ចិន៖ តេឡេស្កូប «ភ្នែកបង្កង» ថតរូបអវកាស២សន្លឹកនេះ ជាការតេស្តលេងៗសិន

341

(បរទេស)៖ តេឡេស្កូបអវកាសអង្កេតកាំរស្មីអ៊ិច (X-ray) មួយគ្រឿងរបស់ប្រទេសចិន នឹងត្រូវដាក់ឲ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះហើយ ប៉ុន្តែក្រុមតារាវិទូចិនក៏បានឆ្លៀតពេលតេស្តវាបន្តិច ដើម្បីស្វែងយល់អំពីសមត្ថភាពផងដែរ។

ការអភិវឌ្ឍតេឡេស្កូប LEIA (រូបភាពពី CGTN)

តេឡេស្កូបអវកាសថ្មីរបស់ចិននេះមានឈ្មោះថា LEIA (The Lobster Eye Imager for Astronomy) ឬយើងអាចដាក់រហស្សនាមឲ្យវាថា «ភ្នែកបង្កង»។ បើតាមអាជ្ញាធរចិន LEIA នឹងត្រូវបាញ់បញ្ជូនទៅកាន់ទីអវកាស នៅអំលុងខែកក្កដា ឆ្នាំ២០២៣ ដោយត្រូវដាក់បន្តុបជាប់ជាមួយផ្កាយរណបមួយគ្រឿងឈ្មោះ SATech-01 ជារបស់ប្រទេសចិនដូចគ្នា។

Cygnus Loop Nebula ថតដោយតេឡេស្កូបអវកាស GEE (Galaxy Evolution Explorer) របស់អង្គការ NASA

តាមរយៈការឈានជើងចូលទៅកាន់ ការស្រាវជ្រាវទីអវកាសប្រកបដោយភាពស្មុគស្មាញ ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួននេះ ចិនបានធ្វើតេស្ត LEIA ដោយការថត បណ្តុំពពកធូលី (Nebula) មួយមានឈ្មោះថា ស៊ីកណឹស លូព (Cygnus Loop) និងប្រព័ន្ធផ្កាយភ្លោះឈ្មោះ ស្ករពាស អ៊ិច ១ (Scorpius X-1)

ចិន៖ តេឡេស្កូប «ភ្នែកបង្កង» ថតរូបអវកាស២សន្លឹកនេះ ជាការតេស្តលេងៗសិន
នេប៊ូឡា Cygnus Loop ថតតេស្ត LEIA (Image credit: CAS/DSS)

Cygnus Loop ជាបណ្តុំពពកធូលីនេប៊ូឡា (កាកសំណល់នៃផ្កាយផ្ទុះ) ដែលមានពន្លឺស្រអាប់ និងពិបាកឲ្យតេឡេស្កូបថតបានបំផុត ខណៈវាមានចម្ងាយ ២,៦០០ឆ្នាំពន្លឺពីភពផែនដី។ ដោយឡែកប្រព័ន្ធផ្កាយភ្លោះឈ្មោះ Scorpius X-1 មានចម្ងាយជាង ៩,០០០ឆ្នាំពន្លឺពីផែនដី និងស្ថិតក្នុងតារានិករ Scorpius ហើយវាជាផ្កាយមួយដួង គោចរជុំវិញតារាណឺត្រុងមួយ

ប្រព័ន្ធផ្កាយភ្លោះ Scorpius X-1 ថតតេស្តដោយ LEIA (Image credit: CAS/DSS)

គួរបញ្ជាក់់តាមក្រុមអ្នកស្រាវជ្រាវមកពី បណ្ឌិតសភាវិទ្យាសាស្ត្រចិន (CAS) បានថ្លែងជុំវិញលទ្ធផលខាងលើនេះថា «ពួកវាជារូបភាព X-ray ដ៏ទូលំទូលាយពិតៗ អំពីបាតុភូតអវកាស ដែលយើងបានអង្កេតជាលើកដំបូង តាមរយៈតេឡេស្កូបផ្តិតរូបភាពមួយ ដែលអាចធ្វើការផ្តោត (Focus) ទៅលើទីតាំងណាមួយ»

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២)

480×240 Banner