អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ (មានរូបភាព)
(សៀមរាប)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) និងរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ បានសហការគ្នាប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីលើកកម្ពស់ការយល់ដឹង ការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍។
ពិធីនេះបានធ្វេីឡេីងក្រោមវត្តមានរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ព្រមទាំងលោក លោកស្រី មន្ទីរ អង្គភាព និងមានការចូលរួមពីតំណាង រាជរដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលជាច្រេីនរូប។
ព្រឹត្តិការណ៍នេះ ក៏មានគោលបំណងលើកកម្ពស់ការយល់ដឹង លើកកម្ពស់ការបង្ការ ការឆ្លងមេរោគអេដស៍ ការធ្វើតេស្តរកមេរោគអេដស៍ ការព្យាបាល និងគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍/ជំងឺអេដស៍ នៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោកផងដែរ។
ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន បានលើកឡើងថា យោងតាមអង្គការ UNAIDS បានឲ្យដឹងថា ប្រជាជនប្រហែល ៤០លាននាក់នៅទូទាំងពិភពលោកកំពុងរស់នៅជាមួយមេរោគអេដស៍ ដែលជាងពាក់កណ្តាលនៃពួកគេជាស្ត្រី និងកុមារី។ ការឆ្លងថ្មីប្រមាណ ១.៣លាននាក់ជារៀងរាល់ឆ្នាំ ការមាក់ងាយ និងការរើសអើង បានបន្តរារាំងបុគ្គលពីការស្វែងរកការថែទាំចាំបាច់ ហើយប្រជាជនជាច្រើនកំពុងប្រឈមមុខនឹងឧបសគ្គដ៏ច្រើន ក្នុងការទទួលបានការព្យាបាល។
លោកបន្តថា បញ្ហាប្រឈមទាំងនេះ ដោយសង្កត់ធ្ងន់លើតម្រូវការ ដើម្បីកំណត់ការឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ដែលជាអាទិភាពលើរបៀបវារៈសុខភាពសាធារណៈថ្នាក់ជាតិ និងពិភពលោក។ ជំងឺអេដស៍បច្ចុប្បន្ននេះកំពុងមានវត្តមាននៅជាមួយយើងរាល់ថ្ងៃ ដើម្បីទប់ស្កាត់ កាត់បន្ថយ ឬក៏លុបបំបាត់ឲ្យអស់នូវជំងឺនេះ គឺយើងមានតែចូលរួមទាំងអស់គ្នា។ ទិវានេះក៏យើងត្រូវឧទ្ទិសជូនទៅដល់អ្នកដែលខិតខំចូលរួមនៅក្នុងការទប់ស្កាត់ និងបំបាត់ ជំងឺអេដស៍នេះបានល្អប្រសើរ។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានលើកឡើងដែរថា ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍នៅតំបន់អាស៊ី គឺស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ។ ទោះបីជាទទួលបានជោគជ័យពីមុនក៏ដោយ ការកើនឡើងនៃការឆ្លងមេរោគអេដស៍ថ្មីក្នុងចំណោមប្រជាជនគន្លឹះ មានន័យថាយើងមិនទាន់ពេញចិត្តនៅឡើយ។
លោកបានបន្តថា រដ្ឋាភិបាលត្រូវតែផ្តល់អាទិភាពដល់ ការបង្ការ ការព្យាបាល និងសេវាថែទាំមេរោគអេដស៍ ដោយធានា ថាពុំមាននរណាម្នាក់ត្រូវមើលរំលងឡើយ។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់អ្នកតស៊ូមតិចំពោះមេរោគអេដស៍/ ជំងឺអេដស៍។
លោកបញ្ជាក់ថា ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ ក៏បានរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតទាក់ទងនឹងជំងឺអេដស៍ និងអ្នកដែលបន្តការប្រយុទ្ធ ព្រមទាំងអំពាវនាវឲ្យរដ្ឋាភិបាលទូទាំងពិភពលោក ប្តេជ្ញាផ្តល់ធនធានចាំបាច់ និងការគាំទ្រផ្នែកនយោបាយ ដើម្បីបញ្ចប់មេរោគអេដស៍/ជមជំងឺអេដស៍។
សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកលដែលផ្តល់សេវាមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការតស៊ូមតិដល់មនុស្សជាង២លាននាក់ក្នុង ៤៨ប្រទេសទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្ន AHF គឺជាអ្នកផ្តល់សេវាថែទាំសុខភាពអេដស៍/ជំងឺអេដស៍ដ៏ធំបំផុត ដែលមិនស្វែងរកប្រាក់ចំណេញនៅក្នុងពិភពលោក៕