ពិតជាអស្ចារ្យ! នេះជារូបភាព «2 in 1» នៃ Pillars of Creation ថតដោយ James Webb (មានវីដេអូ)

220

(បរទេស)៖ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ទើបតែបានធ្វើការច្របាច់រូបភាពចំនួន ២ សន្លឹករបស់បណ្តុំពពកធូលី-ឧស្ម័ន ដ៏ល្បីល្បាញនៃទីអវកាសមានឈ្មោះថា​ «the Pillars of Creation» ឬ «សសរស្តម្ភនៃការបង្កើត» ឲ្យទៅជារូបភាពមួយសន្លឹក ដែលនាំឲ្យមានភាពវិសេសវិសាល ស្ទើរមិនគួរឲ្យជឿ។

ពិតជាអស្ចារ្យ! នេះជារូបភាព «2 in 1» នៃ Pillars of Creation ថតដោយ James Webb
រូប ២ សន្លឹករួមបញ្ចូលតែមួយនៃ the Pillars of Creation (រូបភាពពី NASA ESA CSA)

ភាពស្រស់ស្អាតដ៏មានឥទ្ធិពលនៃរូបភាពថ្មីមួយសន្លឹកនេះ គឺបានមកពីការរួមគ្នារវាងរូបមួយសន្លឹកដែលត្រូវបានថតដោយ ឧបករណ៍ផ្តិតយកពន្លឺក្រហមអាំងហ្វ្រាជិត (NIRI) និងរូបមួយសន្លឹកទៀតបានមកពី ឧបករណ៍ផ្តិតយកពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម (MIRI) ដែលសុទ្ធសឹងតែស្ថិតនៅលើខ្លួន តេឡេស្កូបអវកាស James Webb ដូចគ្នា។

(រូបភាពពី NASA ESA CSA)

* តាមរយៈរូបភាពផ្តិតដោយឧបករណ៍ NIRI យើងអាចមើលឃើញ តារាជាច្រើនដួងនៅចំពោះមុខតែម្តង ហើយយើងក៏ឃើញមាន តំបន់ដែលផ្កាយថ្មីៗកំពុងកកើត ដែលមានពណ៌ទឹកក្រូចៗ នៅខាងក្រៅនៃបណ្តុំពពកធូលី-ឧស្ម័ន the Pillars of Creation នោះផងដែរ។

the Pillars of Creation ថតដោយ NIRI (រូបភាពពី NASA ESA CSA)

* សម្រាប់រូបភាពផ្តិតដោយឧបករណ៍ MIRI វិញ យើងអាចមើលឃើញវត្តមាន បណ្តុំពពកធូលីយ៉ាងច្បាស់តែម្តង ព្រមទាំងជាស្រទាប់ៗផងដែរ។ អ្វីដែលពិសេសនោះ រូបភាពពី MIRI ឲ្យយើងឃើញវត្តមានតំបន់កកើតផ្កាយពណ៌ទឹកក្រូចៗ ដែលកប់នៅតាមជាយៗនៃ the Pillars of Creation ជាពិសេសត្រង់តំបន់ដែលមានរាងជា អក្សរ V នោះឯង។ សម្រាប់តំបន់ខ្មៅៗនោះ គឺបង្ហាញអំពីភាពក្រាស់ឃ្មឹកនៃពពកធូលី និងឧស្ម័ន ដែលបិទបាំងយើងមិនឲ្យមើលឃើញដល់ផ្ទៃក្នុងវា។

the Pillars of Creation ថតដោយ MIRI (រូបភាពពី NASA ESA CSA)

ភាពវិសេសវិសាលស្ទើរមិនគួរឲ្យជឿ ​បានមកពីការច្របាច់រូបភាព ២ សន្លឹក ឲ្យចេញជារូបភាពតែ ១ សន្លឹកនេះ គឺយើងអាចមើលឃើញទិដ្ឋភាព the Pillars of Creation ក្នុងលក្ខណៈលម្អិតស្ទើរគ្រប់ជ្រុងជ្រោយ និងស្រស់ស្អាតប្លែកភ្នែកបំផុតមិនធ្លាប់មាននោះឡើយ នៅក្នុងប្រវត្តិសាស្ត្រនៃការផ្តិតរូបអវកាស នាប៉ុន្មានទស្សវត្សរ៍មកនេះ។

គួរបញ្ជាក់ថា the Pillars of Creation មានភាពល្បីល្បាញជាលើកដំបូង ក្រោយពីតេឡេស្កូបអវកាស Hubble បានផ្តិតរូបភាពវាជាលើកទី ១ នៅឆ្នាំ១៩៩៥ និងម្តងទៀតនៅឆ្នាំ ២០១៤The Pillars of Creation គឺជាផ្នែកតូចមួយប៉ុណ្ណោះ នៃបណ្តុំពពកធូលី-ឧស្ម័ននេប៊ូឡាមានឈ្មោះថា Eagle Nebula (នេប៊ូឡាឥន្ទ្រី) ដែលមានចម្ងាយខ្ទង់ ៦,៥០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២)