្ថិតនៅកៀកផ្កាយវា ជាងចម្ងាយរវាងភពពុធ (Mercury) និង ព្រះអាទិត្យយើងទៅទៀត៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២)
