តើបងប្អូនដឹងទេ? បច្ចុប្បន្នមនុស្សចំនួន «៧.៦ពាន់លាននាក់» ធ្វើឲ្យផែនដីពិបាកទ្រទ្រង់ណាស់ ហើយបើចង់រស់នៅបានសុខ គឺយើងត្រូវការផែនដីចំនួន…
(បរទេស)៖ មានការលើកឡើងថា ប្រសិនបើមនុស្សគ្រប់គ្នានៅលើលោកនេះ ប្រើប្រាស់ធនធាននៃភពរបស់យើង ដូចទៅនឹងប្រជាជនអាមេរិកទាំងអស់គ្នានោះ គេត្រូវការភពផែនដីចំនួន ០៤ ទើបអាចទ្រទ្រង់មនុស្សរាប់ពាន់លាននាក់នេះ ឲ្យរស់នៅប្រកបដោយភាពសុខដុមបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។

ប្រជាជនប្រមាណជាង ៧.៦ពាន់លាននាក់ នៅលើផែនដីប្រើប្រាស់ធនធាន នៃភពរបស់យើង ក្នុងបរិមាណខុសៗគ្នា។ តួយ៉ាងសាកល្បងប្រៀបធៀបជីវភាពរស់នៅដ៏សាមញ្ញរបស់ប្រជាកសិករ ទៅនឹងអ្នកមានស្តុកស្តម្ភ ដែលរស់នៅក្នុងទីក្រុងទំនើប នៃបណ្តាប្រទេសអភិវឌ្ឍន៍។ ស្រមៃមើលពីបរិមាណនៃធនធាន ដែលចាំបាច់សម្រាប់បម្រើ ក៏ដូចជាបំពេញតម្រូវការជនទាំងអស់នេះ ដោយជាក់ស្តែងពលរដ្ឋអាមេរិក ជាមធ្យមប្រើប្រាស់ធនធានរបស់ផែនដី ច្រើនជាងប្រជាជននៅតាមប្រទេសដទៃៗទៀត ដែលមិនសូវ ឬក៏កំពុងអភិវឌ្ឍន៍ ដូច្នេះហើយទើបគេអាចគណនាបានថា មនុស្សសរុប ៧.៦ពាន់លាននាក់ ត្រូវការផែនដីពី ០៤ ទៅ០៥។

គួរបញ្ជាក់ថា សព្វថ្ងៃចំនួនប្រជាជនសរុបនៅលើផែនដី គិតមកដល់ខែតុលា ឆ្នាំ២០១៧នេះ គឺប្រមាណ ៧.៦ពាន់លាននាក់ ហើយអង្គការសហប្រជាជាតិបានព្យាករណ៍ទុកទៀតថា តួលេខនេះនឹងបន្តកើនដល់ ១១.២ពាន់លាននាក់ នៅឆ្នាំ២១០០។ ដូច្នេះលោកអ្នកអាចប្រមើមើលបានថា តើនឹងមានរឿងអ្វីកើតឡើង នៅពេលដែលចំនួនមនុស្សកាន់តែកើន ផ្ទៃដីនៅដដែល ប៉ុន្តែធនធានសម្រាប់ទ្រទ្រង់ពួកគេកាន់តែខ្សត់ខ្សោយខ្លាំងនោះ?


