អង្គការ NASA កំពុងរងសម្ពាធយ៉ាងខ្លាំង ក្រោយពី SpaceX «ប្រកាសនាំមនុស្សទៅជាន់ដីភពអង្គារ នៅឆ្នាំ២០២២» ដែលលឿនជាងគំរោង NASA រហូតដល់ ១០ឆ្នាំ!
(វ៉ាស៊ីនតោន)៖ សេចក្តីប្រកាសរបស់សហគ្រិន-មហាសេដ្ឋីលោក Elon Musk ដែលជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនអវកាស SpaceX កាលពីសប្តាហ៍មុន ស្តីពីការពន្លឿនគម្រោងការ សម្រាប់បេសកកម្មបញ្ជូនមនុស្ស ទៅកាន់ដែនដីនៃភពអង្គារ (Mars) បានបង្កជាសម្ពាធយ៉ាងខ្លាំង ទៅលើកិច្ចប្រឹងប្រែងរបស់ទីភ្នាក់ងារអវកាស NASA ដែលមានគោលដៅដូចគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។

ដោយសារតែលោក Elon Musk បានដាក់ចេញជាសាធារណៈនូវ កាលបរិច្ឆេទកំណត់មួយ ដែលឆាប់រហ័សជាង NASA បែបនេះ ហើយចក្ខុវិស័យរបស់លោក ត្រូវបានអះអាងថា មានតម្លៃធូរថ្លៃជាង និងអាចប្រើប្រាស់ការឧបត្ថម្ភជាចម្បង តាមរយៈកញ្ចប់មូលនិធិឯកជនទៀតនោះ ការជជែកដេញដោល ដែលពុំធ្លាប់មានពីមុនមក កំពុងតែពុះកញ្ច្រោលឡើង ជុំវិញទិសដៅនៃគោលការណ៍ របស់ទីភ្នាក់ងារអវកាសអាមេរិក។
ក្រុមអ្នកជំនាញផ្នែកអវកាស បានចាត់ទុកផែនការដាក់ចេញដោយក្រុមហ៊ុន SpaceX របស់លោក Musk ក្នុងការបញ្ជូនមនុស្សឲ្យទៅជាន់លើភពក្រហម Mars ក្នុងអំឡុងពេលពាក់កណ្តាលទសវត្សក្រោយនេះ ពោលគឺនៅឆ្នាំ២០២៤ ថា ជាការជឿជាក់មួយឲ្យប្រកបដោយសុទិដ្ឋនិយមខ្ពស់។ សម្រាប់អ្នកខ្លះទៀត កាលបរិច្ឆេទកំណត់ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ របស់លោក Musk ហាក់ដូចជាពោពេញដោយមហិច្ឆតាធំបន្តិចហើយ សូម្បីតែសម្រាប់បេសកកម្មទៅកាន់ឋានព្រះច័ន្ទ។

ដោយឡែក អង្គការ NASA ពុំបានសញ្ចឹងគិតថានឹងនាំយកក្រុមអ្នកអវកាសរបស់ខ្លួន ទៅដល់ភពអង្គារ ក្នុងអំឡុងពេល០៥ឬ០៦ឆ្នាំខាងមុខនោះឡើយ គឺយ៉ាងហោចណាស់ក៏មួយទសវត្សទៀតដែរ ហើយសូម្បីតែដូច្នេះក៏ដោយ NASA នៅតែកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើនផងដែរ ដូចជាកង្វះខាតការឧបត្ថម្ភជាដើម។ ម្យ៉ាងវិញទៀត បន្ទាប់ពីក្រុមហ៊ុន SpaceX បានប្រកាសពីកាលបរិច្ឆេទដ៏លឿនរហ័សបែបនេះ NASA កាន់តែមានផលលំបាកខ្លាំងថែមទៀត ក្នុងការនិយាយការពារខ្លួន នៅចំពោះមុខការរិះគន់ដែលថា គម្រោងរបស់ខ្លួន ត្រូវការចំណាយយូរពេកហើយ។

អតីតអ្នកស្រាវជ្រាវវិស័យអវកាសម្នាក់ របស់រដ្ឋាភិបាលអាមេរិក បាននិយាយថា ប្រសិនបើក្រុម SpaceX ទទួលជោគជ័យមែននោះ វានឹងធ្វើឲ្យកម្មវិធីអភិវឌ្ឍន៍គ្រាប់រ៉ុក្កែតនិងយានអវកាសរបស់ NASA ប្រៀបដូចជាឧបករណ៍ចាស់បុរាណ ដែលហួសសម័យ តាំងពីជំនាន់សតវត្សទី២០អ៊ីចឹង ក៏ប៉ុន្តែការសម្រេចមហិច្ឆតាដ៏ធំសម្បើមនេះ ក៏ពុំមែនជារឿងងាយៗនោះដែរ៕
